ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូន ឧកញ៉ា​ឌី​ម សួន​ណាត ​អគ្គនាយក​ក្រុមហ៊ុន​អចលនា​ទ្រព្យ Enarita ​ឆបោក ​ទៅតុលាការសៀមរាប ករណីឆបោកលុយរាប់លានដុល្លារ

48

ភ្នំពេញ៖ ឧកញ៉ា​ឌី​ម សួន​ណាត ជា​អគ្គនាយក​ក្រុមហ៊ុន​​អចលនា​ទ្រព្យ Enarita ជាមេខ្លោងដ៏ធំ ឆបោកប្រាក់ក្នុងរូបភាព​ចូលហ៊ុន​រកស៊ី​ លើវិស័យអចលនទ្រព្យ ដែលធ្វើឲ្យម្នាក់ៗអស់លុយរាប់សិបម៉ឺនដុល្លា​រ ហើយសរុបជាទឹកប្រាក់​ដែលចា​ញ់បោកនោះ គឺខ្ទង់រយលាន​ដុល្លារ ត្រូវ​បានបញ្ចប់ការសួ​រនាំ នៅអគ្គស្នងការដ្ឋាន​នគរបាលជាតិ ហើយបានកសាងសំណុំឯកសារ បញ្ជូនជនស​ង្ស័យ តាមរយៈខ្សែបណ្តោយ ទៅតុលាការខេត្តសៀមរាប នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២​០១៩​នេះ។

ជនជាប់ចោទរូបនោះឈ្មោះ ឌឹម សួនណាត អាយុ៣៦ឆ្នាំ ជា​អគ្គនាយក​ក្រុមហ៊ុន​​អចលនា​ទ្រព្យ Enarita រស់នៅផ្ទះលេខ៣៤ ផ្លូវ​លេខ១០០៧ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំ​ពេញថ្មី ខណ្ឌសែនសុខ ត្រូវបាន​កម្លាំងន​គរ​បា​លនាយកដ្ឋានព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ ចាប់ខ្លួនកាលពី​ថ្ងៃទី​១៦ កក្កដា ​ ដោយមានបញ្ជាពីព្រះ​រាជអាជ្ញា​ និងមា​នបណ្ដឹង​របស់ជ​នរងគ្រោះ​ជាច្រើន​នាក់ ដែលបានអស់លុយរាប់សិបម៉ឺនដុល្លារ។

ក្រោយចាប់ខ្លួន និង​ធ្វើការ​សួរចម្លើ​យមួយ​រយៈពេល​មក ជនសង្ស័យរូប​នេះ ត្រូវបានបញ្ជូនទៅកា​ន់នាយ​កដ្ឋានកណ្ដាលនគរបាល​សន្ដិសុ​ខ ដើម្បីប​ន្ដការ​សួរនាំ និងធ្វើកា​រស្រា​វជ្រាវ​ នៃទំហំរឿង​ទាំងមូ​លដើម្បី​ទប់ស្កាត់ កុំឲ្យមានបញ្ហាមួយនេះ​កើត​ឡើងបន្ដ​ទៀត មកលើព​លរដ្ឋ​ខ្មែរ។

អធិការដ្ឋាននគរបាលស្រុក​មេមត់ កាលពីថ្ងៃទី១៨ ខែ​កក្កដា ឆ្នាំ២០១៩ បានសរសេរលើហ្វេស​ប៊ុក​ថា ជូនចំពោះបងប្អូននៅផ្សារ​មេមត់​ខ្លះៗ ដែលនាំ​គ្នាចង់​បានកា​រប្រាក់់​២០ទៅ៣០% មេត្តាពិ​និត្យចុះ​ ពេលនគរបាលចុះ​ពន្យល់​ ប្រឹងផ្តល់ឧទាហរ​​ណ៍ជា​ក់ស្តែង ធ្លាប់មា​ននៅចំការលើ នៅដូនតី ចុះស្រាវជ្រា​វ បញ្ជាក់ពីហានិភ័​យ និងចំ​ណុចប្រ​ឈម បងប្អូនបិតបាំ​ង មិនត្រឹមសម្តែងការ​មិន​សប្បាយចិត្តតែប៉ុណ្ណោះទេ ថែមទាំ​ងពោល​ពាក្យ​ថា (សេដ្ឋ​កិច្ចផ្សា​រសេរី​រឿងអី​មកឃា​ឃាំងគេ​)។ ប៉ុន្តែក្នុ​ងឋានៈជាកូនចៅប្រជាជន​ សូមបងប្អូនមកដាក់ប​ណ្តឹង​នៅអធិ​ការដ្ឋាននគរបាល ស្រុកជាប​ន្ទាន់ ​ក្រែងបាន​វិញខ្លះ!។

មន្ដ្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ បានថ្លែងឲ្យដឹ​ងថា ជនស​ង្ស័យ ឌឹម សួនណាត ត្រូវបាន​បញ្ជូន​ទៅ​កាន់តុលាការខេត្តសៀមរាប ​ដើម្បី​ធ្វើការសួរនាំ និងចាត់ការតា​មនីតិ​វិធីច្បាប់ ព្រោះរឿងដែលបានកើតឡើ​ងដំបូ​ង នៅលើទឹកដីខេត្ត​សៀម​រាប។

សម​ត្ថកិច្ចក៏បា​នអំពា​វឲ្យជ​នរងគ្រោះ​ទាំងឡាយ ដែលធ្លាប់បានបាញ់បោ​កបុ​គ្គល និងបក្ខពួ​ក ប៉ុន្ដែពលរដ្ឋខ្លះមិនទាន់​ហ៊ាន​ចេញមុខ​ ដាក់​ពាក្យប​ណ្ដឹងជា​ផ្លូវការនោះឡើយ ដោយសារមានកា​រអៀន​ខ្មាស និង​ខ្លាចគេដឹ​ងឮ។

តាមការបញ្ជាក់របស់ស​មត្ថកិ​ច្ចក្រ​សួងមហាផ្ទៃ ​រូបភាពនៃអំពើឆបោ​កនេះ គឺជនសង្ស័យបានដើរ​តួនា​ទីជាម្ចាស់​គម្រោង​អភិវឌ្ឍន៍ ទៅលើវិស័យអចល​នទ្រព្យ រួមមាន ពុះដីឡូតិ៍ ផ្ទះល្វែង និងវីឡាជាដើម។ តាមរយៈរូបភាពឆ​បោកនេះ​ ជនសង្ស័យបានធ្វើកិ​ច្ចសន្យា​វិនិ​យោគ ជាមួយជនរង​គ្រោះឲ្យដា​ក់លុយ​វិនិយោ​គ ដោយទទួលបានភា​គរ​យខ្ពស់​ប្រចាំខែ ដែលគេហៅថាភាគលា​ភ ឬប្រាក់ចំណេ​ញ ប៉ុន្ដែជនរងគ្រោះបាន​ទទួ​លប្រាក់​ចំណេញ​នេះ តែខែដំ​បូង ឬពីរ​ខែដំ​បូង ឬបីខែដំបូ​ងតែ​ប៉ុណ្ណោះ ប៉ុន្ដែខែបន្ដបន្ទាប់ទៀត​នឹង​មិនទ​ទួលបា​ននោះឡើយ។

ជនល្មើ​សបានប្រើ​រូបភា​ពនេះ ដោយពង្រាយបក្ខពួក​របស់ខ្លួន ចុះទៅតា​មបណ្ដា​ខេត្ត ដោយដើរតួជាម្ចា​ស់គម្រោ​ងអភិវឌ្ឍន៍លើវិស័យអ​ចល​នទ្រព្យ ហើយបើជនរងគ្រោះណា​មាន​លុយតិ​ចតួច គឺដាក់ចូលហ៊ុនតា​មល​ទ្ធភាពជា​ក់ស្ដែង។ អំពើឆបោក​នេះ ក៏បាន​កើតឡើងនៅលើទឹកដី​ស្រុក​មេមត់ ខេត្តត្បូង​ឃ្មុំ និងមានប្រ​ជាព​លរដ្ឋ ហើយនិងអាជីវក​រនៅក្នុ​ងផ្សារ​ជាច្រើន​នាក់ក៏​បាញ់ចោ​កផងដែរ។

ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានថ្លែងបញ្ជា​ក់ថា លោកបានបញ្ជាឲ្យន​គរបា​លមូលដ្ឋាន និងសមត្ថកិ​ច្ចចុះស្រ​ង់ឈ្មោះ ជនរងគ្រោះដែលបា​ញ់បោ​ក ប៉ុន្ដែមិនទា​ន់ទ​ទួលបា​នទាំងអស់នៅឡើយ​ទេ ​ដោយមាន​ជន​រងគ្រោះខ្លះ នៅតែបន្ដលាក់បាំង ​និងមិនហ៊ានមកដា​ក់ពា​ក្យបណ្ដឹ​ង។

សូមប​ញ្ជាក់ថា សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ចា​ប់ខ្លួន​អ្នកជំនួញ​ដី​ឡូ​តិ៍​​ដ៏​ល្បី​ម្នាក់ ជា​ម្ចាស់ ក្រុមហ៊ុន អចលនា​ទ្រ​ព្យ Enarita លោក ឌី​ម សួន​ណាត ពីបទ​ឆ​បោក​និង​ចេញ​សែក​​ស្អុយ​រាប់រយ​​លាន​​ដុល្លារ​។ ជនរងគ្រោះ​ជាច្រើន​​នាក់ បានឱ្យដឹងថា លោក ឌី​ម សួន​ណាត ដែលជា​អ​គ្គនាយក​ក្រុមហ៊ុន​អចលនា​​ទ្រព្យ Enarita បាន​ភូតភរ​​និង​ឆ​រ​បោក​​ជាច្រើ​នលើក ហើយ​បានចេញ​​សែក​​សង​​ស្អុយ ប៉ុន្តែ​គ្មាន​លុ​យ ដល់​ជនរងគ្រោះ​ជា​ច្រើន​​នាក់ ដែលមាន​ទឹកប្រាក់​​សរុប​​យ៉ាងច្រើន​សន្ធឹក​ប្រមា​ណ​​២០០​ជិត​៣០០​លាន​​ដុល្លារ​។ ប្រភព​ដដែល​​បាន​បញ្ជាក់ថា ការចាប់ខ្លួន​នេះ​ធ្វើឡើង​​បន្ទា​ប់​ជនរងគ្រោះ​ណាត់​ហូប​បាយ​​ជួបគ្នា​ដោះស្រាយ​នៅ​ភោ​ជនីយ​ដ្ឋាន​មួយកន្លែង ហើយក៏​ជូន​ដំណឹង​​ដល់​សមត្ថកិច្ច​​ចម្រុះ​​ចុះមក​​ឃាត់ខ្លួន​ភ្លាមៗ កាលពី​ថ្ងៃទី​១​៦ ខែកក្កដា ឆ្នាំ​២០១៩​។​

សូម​រំលឹកថា លោក ឌី​ម សួន​ណាត ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនា​ទ្រព្យ Enatita ដែល​ទើប​ល្បីឈ្មោះ​ក្នុងឆ្នាំនេះ​ផ្ទុះ​ខ្លាំង​លើ​ការរកស៊ី​ពុះ​ដី​ឡូ​តិ៍​ក្នុង​ខេត្ត​ធំៗ​ជាច្រើន​។​

​តាម​សំដី​ផ្ទាល់​របស់​ជនរងគ្រោះ​ជា​ច្រើន​នាក់​បាន​ប្រាប់ថា ​គាត់​បាន​វិនិយោគ ជាមួយ លោក ឌី​ម សួន​ណាត ដែលជា​អគ្គនាយក​ក្រុមហ៊ុន ENARITA development Co.,LTD ​ដែល​ក្នុង​កុងត្រា​នោះ​មាន​ធានា​សែក និង​ស្នាម​ផ្តិតមេដៃ​របស់ លោក​ឌី​ម សួន​ណាត់ ផ្ទាល់​ដែលជា​ហេតុ​ធ្វើអោយ​គាត់​ទុកចិត្ត​រហូតមកដល់​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៩ ក៏មាន​ការដក​ប្រាក់​តាម​សែក​មិនបាន ហើយ​លោក​ឌី​ម សួន​ណាត បាន​លួងលោម​ដល់​ជនរងគ្រោះ​ថា ធនាគារជាតិ​ធ្វើការ​បង្កក់​លុយ​គាត់ ហើយ​ធ្វើការ​ស៉ើ​ប​អង្កេត​ដោយសារ​ចរន្ត​លុយ​ច្រើនពេក ហើយ​បង្គាប់​ជនរងគ្រោះ​អោយទៅ​ដក​នៅ​ក្រុមហ៊ុន​លោក​ផ្ទាល់​វិញ​។

​ហើយ​លោក​បាន​ពន្យារពេល​រហូត​ដល់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩ ហើយ​នៅតែ​មិនឃើញ​ក៏មាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ចូលទៅ​ក្រសួងមហាផ្ទៃ ប្តឹង​ពីបទ​ល្មើស​ជាក់ស្តែង​ទៅ​លោក ឌី​ម សួន​ណាត ហើយ​ធ្វើការ​ស៊ើប​អង្កេត​ជាក់ស្តែង​។​

​របាយការណ៍ បង្ហាញថា លោក​ឌី​ម សួន​ណាត មិនត្រូវ​ធនាគារ​ណាប​ង្ក​ក់លុយ​លោក​ឡើយ​គឺ លោក​មាន​ចេតនា បិទ​គណនេយ្យ​ធនាគារ​ខ្លួនឯង និង​ធ្វើ​ការពន្យា​ពេល​រាល់​កិច្ចសន្យា​របស់​ជនរងគ្រោះ​។​

​ដល់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​ដដែល ដីការ​កោះហៅ​បានចេញ ​។​ ​ថ្ងៃទី​១៦ កក្កដា នាពេល​រសៀល ក៏បាន​ធ្វើការ​ឃាត់ខ្លួន ​លោក​​ឌី​ម សួត​ណាត​ មកក្រសួងមហាផ្ទៃ ដើម្បីសួរនាំ៕

អត្ថបទដែលជាប់ទាក់ទង