ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចូលរួមកិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុបនៅប្រទេសកាហ្សាក់ស្ថាន

20

កាហ្សាក់ស្ថាន ៖សម្ដេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដល់សាធារណរដ្ឋកាហ្សាក់ស្ថាន ដោយ​សុវត្ថិភាព នៅវេលាម៉ោង ២១និង៤០នាទី រាត្រី ថ្ងៃទី២២ ខែកញ្ញា​ ឆ្នាំ២០១៩​ ដើម្បីចូលរួមកិច្ចប្រជុំកម្រិតប្រធា​ន​សភាអាស៊ី-អឺរ៉ុបលើកទី៤។

រដ្ឋសភាកាហ្សាក់ស្ថានដែលជាម្ចាស់ផ្ទះកិច្ច​ប្រជុំ បានទទួលស្វាគមន៍សម្តេច​ និងគណៈប្រតិភូយ៉ាងកក់ក្តៅ។​ កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុបលើកទី៤ នឹងចាប់ដំណើរការពីថ្ងៃ​ទី២៣​ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានប្រតិភូថ្នាក់ដឹកនាំសភាក្នុងតំបន់ទំា​ងពីរ ប្រមាណ៦០ប្រទេសចូលរួម ព្រមទំាងមានវត្តមាន អង្គការអន្តរជាតិ និងអន្តរសភាជាច្រើនទៀត។

សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញឡើងថ្លែងសុ​ន្ទរកថា ទៅកាន់កិច្ចប្រជុំផងដែរ។ ជាមួយគ្នានេះ អំឡុងពេលចូលរួ​មកិច្ចប្រជុំនេះ សម្តេចគ្រោងជួបពិភាក្សាការងារទ្វេភាគី ជាមួយប្រធានរដ្ឋសភា នៃប្រទេសមួយចំនួនទៀត ក្នុងការពង្រឹងពង្រីកវិស័យការទូ​ត​សភា ក៏ដូចជាពង្រឹងកិច្ចស​ហប្រតិបត្តិការ រឹតចំណងមិត្តភាពរវាងព្រះរាជាណា​ច​ក្រកម្ពុជា ជាមួយបណ្តាប្រទេសជាមិត្ត ​ទំាងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

សូមជម្រាបថា ប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប បានផ្តួចផ្តើមបង្កើតឡើងដោយសភាឌូ​ម៉ា​សហព័​ន្ធរុស្ស៊ី​ និងរដ្ឋសភាសាធារណរដ្ឋ​កូរ៉េ​ គឺជាវេទិកាអន្តរសភាដ៏មានសារសំ​ខាន់ ដែលថ្នាក់ដឹកនាំសភាទាំងពីរតំបន់ជួបពិ​ភាក្សា លើប្រធានបទសំខាន់ៗ ក្នុ​ងការដោះស្រាយបញ្ហារួម។ បង្កើនកិច្ចសហប្រតិបត្តិការរវាងតំណា​ង​ប្រជាព​លរដ្ឋក្នុងតំបន់អាស៊ីនិងអឺរ៉ុប។ ផ្លាស់ប្តូរទស្សនៈយោបល់ ​ក្នុងការការពារផលប្រយោជន៍ នៃការអភិវឌ្ឍប្រកបដោយចីរភាព និងសុខុមាលភាពសង្គម នៅក្នុងតំបន់ ក៏ដូចជាពិភពលោកទំាងមូល៕

អត្ថបទដែលជាប់ទាក់ទង