ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថាបនាផ្លូវបេតុងថ្មី២ខ្សែទៀតចងដៃអ្នកភូមិនៅ សង្កាត់ព្រែកកំពឹសមុនរដូវភ្ជុំបិណ្ឌ

15

ភ្នំពេញ៖ នៅក្នុងពេលកន្លងមកគេបានឃើញផ្លូវជាច្រើនខ្សែនៅមូលដ្ឋានខណ្ឌដង្កោ បានលេចចេញជារូបរាងយ៉ាងព្រោងព្រាត បើទោះបីផ្លូវខ្លះ ស្ថិតក្រោមការសាងសង់ ជួសជុល និងផ្លូវខ្លះទៀតកំពុងបើការដ្ឋាន សាង់សង់ក៏ដោយនោះ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ បានតអញ្ជើញបើកការដ្ឋាន ស្ថាបនាផ្លូវបេតុងចំនួន ០២ខ្សែទៀត ប្រវែងសរុប ១០២៩ម៉ែត្រ ក្នុងសង្កាត់ព្រែកកំពឹស។

ពិធីបើកការដ្ឋានស្ថាបនាផ្លូវទាំង២ខ្សែនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខណ្ឌ មន្ត្រីមន្ទីរសាធារណការរាជធានីភ្នំពេញ ព្រមទាំងស្ថាប័នពាក់ព័ន្ធ និប្រជាពលរដ្ឋយ៉ាងច្រើន ដោយបានរៀបចំពិសារនំបញ្ចុកសាមគ្គីជាមួយប្រជាពលរដ្ឋ ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលផងដែរ។

មន្ត្រីសាធារណការខណ្ឌបានឧ្យដឹងថា៖ផ្លូវបេតុងដែលបានបើកការដ្ឋានស្ថាបនា ទាំង០២ខ្សែ រួមមានខ្សែទី១ មានប្រវែង ៤៥៦ម៉ែត្រ ទទឹង ៤ម៉ែត្រ ស្ថិតក្នុងភូមិព្រែកកំពឹស និងខ្សែទី២ មានប្រវែង ៥៧៣ម៉ែត្រ ទទឹង ៤ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង។

ក្រៅពីការលើកឡើងចំពោះការរីកចំរើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានោះ លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនផងដែរ។

នៅក្នុងពិធីនោះលោកអភិបាលខណ្ឌដង្កោ បានគូសរំលេចពីសមិទ្ធិផលថ្មីមួយនេះទៀត ជាចំណងដៃជូនបងប្អូនមុនរដូវភ្ជុំបិណ្ឌ ដើម្បីងាយស្រួលធ្វើដំណើរ។ ជាមួយគ្នានេះលោក នុត ពុធដារ៉ា ក៏សុំការយោគយល់ពីបងប្អូន ដែលរស់នៅតាមសងខាងផ្លូវ សូមអាធ្រាស្រ័យចំពោះក្រុមការងារជួសជុលផ្លូវផង និងចូលរួមសហការជាមួយមន្រ្តីក្រុមការងារឲ្យបានល្អប្រសើរ ដែលទាំងនេះជាផលប្រយោជន៍រួមរបស់បងប្អូននោះទេ។

លោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានថ្លែងទៅកាន់ប្រជាពលរដ្ឋនោះ ក៏បានលើកឡើងទៀតថា នេះក៏មិនមែនជាសមិទ្ធិផលចុងក្រោយ សម្រាប់បងប្អូននោះឡើយ គឺនៅមានបន្តទៀត ទាំងនេះជាការចូលរួមទាំងផ្ទាល់ និងប្រយ៉ោលលើការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង