ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា មានការសោកស្តាយយ៉ាងខ្លាំង ចំពោះសេចក្ដីសម្រេចរបស់ គណៈកម្មការអឺរ៉ុប ដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ EBA​ ពីកម្ពុជា

50

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា មានការសោកស្តាយយ៉ាង ខ្លាំងចំពោះសេចក្ដីសម្រេចរបស់ គណៈកម្មការអឺរ៉ុបនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីបើកដំណើរការនីតិវិធីជាផ្លូវការ សម្រាប់ការដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងគ្រឿងសព្វាវុធ (EBA)» ពីកម្ពុជា។

 រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ចំនួន៣ទំព័រឆ្លើយតបទៅនឹងការសម្រេចចិត្ត របស់គណៈកម្មការអឺរ៉ុបក្នុងការបើកដំណើរការនីតិវិធីជាផ្លូវការសម្រាប់ការដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងគ្រឿងសព្វាវុធ (EBA)» ពីកម្ពុជា។

សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពី សហភាពអឺរ៉ុប កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ បានចាប់ផ្តើម នូវដំណើរការ ដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធ នៃទំនិញកម្ពុជាលើទីផ្សារសហភាពអឺរ៉ុប ក្រោមគម្រោងពាណិជ្ជកម្ម Everything But Arms (EBA) ។ ប្រព័ន្ធ EBA អាចនឹងលុបចោលប្រសិនបើប្រទេសទទួលផលមិនគោរពសិទិ្ធមនុស្ស និងសិទ្ធិការងារសំខាន់ៗ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអឺរ៉ុប ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។
រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា សេចក្តីសម្រេចចិត្តនេះជារឿងអយុត្តិធម៌បំផុត ខណៈដែលគណៈកម្មការអឺរ៉ុបមិនអើពើចំពោះវិធានការជាក់ស្តែង និងវឌ្ឍនភាពសំខាន់ៗជាច្រើន ដែលបានធ្វើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រកាន់ខ្ជាប់ និងការប្តេជ្ញាចិត្តចំពោះការអនុវត្តអនុសញ្ញាស្នូលទាំង១៥ របស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មអន្តរជាតិ ដែលជាបុរេល័ក្ខខ័ណ្ឌក្នុងការបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ជាឯកតោភាគី ជាពិសេសនៅលើវិស័យទាំងឡាយដែលត្រូវបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីវិធានការដើម្បីពង្រឹងលំហនយោបាយ និងសង្គមស៊ីវិល សិទ្ធិការងារ និងការដោះស្រាយបញ្ហាដីធ្លីនិងដីសម្បទានស្ករអំពៅ។
រាជរដ្ឋាភិបាលកម្ពុជា មានទស្សនៈថា គណៈកម្មការអឺរ៉ុបមិនបានធ្វើសកម្មភាពដោយឈរលើគោលការណ៍ «ស្មោះត្រង់» និង «យុត្តិធម៌» នោះទេ។ គណៈកម្មការអឺរ៉ុបបានបិទភ្នែក នៅពេលដែលប្រទេសជាច្រើន ដែលកំពុងតែទទួលនូវក្របខ័ណ្ឌអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបមិនបានអនុវត្តពេញលេញនូវអនុសញ្ញាអន្តរជាតិទាំងនោះ ប៉ុន្តែ ជាមួយនឹងរបៀបវារៈនយោបាយ គណៈកម្មការអឺរ៉ុបបានដាក់បន្តុប និងរំពឹងនូវ «ការអនុវត្តដ៏ល្អឥតខ្ចោះ» នៃអនុសញ្ញាទាំងនោះពីកម្ពុជា។ គណៈកម្មការអឺរ៉ុបមិនបានទទួលស្គាល់ ការកែលំអ និងវឌ្ឍនភាពជាបន្តបន្ទាប់ ដែលរាជរដ្ឋាភិបាលបានធ្វើ ដូចដែលបានរំលេចឡើងក្នុងលិខិតឆ្លើយតបចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ដោយមានភ្ជាប់នូវរបាយការណ៍បញ្ជីវឌ្ឍនភាពគ្រប់ជ្រុងជ្រោយនោះទេ។ ចំពោះអ្នកសង្កេតការណ៍ ដែលមានភាពអព្យាក្រឹត្យ និងយុត្តិធម៌ សកម្មភាព និងវិធានការដែលរាជរដ្ឋាភិបាល បានធ្វើឡើង គឺអាចទទួលស្គាល់បានថាជាវឌ្ឍនភាពសំខាន់ៗ បើពិចារណាទៅលើភាពស្មុគ្រស្មាញនៃបណ្តាបញ្ហាទាំងនោះ។ វឌ្ឍនភាពដែលរាជរដ្ឋាភិបាលបានធ្វើឡើង ក្នុងអំឡុងពេល ៨ខែ ចុងក្រោយ ចាប់តាំងពីបេសកកម្មសុឆន្ទៈលើកទី ១ ទៅទីក្រុងប្រ៊ុចសែល គឺជាសក្ខីភាពនៃភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។
ជាក់ស្តែង នៅលើគោលការណ៍ពហុបក្ស គណៈកម្មការអឺរ៉ុបបានផ្តោតតែទៅលើអត្ថិភាពរបស់អតីតគណបក្សសង្រ្គោះជាតិ និងជោគវាសនានៃថ្នាក់ដឹកនាំគណបក្សនេះតែប៉ុណ្ណោះ។ គណៈកម្មការអឺរ៉ុប បានចោទប្រកាន់ទៅលើភាពស្របច្បាប់នៃការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រកាលពីខែកក្កដា ឆ្នាំ២០១៨ ដោយឈរលើមូលដ្ឋានតែមួយគត់គឺអវត្តមាននៃអតីត គណបក្សសង្គ្រោះជាតិ។ គណៈកម្មការអឺរ៉ុបមិនបានទទួលស្គាល់គណបក្ស ១៩ ផ្សេងទៀត ដែលបានប្រកួតប្រជែងក្នុងការបោះឆ្នោត ដែលបានទទួលសម្លេងជិត ១លាន៥សែន ឬស្មើនឹង ២៣% នៃសន្លឹកឆ្នោតបានការនោះទេ។ ការមិនទទួលស្គាល់នូវការពិតទាំងនេះបានបង្ហាញយ៉ាងច្បាស់នូវភាពលំអៀងយ៉ាងគឃ្លើនរបស់គណៈកម្មការអឺរ៉ុប ក៏ដូចជាការមិនអើពើចំពោះម្ចាស់ឆ្នោត និងគណបក្សរបស់ពួកគេ ដែលបានចូលរួមក្នុងការបោះឆ្នោត ក៏ដូចជាសិទ្ធិ និងជម្រើសនយោបាយរបស់ពួកគេ។
គណៈកម្មការអឺរ៉ុបមិនបានបង្ហាញការគោរពចំពោះអធិបតេយ្យភាពរបស់កម្ពុជា នៅពេលដែលការទាមទារនានាទាក់ទងនឹង EBA គឺស្មើនឹងការជ្រៀតជ្រែកចូលទៅក្នុងការវិវត្តនយោបាយរបស់ប្រទេសមួយ។ គណៈកម្មការអឺរ៉ុបបានបដិសេធនូវសម្លេងដ៏ច្រើនលើសលុបរបស់ម្ចាស់ឆ្នោតកម្ពុជា ដែលបានសម្តែងការគាំទ្រដល់រាជរដ្ឋាភិបាលតាមរយៈសន្លឹកឆ្នោតរបស់ពួកគេ។

ផ្ទុយទៅវិញ គណៈកម្មការអឺរ៉ុបបានជ្រើសយកការគាំទ្រអ្នកនយោបាយមួយក្តាប់តូច ដែលបានកសាងប្រជាប្រិយភាពរបស់ខ្លួនតាមរយៈការស្អប់ជាតិសាសន៍ ការរើសអើងពូជសាសន៍ និងភាសាអុចអាលបញ្ឆេះកំហឹងពលរដ្ឋឲ្យបង្កាត់ភ្លើងសង្គ្រាមស៊ីវិល។ គណៈកម្មការអឺរ៉ុបមិនបានទទួលស្គាល់គុណសម្បត្តិរបស់រាជរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបើកផ្លូវឲ្យថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ១១៨រូប ចាប់ផ្តើមឡើងវិញដោយពេញលេញនូវជីវិតនយោបាយរបស់ពួកគេនោះទេ។ បន្ថែមលើនេះ គណៈកម្មការអឺរ៉ុបសុខចិត្តនៅស្ងៀមចំពោះតថភាពដែលថ្នាក់ដឹកនាំទាំងនោះបានក្លាយជាចំណាប់ខ្មាំងរបស់មេដឹកនាំរបស់ខ្លួន ដែលបានគំរាមថានឹងចាត់ទុកពួកគេជាជនក្បត់ ប្រសិនបើពួកគេសម្រេចចិត្តទទួលយកនូវសិទ្ធិធ្វើនយោបាយឡើងវិញនោះ។
គណៈកម្មការអឺរ៉ុប មិនបានពិចារណាទៅលើភាពជាដៃគូប្រកបដោយលក្ខណៈស្ថាបនារវាងរាជរដ្ឋាភិបាលជាមួយនឹងអង្គការសង្គមស៊ីវិល។ ផ្ទុយទៅវិញ គណៈកម្មការអឺរ៉ុបបានបង្ហាញភាពមិនស្មោះត្រង់ ដោយពឹងផ្អែកតែទៅលើការរិះគន់ជាប្រព័ន្ធប្រកបដោយភាពលំអៀង ដែលរៀបចំឡើងដោយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិមួយចំនួនតូច ហើយមិនទទួលស្គាល់នូវសិទ្ធិសេរីភាពពេញលេញដែលសមាគមចំនួន ២.២៨៦ អង្គការ NGO ក្នុងស្រុកចំនួន ៣.២២១ និងអង្គការ NGO បរទេសចំនួន ៣៩៧ កំពុងតែអនុវត្ត និងទទួលបាន។
គុណតម្លៃនៃគោលការណ៍គឺជាមូលដ្ឋាន ដែលសហភាពអឺរ៉ុបអនុវត្តគោលនយោបាយរបស់ខ្លួនគ្រប់កាលៈទេសៈ ដោយមិនបែងចែកលើល័ក្ខខ័ណ្ឌនៃការអនុវត្តជាឯកតោភាគី ឬទ្វេភាគីនោះទេ ទោះក្នុងករណីដែលសហភាពអឺរ៉ុបផ្តល់ជាឯកតោភាគី នូវក្របខ័ណ្ឌអនុគ្រោះពន្ធចំពោះកម្ពុជា ឬនៅពេលដែលសហភាពអឺរ៉ុប ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសផ្សេងទៀតក៏ដោយ។
តាមរយៈការបើកដំណើរការនីតិវិធីជាផ្លូវការសម្រាប់ការដក EBA ពីកម្ពុជា គណៈកម្មការអឺរ៉ុបគឺកំពុងតែបដិសេធចោលនូវតម្លៃនៃសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍ ២០ឆ្នាំកន្លងទៅ ដែលរាជរដ្ឋាភិបាលបានពុះពារទាញប្រជាពលរដ្ឋរាប់លាននាក់ចេញពីភាពក្រីក្រ ហើយការសម្រេចចិត្តបែបនេះ នឹងមានន័យស្មើនឹងការធ្វើនិរាករណ៍នូវរាល់ឥទ្ធិពលវិជ្ជមានដ៏ធំនៃគោល- នយោបាយរបស់អឺរ៉ុប ដែលកម្ពុជាបានទទួលផលពីមុនមក។ ពិតណាស់ថា កម្ពុជាដឹងច្បាស់ថា សេចក្តីសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដោយស្នងការពីររូបរបស់គណៈកម្មការអឺរ៉ុប ដោយគ្មានពិចារណាលើជោគវាសនារបស់កម្មការិនីកម្ពុជាជិតមួយលាននាក់នោះទេ ហើយក៏មិនបានគិតគូរដល់ផលប្រយោជន៍នៃបណ្តាសមាគមធុរកិច្ចរបស់អឺរ៉ុបនៅកម្ពុជា និងទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរនាទសវត្សរ៍កន្លងមករវាងកម្ពុជា និងបណ្តាសមាជិកសំខាន់ៗរបស់សហភាពអឺរ៉ុបដែរ។
ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញានឹងបន្តធ្វើការដោយស្មោះត្រង់ជាមួយនឹងបណ្តាប្រទេសទាំងនោះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដែលគោរពគ្នាទៅវិញ ទៅមក។
កម្ពុជានៅតែមានឆន្ទៈបន្តពង្រឹងលំហប្រជាធិបតេយ្យ សិទ្ធិមនុស្ស សិទ្ធិការងារ ដូចដែលបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ។ ក៏ប៉ុន្តែ យើងក៏មានការប្តេជ្ញាចិត្តយ៉ាងមុតមាំផងដែរក្នុងការការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព និងអធិបតេយ្យភាពជាតិរបស់យើង ទោះក្នុងតម្លៃណាក៏ដោយ។ យើងនឹងនៅតែបន្តខិតខំដោះស្រាយនូវរាល់បញ្ហាសង្គម-សេដ្ឋកិច្ចបន្ទាន់ៗទាំងឡាយ ដែលប៉ះពាល់ដល់ជីវភាពរបស់ប្រជាជនយើង ជាពិសេសគឺពលរដ្ឋដែលពឹងផ្អែកលើវិស័យនានាដែលអាចនឹងរងផលប៉ះពាល់ដោយសារសេចក្តីសម្រេចនេះ។ ជាចុងក្រោយ យើងមានសេចក្តីសោកស្តាយ ដែលគណៈកម្មការអឺរ៉ុបបានជ្រើសយកការជឿជាក់ទៅលើអ្នកនយោបាយមិនស្មោះត្រង់មួយក្តាប់តូច ដែលខិតខំឥតឈប់ឈរក្នុងការរិះរកគ្រប់មធ្យោបាយ ដើម្បីបំផ្លាញប្រទេស និងប្រជាជនកម្ពុជា ជាជាងការផ្តល់តម្លៃទៅលើសម្លេងនៃអ្នកតំណាងដែលជាប់ឆ្នោតដោយស្របច្បាប់របស់ប្រជាជន៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស៖

អត្ថបទដែលជាប់ទាក់ទង