ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្រេចអនុម័តលើ គម្រោង​ទិញ​ថាមព​លអ​គ្គិសនី​ផលិត ដោយធ្យូងថ្ម​ ២៤០០ មេហ្កាវ៉ាត់ ​ពីប្រទេ​សឡា​វ

37

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ព​ង់ខ្ព​ស់រប​ស់សម្តេ​ចអ​គ្គមហា​សេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាច​ក្រក​ម្ពុជា បានសម្រេចអនុម័ត​លើ​ “ការធានារបស់រាជរដ្ឋាភិ​បាល សម្រាប់គម្រោងទិញថាមពល​អ​គ្គិសនីផ​លិត ដោយធ្យូងថ្ម ២៤០០ មេហ្កាវ៉ាត់ ពីប្រទេសឡាវ”​។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានចាប់​ផ្តើមពិ​ភាក្សាលើ “ការធានារបស់ រាជរដ្ឋាភិបាលសម្រាប់គម្រោងទិញថាមពល​អគ្គិសនីផលិត ដោយធ្យូងថ្ម ២៤០០ មេហ្កាវ៉ាត់ ពីប្រទេសឡាវ”
ដែល​មានខ្លឹ​មសា​រសង្ខេបដូចខាងក្រោម៖
គម្រោងទិ​ញប្រភ​ពអគ្គិ​សនីផ្ទាល់ពីរោងចក្រផលិតអគ្គិសនីដុតធ្យុងថ្មចំ​នួន ២ របស់ប្រទេសឡាវ ដែលមានអានុភាពសរុប ២៤​០០ មេហ្កាវ៉ាត ឋិតនៅតំបន់រ៉ែធ្យុងថ្មនៃខេត្តសេកុង ប្រទេសឡាវ ។
 ផែនការបន្ថែមប្រភពអគ្គិសនីដើម្បីផ្គត់ផ្គង់សេចក្តីត្រូវការឲ្យបានគ្រប់គ្រាន់
ស្ថេរភាពនយោបាយ និងសន្តិភាពនៅកម្ពុជា បាននាំមកនូវការវិនិយោគផ្នែកសេដ្ឋកិច្ចដ៏ច្រើនលើគ្រប់វិស័យជាបន្ទាប់ រួចស្ថានភាពកាន់តែល្អនៅក្រោយការបោះឆ្នោតសកលឆ្នាំ ២០១៨ បានធ្វើឲ្យសកម្មភាពវិនិយោគនេះកើនលើពេលមុនៗ ជះឥទ្ធិពលឲ្យសេចក្តីត្រូវការប្រើបា្រស់អគ្គិសនីកើនឡើងច្រើនលើសពីការគ្រោងទុក ។ ដោយកំណើនសេចក្តីត្រូវការអគ្គិសនីច្រើនខុសពីការគ្រោងដូចេ្នះ ដើម្បីឲ្យការផ្គត់ផ្គង់អគ្គិសនីនៅឆ្នាំបន្តទៀតនៅកម្ពុជាមានសុវត្ថិភាពនិងសន្តិសុខ ក្រសួងរ៉ែ និងថាមពល បានរៀបចំការសិក្សាផែនការមេអភវិឌ្ឍវិស័យអគ្គិសនីឡើងវិញចំនួន ២ គឺ
១. ការសិក្សាផែនការមេបន្ទាន់សម្រាប់រយៈពេលមធ្យមពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០៣០ ដែលបច្ចុប្បន្នកំពុងតែសិក្សាដោយក្រុមហ៊ុនទីប្រឹក្សាឈ្មោះ Chugoku Electric Power Co., Inc មកពីប្រទេសជប៉ុន ក្នុងក្របខណ្ឌនៃថវិការបស់អគ្គិសនីកម្ពុជា។
២. ការសិក្សាផែនការមេសម្រាប់រយៈពេលវែងពីឆ្នាំ ២០២០ ដល់ឆ្នាំ២០៤០ ដែលសិក្សាដោយក្រុមហ៊ុនទីប្រឹក្សាឈ្មោះ Intelligent Energy System Pty, Ltd. (IES) មកពីប្រទេសអូស្រ្តាលី ក្នុងក្រខណ្ឌជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។ ក្នុងការបន្ថែមការនាំចូលប្រភពអគ្គិសនីពីប្រទេសជិតខាង ដោយសារតែប្រទេសវៀតណាម និងប្រទេសថៃ គឺជាប្រទេសអ្នកប្រើអគ្គិសនីច្រើន ដែលការនាំចូលអគ្គិសនីពីប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់ប្រទេសទាំង ២ នេះ គឺជាការរំលែងប្រភពអគ្គិសនីពីការប្រើប្រាប់របស់ប្រទេសគេ ដែលឆ្នាំខ្លះសល់ ឆ្នាំខ្លះខ្វះ ដូច្នេះចំពោះការនាំចូលអគ្គិសនី យើងតម្រង់ទិសជាអាទិភាពទៅរកប្រទេសឡាវ ដែលជាប្រទេសអ្នកផលិតអគ្គិសនីដើម្បីលក់ចេញយកចំណូលវិញ ពីព្រោះការនាំចូលប្រភពអគ្គិសនីពីប្រទេសឡាវ ជាការនាំចូលប្រភពអគ្គិសនីមួយដែលមានលក្ខណៈអនុគ្រោះជាង ទាំងថ្លៃទាំងទំហំ និងទាំងលក្ខខណ្ឌទិញ ព្រមទាំងមានសុត្ថិវភាពយូរអង្វែងជាងផង ។ ពិតមែនតែដូចនេះក៏ដោយសារតែប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់ប្រទេសយើងនៅមានទំហំតូចនៅឡើយ យើងនៅត្រូវការតភ្ជាប់ជាមួយប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីធំ ដូចជាប្រព័ន្ធផ្តត់ផ្គង់ប្រទេសវៀតណាម ឬប្រព័ន្ធផ្គត់ផ្គង់ប្រទេសថៃ ក្នុងកម្រិតមួយសមស្រប ដើម្បីពង្រឹងលំនឹងនៃប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់ប្រទេសយើងផងដែរ ។
គម្រោងអភិវឌ្ឍប្រភពអគ្គិសនី អនុស្ថានីយ និងខែ្សបណ្តាញបញ្ជូន ដែលការសិក្សាផែនការមេបានគ្រោងដាក់ឲ្យដំណើរការបន្ទាន់ក្នុងរយៈពេលខ្លីជាបន្តបន្ទាប់ ដែលមានគម្រោងមួយចំនួនបានសម្រេចជាស្ថាពរ នៅសល់គម្រោងខ្លះទៀតដែលនៅជាប់បញ្ហាខ្លះដូចជាបញ្ហាបរិស្ថាន និងបញ្ហាទីតាំងជាដើមដែលចាំបាច់តម្រូវឲ្យអ្នកវិនិយោគត្រូវធ្វើការដោះស្រាយឲ្យបានសមស្របសិន ទើចអាចបន្តការចរចាបន្តទៀតបាន ។
 គម្រោងទិញប្រភពផ្គត់ផ្គង់អគ្គិសនីផ្ទាល់ពីរោងចក្រអគ្គិសនីដុតធ្យុងថ្មរបស់ប្រទេសឡាវ
ក្រសួងថាមពល និងរ៉ែនៃប្រទេសឡាវ យើងខ្ញុំបានទទួលដំណើងថា នៅស្រុក “កាលើម” ខេត្តសេកុង និងនៅស្រុក “តាអយ” ខេត្តសាឡាវ៉ាន ប្រទេសឡាវ គេបានរកឃើញរ៉ែធ្យុងថ្មប្រភេទ “អេនត្រាស៊ីត និងលីញីត” ច្រើនដែលគេអាចធ្វើការសាងសង់រោងចក្រផលិតអគ្គិសនីដុតធ្យុងថ្មនៅទីនោះផលិតជាអគ្គិសនី ហើយលក់ប្រភពអគ្គិសនីនេះឲ្យប្រទេសជិតខាង ។ ក្រសួងថាមពលនិងរ៉ែនៃប្រទេសឡាវបានប្រាប់ថា ប្រសិនបើកម្ពុជាចង់ទិញប្រភពអគ្គិសនីពីសក្តានុពលរ៉ែធ្យុងថ្មរបស់គេនេះ កម្ពុជាអាចពិនិត្យលទ្ធភាពទិញប្រភពអគ្គិសនីពីរោងចក្រផលិតអគ្គិសនីនេះដោយផ្ទាល់បាន ដោយមិនបាច់ទិញឆ្លងកាត់ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់អគ្គិសនីឡាវទេ ។
នៅថ្ងៃទី ១៥ និងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៩ អគ្គិសនីកម្ពុជាបានធ្វើដំណើរទៅចរចាជាមួយសមភាគីឡាវ ដែលមានអគ្គិសនីឡាវ និងក្រសួងថាមពលនិងរ៉ែនៃប្រទេសឡាវ លើបញ្ហាទិញប្រភពអគ្គិសនីពីរោងចក្រផលិតអគ្គិសនីដុតធ្យុងថ្មរបស់ប្រទេសឡាវនេះ ហើយជាជំហានដំបូងបានឯកភាពគ្នាជាគោលការណ៍ចំនួន ៣ ចំណុចគឺ ៖
– អគ្គិសនីកម្ពុជាត្រូវចរចាកិច្ចព្រមព្រៀងទិញ – លក់ផ្ទាល់ជាមួយក្រុមហ៊ុន TSBP SEKONG POWER AND MINERAL COMPANY LIMITED ចំនួន ៦០០ មេហ្កាវ៉ាត និងជាមួយក្រុមហ៊ុ XEKONG THERMAL POWER PLANT COMPANY LIMITED ចំនួន ១៨០០ មេហ្កាវ៉ាត់ ដែលបានទទួលសម្បទានធ្វើការអភិវឌ្ឍអណ្តូងរ៉ែធ្យុងថ្ម និងរោងចក្រផលិតអគ្គិសនី ពីរដ្ឋាភិបាលប្រទេសឡាវ ។
– ថ្លៃអគ្គិសនីកំណត់ត្រឹម ៧,៧ សេនអាមេរិកក្នុងមួយគីឡូវ៉ាត់ម៉ោង នៅចំណុចព្រំដែន និងត្រូវថេរសម្រាប់រយៈពេល ៣០ ឆ្នាំ ក្នុងលក្ខខណ្ឌរាជរដ្ឋាភិបាលកម្ពុជាផ្តល់លិខិតធានាលើការទូទាត់ ដែលត្រូវអនុម័តយល់ព្រមពីស្ថាប័ននីតិបញ្ញតិ្ត ។
– ក្រុមហ៊ុនវិនិយោគនិងផលិតអគ្គិសនីរបស់ប្រទេសឡាវទាំង ២ ខាងលើមានកាតព្វកិច្ចសាងសង់អនុស្ថានីយនិងខែ្សបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុលពីរោងចក្រផលិតអគ្គិសនីមកព្រំដែន ចំណែកអគ្គិសនីកម្ពុជាមានកាតព្វកិច្ចសាងសង់អនុស្ថានីយ និងខែ្សបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅភ្ជាប់ នឹងខែ្សបញ្ជូននេះ ដើម្បីទទួលយកប្រភពអគ្គិសនីខាងលើ ។
ក្រសួងរ៉ែ និងថាមពលនៃប្រទេសទាំង ២ អគ្គិសនីកម្ពុជា និងសមភាគីឡាវ បានធ្វើការចរចាជាបន្តបន្ទាប់ និងបានឯកភាពគ្នាលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងទិញ – លក់ថាមពលអគ្គិសនីទាំង ២ ខាងលើនិងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដែលមានចំណុចគន្លឹះសំខាន់ៗដូចខាងក្រោម៖
– គម្រោងវិនិយោគលើរោងចក្រផលិតអគ្គិសនីទាំង ២ ដែលមានអានុភាព ២៤០០ មេហ្កាវ៉ាត់ ក្នុងទឹកដីប្រទេសឡាវ គឺជាគម្រោងប្រើបា្រស់រ៉ែធ្យូងថ្មនៅនឹងកន្លែង ហើយត្រូវផ្គត់ផ្គង់អគ្គិសនីផ្តាច់មុខទាំងអស់មកប្រទេសកម្ពុជា ដោយភ្ជាប់ផ្ទាល់មកប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់កម្ពុជា ដូចគម្រោងប្រភពអគ្គិសនីក្នុងប្រទេសកម្ពុជា មិនឆ្លងកាត់ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីឡាវឡើយ ។
– ទំហំវិនិយោគរបស់គម្រោងទាំង ២ សរុបចំនួន ៤៩៧០ លានដុល្លារអាមេរិក ដែលគិតទាំងហេដ្ឋារចនាសម្ព័នអណ្តូងរ៉ែធ្យុងថ្ម រោងចក្រផលិតអគ្គិសនី អនុស្ថានីយ និងខែ្សបណ្តាញបញ្ជូនអគ្គិសនីមកដល់ព្រំដែនកម្ពុជា-ឡាវ ។
– អាណត្តិនៃកិច្ចព្រមព្រៀងទិញ-លក់ ថាមពលអគ្គិសនី មានរយៈពេល ៣០ ឆ្នាំ ។
– អានុភាពផលិត ២៤០០ មេហ្កាវ៉ាត់ ក្នុងនោះបញ្ចេញពីក្រុមហ៊ុន TSBP SEKONG POWER AND MINERAL COMP ANY LIMITED ចំនួន ៦០០ មេហ្កាវ៉ាត់ និងពីក្រុមហ៊ុន XEKONG THERMAL POWER PLANT COMPANY LIMITED ចំនួន ១៨០០ មេហ្កាវ៉ាត់ ។
– ការដាក់ឲ្យដាក់ដំណើរការរោងចក្រអគ្គិសនីចែកជា ៤ ជំហានគឺ ៖ ទី១ នៅចុងឆ្នាំ ២០២៤ ដាក់ឲ្យដំណើរការម៉ាស៊ីន ១ គ្រឿង ទំហំ ៣០០ មេហ្កាវ៉ាត់ ទី២ នៅឆ្នាំ ២០២៥ ដាក់ឲ្យដំណើរការម៉ាស៊ីន ២គ្រឿង ទំហំ ៦០០ មេហ្កាវ៉ាត់ ទី៣ នៅឆ្នាំ ២០២៦ ដាក់ឲ្យដំណើរការម៉ាស៊ីន ២គ្រឿងទៀត ទំហំ ៦០០ មេហ្កាវ៉ាត់ និងទី៤ នៅឆ្នាំ ២០២៧ ដាក់ឲ្យដំណើរការម៉ាស៊ីន ៣គ្រឿង ទំហំ ៩០០ មេហ្កាវ៉ាត់ ។
– ក្រុមហ៊ុនផលិតអគ្គិសនី នៅប្រទេសឡាវទាំង ២ ខាងលើមានកាតព្វកិច្ចសាងសង់អនុស្ថានីយនិងខែ្សបណ្តាញបញ្ជូនតង់ស្យុងខ្ពស់ ៥០០ គីឡូវ៉ុល ដើម្បីបញ្ជូនប្រភពអគ្គិសនីដែលលក់នេះ មកព្រំដែនកម្ពុជា-ឡាវ នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ ជាប់នឹងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ចំណែកអគ្គិសនីកម្ពុជាមានកាតព្វកិច្ចសាងសង់អនុស្ថានីយ និងខែ្សបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅភ្ជាប់នឹងខែ្សបញ្ជូននេះ ដើម្បីទទួលយកថាមពលអគ្គិសនី ។
– ថាមពលផលិតជាមូលដ្ឋានដែលភាគីកម្ពុជាធានាទិញគឺ ៨៥% នៃអនុភាពបញ្ចេញរបស់រោងចក្រផលិតអគ្គិសនីរបស់ក្រុមហ៊ុនទាំង ២ ។
– ថ្លៃលក់ថាមពលអគ្គិសនីឲ្យអគ្គិសនីកម្ពុជានៅចំណុចព្រំដែន គឺស្មើនឹង ៧,៧ សេនអាមេរិក ក្នុង១ គីឡូវ៉ាត់មោ៉ង និងថេរសម្រាប់អាណិតនៃកិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រយៈពេល ៣០ ឆ្នាំ។
– ពន្ធនាំចូល និងអាករលើតម្លៃបន្ថែម (VAT) លើថ្លៃអគ្គិសនីទិញចូលមកកម្ពុជាជាបន្ទុករបស់រដ្ឋ។
– លក្ខខណ្ឌធានារបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះក្រុមហ៊ុនវិនិយោគ៖
• រាជរដ្ឋាភិបាលត្រូវធានាទូទាត់ថ្លៃទិញអគ្គិសនីឲ្យក្រុមហ៊ុន ក្នុងករណីដែលអគ្គិសនីកម្ពុជា មិនបានធ្វើការទូទាត់តាមកិច្ចព្រមព្រៀងទិញ-លក់ថាមពលអគ្គិសនីី ។
• រាជរដ្ឋាភិបាលត្រូវធានាទូទាត់ការទិញយកហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងទាំង ២ ក្នុងករណីភាគីកម្ពុជា បញ្ចប់កិច្ចព្រមព្រៀងមុនអាណិត និងក្នុងករណីមានប្រធានស័កិ្តនយោបាយនៅកម្ពុជាដូចដែលរាជរដ្ឋាភិបាលកម្ពុជា​ធ្លាប់បានផ្តល់ការធានាទៅក្រុមហ៊ុនវិនិយោគក្នុងស្រុកកន្លងមក ។
• រាជរដ្ឋាភិបាលត្រូវធានាទូទាត់ការទិញយកហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងទាំង ២ ក្នុងករណីប្រធានស័ក្តិធម្មជាតិកើតមានលើទឹកដីកម្ពុជាដែលដែល​ធ្វើឲ្យក្រុមហ៊ុនវិនិយោគមិនអាចលក់ថាមពលមកកម្ពុជាបាន ។ ថ្វីត្បិតតែពីមុនមករាជរដ្ឋាភិបាលកម្ពុជាមិនដែលផ្តល់ការធានាលើករណីនេះក៏ដោយ ប៉ុន្តែដោយគម្រោងវិនិយោគទាំង ២ នេះជាគម្រោងដែលផ្គត់ផ្គង់ផ្តាច់មុខមកកម្ពុជាតែមួយគត់ ការធានាលើករណីប្រធានសក្តិធម្មជាតិនៅកម្ពុជា ជាការចាំបាច់ក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់គម្រោង ។
– លក្ខខណ្ឌធានារបស់រដ្ឋាភិបាលឡាវចំពោះរដ្ឋាភិបាលកម្ពុជា (ក្រសួងរ៉ែ និងថាមពលនៃព្រះរាជាណាចក្រកម្ពុជាចុះហត្ថលេខាទទួលលិខិតធានាគម្រោងទាំង ២ របស់រដ្ឋាភិបាលឡាវ ដែលចុះហត្ថលេខាដោយក្រសួងផែនការនិងវិនិយោគ និងក្រសួងថាមពល និងរ៉ែ នៃប្រទេសឡាវ) ៖
• ក្នុងករណីមានការទិញគម្រោងនេះដោយភាគីអគ្គិសនីកម្ពុជា រដ្ឋាភិបាលឡាវត្រូវផ្តល់សិទ្ធិសម្បទានឲ្យភាគីកម្ពុជា ចូលគ្រប់គ្រងដំណើរការនិងធ្វើអាជីវកម្ម ទាំងអណ្តូងរ៉ែធ្យុងថ្ម ទាំងរោងចក្រអគ្គិសនី និងទាំងខែ្សបណ្តោញបញ្ជូននិងអនុស្ថានីយ ដើម្បីបម្រើការផលិតអគ្គិសនី និងការបញ្ជូនអគ្គិសនី រហូតដល់ចប់អាណត្តិនៃកិច្ចព្រមព្រៀងទិញ-លក់ថាមពលអគ្គិសនី ។
• ក្នុងករណីមានការយឺតយ៉ាវ និងការបរាជ័យរបស់អ្នកវិនិយោគដែលធ្វើឲ្យភាគីកម្ពុជាមិនអាចទទួលបានថាមពលអគ្គិសនីតាមកិច្ចព្រមព្រៀង រដ្ឋាភិបាលឡាវ (តំណាងដោយក្រសួងថាមពល និងរ៉ែ) ត្រូវមានកាតព្វកិច្ចចល័តប្រភពផ្សេងដើម្បីផ្គត់ផ្គង់អគ្គិសនីកម្ពុជាជំនួសវិញ ដូចក្នុងលក្ខខណ្ឌដែលក្រុមហ៊ុនវិនិយោគបានចុះកិច្ចព្រមព្រៀងជាមួយអគ្គិសនីកម្ពុជា ។
 ផលប្រយោជន៍នៃការទិញប្រភពអគ្គិសនីពីគម្រោងនេះ
ការវិនិយោគលើគម្រោងលើគម្រោងទាំង ២ ខាងលើអាចដំណើរការទៅបាន និងអាចឲ្យអគ្គិសនី កម្ពុជា អាចទិញប្រភពអគ្គិសនីពីគម្រោងទាំង ២ ដែលជាផលប្រយោជន៍យុទ្ធសាស្រ្តវែងឆ្ងាយសម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង ។ ផលចំណេញដែលព្រះរាជាណាចក្រកម្ពុជាអាចទទួលបានពីការទិញប្រភពអគ្គិសនីពីគម្រោងផលិតអគ្គិសនីទាំង ២ ខាងលើនេះមានដូចខាងក្រោម ៖
– ទទួលបានថ្លៃអគ្គិសនី ៧,៧ សេនដុល្លារអាមេរិកក្នុងមួយគីឡូវ៉ាត់ម៉ោង ជាតម្លៃថោកធៀបនឹងបណ្តោរោងចក្រផលិតអគ្គិសនីដុតធ្យួងថ្មផ្សេងទៀតនៅកម្ពុជា និងមានតម្លៃថេរ មិនដូចការនាំចូលធ្យូងថ្មពីទីផ្សារអន្តជាតិ ដែលមានហានិភ័យថ្លៃខ្ពស់ ហើយថ្លៃនេះបានឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចុះថ្លៃភ្លើងនាពេលអនាគត ។
– ទទួលបានលក្ខខណ្ឌបច្ចេកទេស និងសេដ្ឋកិច្ច នៃកិច្ចព្រមព្រៀងទាំង ២ មានលក្ខណៈប្រសេរីជាងកិច្ចព្រមព្រៀងដែលធា្លប់មានកន្លងមក ។
– ថាមពលអគ្គិសនីដែលទទួលបានពីប្រភពទាំង ២ អាចនឹងជួយកាត់បន្ថយការទិញអគ្គិសនីដែលមានតម្លៃថ្លៃពីប្រភពនាំចូលមកពីប្រទេសវៀតណាម និងប្រទេសថៃ ក្នុងពេលបច្ចុប្បន្នផងដែរ ។
– ប្រភពអគ្គិសនីថ្មីពីគម្រោងទាំង ២ ខាងលើធានាបាននូវការផ្គត់ផ្គង់បន្ថែមដល់ប្រព័ន្ធជាតិឲ្យមានស្ថិរភាព ជាពិសេសនៅរដូវប្រាំងដែលបណ្តាស្ថានីយវារីអគ្គិសនីយើងមួយភាគធំពុំមានលទ្ធភាព ផលិតបានច្រើនអាចដំណើរការបានត្រឹមតែប្រមាណ ៣០ ភាគរយ នៃលទ្ធភាពផលិតរបស់វា ។
– នាំមកនូវការស្វែងយល់ និងបណ្តុះបណ្តាលបង្កើនសមត្ថភាពជំនាញរបស់កម្មករនិយោជិតអគ្គិសនីកម្ពុជា តាមរយៈការសិក្សានៅស្ថានីយផ្ទាល់។
– ការទទួលយកគម្រោងវិនិយោគទាំង ២ នេះ នឹងផ្គល់លទ្ធភាពឲ្យរាជរដ្ឋាភិបាលកម្ពុជាវិនិយោគសាងសង់ខែ្សបញ្ជូនតង់ស្យុងខ្ពស់ ៥០០ គីឡូវ៉ុល ថ្មីបន្ថែមទៀត ដែលអនុញ្ញាតឲ្យប្រទេសកម្ពុជាអាចទិញថាមពលដែលមានថ្លៃទាបសមរម្យ ពីបណ្តុំស្ថានីយវារីអគ្គិសនីនៅភាពខាងត្បូងនៃប្រទេសឡាវ មុនឆ្នាំ២០២៤ សម្រាប់បំពេញកង្វះខាតអគ្គិសនីនៅក្នុងប្រទេសយើង ។ លើសពីនេះទៀត ប្រព័ន្ធខែ្សបញ្ជូនថ្មីទាំងនេះក៏នឹងផ្តល់ឱកាសថ្មីឲ្យប្រទេសកម្ពុជាអាចទិញថាមពល បន្ថែមពីប្រភពផ្សេងៗទៀត ដែលមានថ្លៃទាបនៅថ្ងៃអានាគត នៅពេលដែលប្រទេសកម្ពុជាមានតម្រូវការ ស្របតាមស្មារតីកិច្ចព្រមព្រៀងសហប្រតិបត្តិការវិស័យថាមពលរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
– មិនមានផលប៉ះពាល់បរិស្ថាននៅក្នុងប្រទេសកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង