ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពីបទ រំលោភលើទំនុកចិត្ត

14

(បន្ទាយមានជ័យ)៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងជនសង្ស័យ ០១នាក់ ពីបទ រំលោភលើទំនុកចិត្ត បញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធីនៅថ្ងៃទី១២មិថុនានេះ។

ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ១៤នាទី នៅចំណុចផ្សារដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការ ប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី រំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានឲ្យដឹងថា ៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ លឹម ជីម៉េង ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាងកាត់សក់ មានទៅលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបំភ្លឺឲ្យដឹងថា ៖ នៅថ្ងៃកើតហេតុ ជនសង្ស័យឈ្មោះ សេង វីស្សា(ហៅ តា) ភេទ ប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិ/សង្កាត់ជាមួយគ្នា ជាកូនជាងក្នុងហាងកាត់សក់ ហើយខ្លួន(ជនរងគ្រោះ) បានទិញម៉ូតូម៉ាក ឃ្លិក ពណ៌ស ស៊េរីឆ្នាំ២០១៩ ០១គ្រឿងទុកសម្រាប់ជិះបម្រើការងារក្នុងហាងកាត់សក់ ចំណែកជនសង្ស័យ តែងតែជិះម៉ូតូនោះជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃកើតហេតុជនសង្ស័យបានជិះដើរលេងបាត់ជាច្រើនថ្ងៃ លុះត្រឡប់មកវិញមិនឃើញម៉ូតូ ពេលខ្លួន(ជនរងគ្រោះ)សួរនាំ ជនសង្ស័យឆ្លើយថា ម៉ូតូត្រូវបានមិត្តភ័ក្តគេខ្ចីបាត់ហើយ ដោយរយៈពេលយូរពេកមិនឃើញជនសង្ស័យយកម៉ូតូត្រឡប់មកវិញខ្លួនក៏សម្រេចចិត្តមកដាក់ពាក្យបណ្តឹងតែម្តង ។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញបានធ្វើការកោះហៅជនសង្ស័យមកសាកសួរ ។ ក្រោយពីធ្វើការសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ៖ ខ្លួនបានយកម៉ូតូរបស់ជនរងគ្រោះទៅលក់នៅខេត្តសៀមរាបបាត់ហើយ ក្នុងតម្លៃ ១.០០០ដុល្លា ។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ជនសង្ស័យខាងលើអាចត្រូវចោទពីបទ រំលោភលើទំនុកចិត្ត។ បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង