ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កែប្រែទម្លាប់កសិករ ពីការផលិត សម្រាប់បម្រើសេចក្ដីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម

104

ភ្នំពេញ៖ លោករដ្ឋមន្រ្តីកសិកម្ម បានថ្លែងថា ក្នុងបរិបទកំណើនសេដ្ឋកិច្ចនេះ បានទាមទារ និងផ្តល់ឱកាសដល់ប្រជាកសិករយើងកែប្រែទម្លាប់ ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារ ពោលគឺពី “កសិករ ទៅជា កសិ-ពាណិជ្ជករ”។ ហើយការប្រែប្រួលនេះ ក៏បានប្រែក្លាយសហគមន៍កសិកម្មយើង ទៅជាកម្លាំងចលករមួយយ៉ាងសំខាន់ ដែលនាំឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន នៅក្នុងសេដ្ឋកិច្ចសង្គមជនបទកម្ពុជាផងដែរ។

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលប្រមូលផ្តុំ ពិនិត្យគុណភាព និងចែកចាយបន្លែរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល។

លោករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រ និងជួយឧបត្ថម្ភទាំងធនធានថវិកា និងអ្នកបច្ចេកទេស ជាបន្តបន្ទាប់។ ជំនួយឥតសំណងសម្រាប់សាងសង់មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែដែលត្រូវដាក់សម្ភោធឲ្យប្រើប្រាស់នាឱកាសនេះ គឺជាសក្ខីភាពមួយទៀតបង្ហាញឲ្យឃើញយ៉ាងជាក់ស្តែងនូវសណ្តានចិត្តដ៏ឧត្តុង្គឧត្តម និងការលើកទឹកចិត្តរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះកម្ពុជាដែលកំពុងអនុវត្តនូវកម្មវិធីកំណែទម្រង់លើគ្រប់វិស័យ ក្នុងគោលដៅធ្វើទំនើបភាវូបនីយកម្ម និងការអភិវឌ្ឍប្រទេសជាតិ ដើម្បីផលប្រយោជន៍ប្រជាជនប្រកបដោយសមធម៌ និងប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ និង២០៥០។

លោករដ្ឋមន្ត្រីបន្ថែមទៀតថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនលើសពីការរំពឹងទុកក្នុងអត្រា ៧,៥% ក្នុងឆ្នាំ២០១៨ កន្លងមកនេះ ដែលជាកំណើនមួយខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ក្នុងបរិបទកំណើនសេដ្ឋកិច្ចនេះ បានទាមទារ និងផ្តល់ឱកាសដល់ប្រជាកសិករយើងកែប្រែទម្លាប់ ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារ ពោលគឺពី “កសិករ ទៅជា កសិ-ពាណិជ្ជករ”។ ហើយការប្រែប្រួលនេះ ក៏បានប្រែក្លាយសហគមន៍កសិកម្មយើង ទៅជាកម្លាំងចលករមួយយ៉ាងសំខាន់ ដែលនាំឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន នៅក្នុងសេដ្ឋកិច្ចសង្គមជនបទកម្ពុជាផងដែរ។

មួយវិញទៀត ប្រជាជនយើងក៏បានផ្លាស់ប្តូរឥរិយាបថ មកបរិភោគចំណីអាហារដែលមានស្តង់ដារ ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ជាពិសេសផលិតផលបន្លែ និងផ្លែឈើជាដើម។ រីឯភ្ញៀវទេសចរវិញក៏មានការកើនឡើង ជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យសេចក្តីត្រូវការម្ហូបអាហារ ដែលមានសុវត្ថិភាពមានការកើនឡើងឥតឈប់ឈរផងដែរ។ ដូច្នេះ ដើម្បីឆ្លើយតប និងបំពេញនូវសេចក្តីត្រូវការនៃបរិបទថ្មីនេះ តម្រូវឲ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និតពីគ្រប់ដៃគូពាក់ព័ន្ធ តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍”។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែនេះ គឺមានសារសំខាន់ និងចាំបាច់បំផុតទាំងពេលបច្ចុប្បន្ន ក៏ដូចជាសម្រាប់ពេលអនាគត សំដៅធានាបាននូវគុណភាព សុវត្ថិភាពផលិតផល ដែលអាចប្រកួតប្រជែងលើទីផ្សារ ធានាសុខុមាលលភាពសាធារណៈ និងភាតរបរិស្ថាន ហើយគឺពិតជាស្របតាមគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួង ក្នុងការជំរុញផលិតភាព គុណភាព និងសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅស្រុក។ ជាការឆ្លើយតប ក្រសួងបានដាក់ចេញនូវគោលការណ៍ និងដាក់ឲ្យប្រើប្រាស់នូវរូបសញ្ញាជាតិនៃការ អនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ជាស្តង់ដារជាតិ ហើយនឹងប្រកាសដាក់ឲ្យប្រើប្រាស់ នូវឯកសារស្តង់ដារកសិកម្មសរីរាង្គកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ ដើម្បីឲ្យការអនុវត្តទទួលបានជោគជ័យ លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍មួយចំនួនមានជាអាទិ៍៖

ទី១. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំងអស់ ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងការជំរុញ និងលើក ទឹកចិត្តដល់ប្រជាកសិករ ក៏ដូចជាសហគមន៍កសិកម្ម ក្នុងការផលិតបន្លែសុវត្ថិភាព ដែលមានស្តង់ដារច្បាស់លាស់ដូចជា CamGAP ឬសរីរាង្គ និងធ្វើការសម្រប សម្រួលក្នុងការស្នើសុំចុះបញ្ជីទទួលស្គាល់ ជាកសិដ្ឋានអនុវត្តកសិកម្មល្អ ឬកសិកម្មសរីរាង្គ ដើម្បីអាចប្រើប្រាស់ស្លាកសញ្ញាស្តង់ដារច្បាស់លាស់ លើផលិតផល ក្នុងការបង្កើនទំនុកចិត្តដល់អ្នកបរិភោគថា ជាបន្លែដែលមានគុណភាព និងសុវត្ថិភាព។

ទី២. មន្ទីរពិសោធន៍ ក្រោមឱវាទក្រសួងទាំងអស់ ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ឲ្យបានពេញលេញក្នុងការវិភាគ រកនូវសារធាតុបង្កផលប៉ះពាល់ ដល់សុខភាពគ្រប់ប្រភេទរួមមាន ទាំងសំណល់ថ្នាំកសិកម្ម លោហៈធ្ងន់ និងសំណល់ជីវសាស្ត្រជាដើម។ ត្រូវបន្តលើកកម្ពស់ការងារបណ្តុះបណ្តាល និង ផ្សព្វផ្សាយអំពីលក្ខខណ្ឌបច្ចេកទេស នៃការប្រើប្រាស់ជី-ថ្មាំកសិកម្ម ដល់ប្រជាកសិករ និងសហគមន៍កសិកម្មឲ្យបាន
ខ្ជាប់ខ្ជួន ជៀសវាងការអនុវត្តខុសបច្ចេកទេស ដែលបណ្ដាលឲ្យប៉ះពាល់ ដល់សុខុមាលភាពសាធារណៈ។

ទី៣. ត្រូវជំរុញការអនុវត្តយន្តការផលិតកម្មតាមកិច្ចសន្យា ក៏ដូចជាជំរុញការអភិវឌ្ឍកសិដ្ឋានគំរូ និងការពង្រឹងសហគមន៍កសិកម្ម ឲ្យប្រែក្លាយទៅជាកសិ-ធុរកិច្ច។

ទី៤. ត្រូវគិតគូរជាមួយដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយកសិកម្ម ក៏ដូចជា ទីផ្សារកសិកម្មតាមលក្ខណៈឌីជីថល ឲ្យបានទូលំទូលាយដល់ប្រជាកសិករ និងសហគមន៍កសិកម្ម ដើម្បីប្រែក្លាយវិស័យកសិកម្ម ទៅជាកសិកម្មបែបប្រពលវប្បកម្ម មានផលិតភាពខ្ពស់ និងផលិតសម្រាប់ធ្វើពាណិជ្ជកម្ម៕

អត្ថបទដែលជាប់ទាក់ទង