ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចស ខេង ជម្រុញអោយកម្លាំងសមត្ថកិច្ច បង្ក្រាបបទល្មើសចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមខារ៉ាអូខេ និងក្លឹបកំសាន្ត នៅក្នុងឆ្នាំ២០១៩នេះ

59
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជម្រុញអោយកម្លាំងសមត្ថកិច្ចទាំងអស់ បង្ក្រាបបទល្មើសចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមខារ៉ាអូខេ និងក្លឹបកំសាន្ត អោយបាននៅក្នុងឆ្នាំ២០១៩នេះ ហើយសម្តេច ស ខេង ក៏បានហាមមិនអោយមានការចាត់តាំងកម្លាំងនគរបាលទៅយាម កាម នៅតាមទីតាំងខារ៉ាអូខេក្លឹបកំសាន្ត និងនៅតាមកាស៊ីណូផងដែរ ។
   ការជម្រុញបែបនេះរបស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ ដោយត្រូវបានប្រកាស លោកប៉ា សុជាតិវង្ស ជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ដែលមានសមាជិកក្រុមប្រឹក្សាចំនួន២៧រូប។
   សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា
នៅឆ្នាំ២០១៩នេះ សមត្ថកិច្ចរបស់យើងត្រូវតែបញ្ចប់អោយបាននូវការចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមខារ៉ាអូខេ និងក្លឹបកំសាន្ត ព្រោះថានេះជាការទទួលខុសត្រូវដ៏ធំធេង និងធ្ងន់ធ្ងន់បំផុតចំពោះមុខប្រវត្តិសាស្រ្តរបស់យើងទាំងអស់គ្នា។ ដូច្នេះទេកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទូទាំង២៥រាជធានី-ខេត្ត ត្រូវរួមគ្នាលុបបំបាត់បទល្មើសមួយនេះ នៅក្នុងខារ៉ាអូខេ និងក្លឹបកំសាន្តនេះអោយបាន។

ក្នុងឱកាសនោះដែរ សម្តេច ស ខេងក៏បានចេញបញ្ជាមួយទៀត គឺ ហាមមិនអោយមានការចាត់តាំងកម្លាំងនគរបាលទៅយាមនៅទីតាំងកាស៊ីណូ ខារ៉ាអូខេ និងក្លឹបកំសាន្ត ដែលសង្ស័យជាទីតាំងប្រព្រឹត្ត គ្រឿងញៀនឡើយ ព្រោះថាបើកម្លាំងទៅយាមនៅទីនោះ ដូចទៅយាមកន្លែងគ្រឿងញៀនអញ្ចឹងដែរ ស្របពេលដែល ក្រសួងមហាផ្ទៃកំពុងធ្វើសេចក្តីព្រាងច្បាប់ ពាក់ព័ន្ធរឿងនេះ។

គួររំលឹកថា ក្នុងរយៈពេលចុងក្រោយនេះ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងខារ៉ាអូខេ និងក្លឹបកំសាន្តធំៗ ដោយបានឃាត់មនុស្សរាប់រយនាក់ និងគ្រឿងញៀនមួយចំនួនធំ ដូចជាក្លឹបកំសាន្តរ៉ុក និងខណ្ឌចំការមន និងក្លឹបកំសាន្ត «លុច្សសារី» នៅខណ្ឌដូនពេញជាដើម៕

 

អត្ថបទដែលជាប់ទាក់ទង