ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ សំណូមពរឱ្យក្រសួង ការបរទេសចិន ជួយជំរុញការវិនិយោគលើវិស័យសុខាភិបាលនៅខេត្តព្រះសីហនុ ខណៈប្រជាពលរដ្ឋកម្ពុជា និងចិន ពេលមានជំងឺតែងតែចេញទៅក្រៅប្រទេសដើម្បីព្យាបាល

32

ខេត្តព្រះសីហនុ ៖ អភិបាល នៃគណៈ អភិបាល  ខេត្តព្រះសីហនុ លោក គួច ចំរើនបានសំណូម ពរឱ្យក្រសួងការបរទេសចិន ជួយជំរុញ និងការវិនិយោគលើវិស័យសុខាភិបាលសម្រាប់ខេត្តព្រះសីហនុ ព្រោះបច្ចុប្បន្ននៅពេលឈឺប្រជាពលរដ្ឋកម្ពុជា ក៏ដូចប្រជាជនចិន តែងតែចេញទៅក្រៅប្រទេសព្យាបាលជំងឺ ៕

  ការសំណូម ពរបែបនេះបានធ្វើឡើងនារសៀលថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩ ខណៈដែលលោក គួច ចំរើន អនុញ្ញាត ឱ្យគណប្រតិភូក្រសួង ការបរទេសចិន ចូលជួបសម្តែងការគួរសម នៅសាលាខេត្តព្រះសីហនុ 

   លោក ឆួយ អៃមីន CUI AIMIN អគ្គនាយក នៃនាយកដ្ឋានកុងស៊ុលក្រសួងការបរទេសចិន បានមានប្រសាសន៍ថា  គោលបំណងរបស់គណប្រតិភូមកទស្សនកិច្ចខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវជនជាតិចិននៅខេត្តព្រះសីហនុ ពិសេសការចង់បើកស្ថានកុងស៊ុលចិន នៅខេត្តព្រះសីហនុ ដែលមានប្រទេសមួយចំនួនបានបើករួចមកហើយនៅខេត្តព្រះសីហនុ តាមរយៈកិច្ចប្រតិបត្តិការជំរុញការលើកស្ទួយ អភិវឌ្ឍសេដ្ឋកិច្ចកិច្ចធ្វើឱ្យកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា មានលក្ខណៈល្អប្រសើរ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចល្អជាបន្ត បន្ទាប់ និងបានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុដែលបានជួយដោះស្រាយបញ្ហាជនជាតិចិនកន្លងមកជាពិសេសការបិទល្បែងអនឡាញ មិន ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ហើយសកម្មភាពបិទល្បែងអនឡាញនេះ មិនប៉ះពាល់ដល់ទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរនោះទេ ។ 

   លោកបានបញ្ជាក់ថានៅពេលអនាគត ខេត្តព្រះសីហនុនឹងក្លាយជាតំបន់មួយដែលមានការអភិវឌ្ឍរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស ក្នុងតំបន់អាស៊ី ។

  លោក គួច ចំរើន អភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍ស្វាគមន៍ប្រតិភូក្រសួងការបរទេសចិន មកធ្វើទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ និងបន្តមកក្រុងព្រះសីហនុ ដែលមានអ្នកវិនិយោគចិន វិនិយោគលើវិស័យជាច្រើនមានដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ ហើយសកម្មភាពនេះរួម ចំណែកដោះស្រាយការងារជូនយុវជនកម្ពុជាជាង ៩ម៉ឺននាក់ ។ នៅក្រុងព្រះសីហនុ មានប្រជា ពលរដ្ឋចិន ៥០ភាគរយ  និងកម្ពុជា ៥០ភាគរយ ម្យ៉ាងទៀតលំហូរអ្នកវិនិយោគគិនចិន និងទេស ចរណ៍ចិនយ៉ាងកំហុគមកកាន់ខេត្តព្រះសីហនុ ធ្វើឱ្យខេត្តមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ ។ 

   លោកអភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យបញ្ឈប់ បិទល្បែងភ្នាល់តាមអនឡាញបញ្ចប់នៅចុងឆ្នាំ២០១៩ ព្រោះវិស័យ online មិនមែនប្រកបដោយចីរភាពនោះទេ យើងមានវិស័យជាច្រើនទៀតមានដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ដឹកជញ្ជូន សំណង់ ជាផ្នែកមួយក្នុងការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា ។ 

  លោកអភិបាលខេត្ត ក៏បានសំណូម ពរឱ្យក្រសួងការបរទេសចិន ជួយជំរុញ និងការវិនិយោគលើវិស័យសុខាភិបាលសម្រាប់ខេត្តព្រះសីហនុ ព្រោះបច្ចុប្បន្ននៅពេលឈឺប្រជាពលរដ្ឋកម្ពុជា ក៏ដូចប្រជាជនចិន តែងតែចេញទៅក្រៅប្រទេសព្យាបាលជំងឺ ៕

 

អត្ថបទដែលជាប់ទាក់ទង