ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្សផ្នែកចុងភៅរបស់កម្ពុជា ២រូប ដណ្ដើមបានមេដាយប្រាក់ និងសំរិទ្ធក្នុងការប្រកួតចម្អិនម្ហូបអាហារអាស៊ាន-ចិន

11

ណាននីង-ចិន៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ខែកញ្ញានេះ បានផ្សាយព័ត៌មានថា សិស្សផ្នែកចុងភៅរបស់កម្ពុជាចំនួន​ ២រូប ទទួលបានមេដាយប្រាក់ និងសំរិទ្ធក្នុងការប្រ​កួ​តចម្អិនម្ហូបអាហារអាស៊ាន-ចិន ឆ្នាំ២០១៩ នៅខេត្តណាននីង សាធារណរដ្ឋប្រជាមានិតចិន។

ការចូលរួមប្រកួត និងការទទួលបានមេដាយក្នុងកម្មវិធីប្រកួតចំអិនម្ហូបអាហារអាស៊ាន ចិន ឆ្នាំ២០១៩ (2019 China-ASEAN Culinary Skill​ Competition Students from Vocational Colleges) នេះ ធ្វើឡើងតាមរយៈការរៀបចំរបស់ក្រសួងទេសចរណ៍ ដែលមាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សហការជាមួយសាលាទេសចរណ៍ និងសណ្ឋារកិច្ចប៉ូលឌុយប្រ៊ូល។

កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃ១៩-២១ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងនោះមានការចូលរួមពីសំណាក់សិស្សកម្ពុជា ថៃ វៀតណាម តៃវ៉ាន់ និងហុងកុង ដើម្បីប្រកួតជាក្រុមលើវិញ្ញាសាចំនួន ៣ រួមមាន៖ វិញ្ញាសាម្ហូបអាស៊ី វិញ្ញាសាម្ហូបអឺរ៉ុប និងវិញ្ញាសាម្ហូបកែច្នៃ សម្រាប់បេក្ខភាពជ្រើសរើសសម្រាប់ការប្រកួត។

ជាលទ្ធផលនៅក្នុងព្រឹត្តិការណ៍ប្រកួត ចម្អិនម្ហូបអាហារអាស៊ាន-ចិន ឆ្នាំ២០១៩ បេក្ខជន ២រូប របស់កម្ពុជា ដែលបានជ្រើសរើសយកវិញ្ញាសាម្ហូបអឺរ៉ុប ទទួលបានមេដាយចំនួន ២ ក្នុងនោះរួមមាន៖ លោក ង៉ៃ សុខហេង ទទួលបានមេដាយប្រាក់ និងលោក ឡាំ រិទ្ធី ទទួលបានមេដាយសំរឹទ្ធ។

ការទទួលបាននូវជ័យលាភីមេដាយនេះ គឺពិតជាបង្ហាញពីសមត្ថភាព និងជំនាញក្នុងចំអិនម្ហូបរបស់សិស្ស និងអ្នកជំនាញចុងភៅរបស់កម្ពុជា ក្នុងការជំរុញលើកកម្ពស់គុណភាព និងសេវាកម្មម្ហូបអាហារ ដែលជាការចូលរួមគាំទ្រ​ ដល់ការអភិវឌ្ឍវិស័យម្ហូបអាហារ (Gastronomy) សម្រាប់ទទួលភ្ញៀវទេសចរ ដែលមកកម្សាន្តនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង