ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ ដោយគាំទ្រសហភាពអឺរ៉ុប អនុវត្តវិធានការដកការអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់លើកលែងពីអាវុធEBA ពីកម្ពុជា

30

ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនចុះផ្សាយជាបន្ទាន់នៅថ្ងៃទី ១២ កុម្ភៈ ដោយគាំទ្រសហភាពអឺរ៉ុប អនុវត្តវិធានការដកការអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់លើកលែងពីអាវុធEBA ពីកម្ពុជា ដែលស្ថានទូតរបស់ប្រទេសមហាអំណាចនេះ ចាត់ទុកសហភាពអឺរ៉ុបអនុវត្តដូចនេះ ថាកំពុងតែ រុញកម្ពុជា ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

សេចក្តីថ្លែងការណ៍ស្តីពីដំណើរការនីតិវិធីរបស់សហភាពអឺរ៉ុប ក្នុងការផ្អាកការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម (EBA) សំរាប់ប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ សម្រាប់ការចេញផ្សាយបន្ទាន់ បានឲ្យដឹងថា សហរដ្ឋអាមេរិកធ្វើការកត់សម្គាល់ ការសម្រេចចិត្តរបស់ សហភាពអឺរ៉ុប ក្នុងការផ្តើមដំណើរការនីតិវិធី ផ្អាកការអនុគ្រោះពន្ធក្នុងផ្អែកពាណិជ្ជកម្ម ដល់ប្រទេសកម្ពុជា ក្រោមគម្រោងដែលមាន ឈ្មោះថា អ្វីៗទាំងអស់លើកលែង តែអាវុធ (EBA) ដោយសារមានការដើរ ថយក្រោយយ៉ាងធ្ងន់ធ្ងរ ក្នុងការការពារសិទ្ធិ មនុស្ស និងសិទ្ធិការងារ នៅក្នុងរយៈពេល ១៨ ខែកន្លងទៅនេះ។
យើងមានកង្វល់ដូចគ្នា នឹងសហភាពអឺរ៉ុបដែរ ទាក់ទងនឹងការ រំលោភ យ៉ាងធ្ងន់ធ្ងរ លើសេរីភាព ក្នុង ការបញ្ចេញមតិ សិទ្ធិការងារដែលមាន ការ ទទួលស្គាល់ជាអន្តរជាតិ និងសេរីភាព ទាក់ទង នឹងអង្គការសមាគម។ សហរដ្ឋអាមេរិក សូមអំពាវនាវ អោយថ្នាក់ដឹកនាំកម្ពុជា ស្តា ឡើងវិញ នូវលទ្ធិប្រជាធិបតេយ្យ ពហុ បក្សពិតប្រាកដ ដូចមានចែងនៅក្នុង រដ្ឋធម្មនុញ្ញ នៃប្រទេសកម្ពុជា។ យើងក៏សូមអំពាវនាវផងដែរ អោយប្រទេសកម្ពុជាទម្លាក់ ចោល នូវបទចោទប្រកាន់លើលោក កឹម សុខា និងការចោទប្រកាន់ តាមទំនើងចិត្តទាំងអស់ ប្រឆាំង នឹងអ្នក ទោស នយោបាយដទៃទៀត ហើយអនុញ្ញាតអោយ សហជីព អង្គការ សារព័ត៌មានឯករាជ្យ និងក្រុមដទៃទៀត នៃ សង្គមស៊ីវិល ដំណើរការដោយ គ្មាន ការរឹតត្បិតដែលមិនត្រឹមត្រូវ។
ថ្នាក់ដឹកនាំកម្ពុជា នៅមាន ឱកាសនៅឡើយ នៅក្នុងការជៀសផុតពីផលវិបាកអវិជ្ជមាន ផ្នែកសេដ្ឋកិច្ច នៃការដកការអនុគ្រោះពន្ធ EBA ។ ដូចដែលស្នងការពាណិជ្ជកម្ម សហភាពអឺរ៉ុប គឺលោកស្រី Cecilia Malmström បានមានប្រសាសន៍ថា ៖ «វាច្បាស់ហើយថា ចំណាត់ការនៅថ្ងៃនេះមិនមែនជាការសម្រេចចិត្តចុងក្រោយ ហើយក៏ មិនមែនជាទីបញ្ចប់ នៃដំណើរនីតិវិធីដែរ។ តែនាឡិកាកំពុងតែដើរទៅមុខជាផ្លូវការហើយ ហើយយើងត្រូវការឃើញវិធានការពិតប្រាកដ ក្នុងពេលឆាប់ៗ នេះ»។ យើងសូមអំពាវនាវអោយ មេដឹកនាំកម្ពុជាតម្កល់សុខុមាល ភាពរបស់ប្រទេស អោយខ្ពស់ជាង ផលប្រយោជន៍ ផ្ទាល់ខ្លួន និងផលប្រយោជន៍ នយោបាយ។

លោកស្រី Cecilia Malmström ស្នងការនៃគណៈកម្មាការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម ប ញ្ជាក់ថាទោះជាមាននៅដំណាក់ម្ដងទៀតក្ដី ប៉ុន្តែទ្រនិចនាឡិកាកំពុងដើរហើយ គឺនៅសល់ពេលវេលាដែលត្រូវចាត់វិធានការតែប៉ុណ្ណោះ ។ 
តាមសេចក្ដីប្រកាសនេះ គឺរយៈពេល ៦ខែទៀត ជាពេលវេលាតាមដាន និងវាយ តម្លៃ ជាក់ស្ដែង  ហើយរយៈពេល ៣ខែម្ដង គឺសហភាពអឺរ៉ុបនឹងបញ្ចេញរបាយការណ៍ដោយផ្អែកលើស្ថានភាពជាក់ស្ដែងនៃដំណើរការវិវត្តនៅកម្ពុជា ។
សូមជម្រាបថា រដ្ឋជាសមាជិកនៃសហភាពអឺរ៉ុបបានព្រមព្រៀងជាផ្លូវការតាមសំណើរបស់គណៈ កម្មាការអឺរ៉ុបដែលសុំអោយដាក់ដំណើរការដកការអនុគ្រោះពន្ធEBA កាលពីថ្ងៃទី ២៩ មករា ឆ្នាំ២០១៩ ។
ការដកការអនុគ្រោះពន្ធពីកម្ពុជា ដោយសហភាពអឺរ៉ុប នឹងធ្វើឱ្យកម្ពុជាចំណាយលើការនាំចូលទំនិញទៅទីផ្សារនៃប្រទេសដែលជាសមាជិកនៃសហភាពនេះប្រមាណជា ៧០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ៕

អត្ថបទដែលជាប់ទាក់ទង