ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីបក្សត្រូវចងចាំ កត្តា៤យ៉ាងដែលនាំ ឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះរហូតមក

27
ភ្នំពេញ៖ លោកប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបាន ជំរុញឲ្យមន្ត្រីបក្សទាំងអស់ ត្រូវចងចាំ កត្តា៤យ៉ាងដែលនាំឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះរហូតមក នោះគឺកត្តាគោលនយោបាយ កត្តាមន្ត្រី កត្តាប្រជាពលរដ្ឋនិងកត្តាសាមគ្គីភាពឯកភាព។
   លោកប៉ា សុជាតិវង្សបានបន្តថា កត្តានយោបាយគឺគណបក្សប្រជាជនកម្ពុជាបានកំណត់នូវគោលនយោបាយត្រឹមត្រូវ ហើយ អ្វីដែលយើងត្រូវបង្កទៀតគឺការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ទី២ កក្តាមន្ត្រីគឺមន្ត្រីរបស់យើងមានលក្ខណៈសម្បត្តិល្អ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបម្រើប្រជាពលរដ្ឋ ទី៣ កត្តាប្រជាជន គឺ យើងមានគោលនយោបាយជួយប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋចូលរួមនិងគាំទ្រជាមួយគណបក្សប្រជាជនកម្ពុជា លោកថា ធ្វើការងារអ្វីក៏ដោយ អោយតែមានប្រជាពលរដ្ឋចូលរួម ការងារនោះទោះធំប៉ុណ្ណាក៏សំរេចដែរ។ កត្តាទី៤ គឺ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយយើងបានសាម្គីភាពគ្នាល្អប្រសើរក្នុងជួរបក្ស រួមបញ្ចូលគ្នាធ្វើការជាមួយគ្នាជាមួយសមាជិកបក្សចាស់ៗ និងសមាជិកវ័យក្មេងៗ។
  លោកប៉ាសុជាតិវង្ស បានលើកឡើងបែបនេះក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងសមាជិកភាពគណៈ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌកំបូលកាលពីព្រឹកថ្ងៃទី ១៤ខែសីហាឆ្នាំ ២០១៩ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌកំបូល។
   ក្នុងពិធីនោះគឺត្រូវបានតែងតាំងលោកនៅ សារឿនជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌកំបូល លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌកំបូលនិងលោកប្រាក់ សុផាតជាអនុប្រធានប្រចាំការ ជាមួយនិងការតែងតាំងជាសមាជិក សមាជិកាចំនួនជាង២០នាក់ថែមទៀត។
  លោកប៉ា សុជាតិវង្សបានបញ្ជាក់ទៀតថា ការតែងតាំងប្រធាន អនុប្រធាន សមាជិក សមាជិការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌកំបូលនេះ គឺដើម្បីបំពេញនូវបេសកកម្ម ដឹកនាំការងារគណបក្សក្នុងការពង្រឹងមូលដ្ឋានខណ្ឌសង្កាត់របស់យើងតទៅមុខទៀតអោយកាន់តែល្អប្រសើរឡើង។
   លោកនៅ សារឿន ដែលត្រូវបានប្រកាសតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌកំបូលនេះ បានធ្វើការប្តេជ្ញាចិត្តថា នឹងចុះចលនាមហាជន ឲ្យចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ ដឹកនាំនិងរំឭកសមាជិកសមាជិកាគណបក្សឲ្យអនុវត្តតួនាទីភារកិច្ចអនុវត្តតាមគោលនយោបាយគណបក្ស ឲ្យបានខ្ជាប់ខ្ជួន រក្សា សមិទ្ធផលនានារបស់គណបក្ស ។ចិត្តទុកដាក់ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែល្អប្រសើរ ។ អនុវត្តគោលនយោបាយភូមិ សង្កាត់ឲ្យមានសុវត្ថិភាពជូនប្រជាពលរដ្ឋ និងអនុវត្តផែនការ ដែលគណបក្សប្រជាជនកម្ពុជាដាក់ចុះ ឱ្យទទួលបានជោគជ័យ៕
អត្ថបទដែលជាប់ទាក់ទង