ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេឈ្មួញឈើនៅភូមិភាគឦសានក៏មានថ្ងៃនេះដែរ ហើយទំនងជាពុំដែលគិតផង! តុលាការខេត្តមណ្ឌលគិរី ឃុំខ្លួនឧកញ៉ា ស៊ឹង សំអុល និងបក្ខពួកដាក់ពន្ធនាគារ ពាក់ព័ន្ធបទល្មើសព្រៃឈើក្រោមបទចោទប្រកាន់៤ករណី

46

មណ្ឌលគិរី៖ ឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក ដែលពុំ នឹកស្មានថាខ្លួន បានធ្លាក់ដល់ដំណាក់កាលចុងក្រោយ សូម្បីតែយោលសប្តិក៏ពុំនឹកឃើញនោះ ដែលរងនូវការចាប់ខ្លួនពាក់ព័ន្ធបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរីនោះ ហើយត្រូវបានតុលាការខេត្ត មណ្ឌលគិរី សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោក ទៀង ស៊ីថា ប្រធានសាលាដំបូងខេត្តមណ្ឌលគិរី និងជាចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនឧកញ៉ា ស៊ឹង សំអុល និងគូកន៣នាក់ទៀត ជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្ត ក្រោមបទចោទប្រកាន់៤ករណី ពាក់ព័ន្ធបទល្មើសព្រៃឈើ។

លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងខេត្តមណ្ឌលគិរី បានថ្លែងប្រាប់កាសែតក្នុងស្រុកថា តំណាងអយ្យការបានចោទប្រកាន់ឧកញ៉ា ស៊ឹង សំអុល និងគូកន ចំនួន៤បទល្មើស តាមច្បាប់ស្តីពីព្រៃឈើ គឺបទប្រើប្រាស់គ្រឿងចក្រ យានយន្តសម្រើឲ្យការប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ឬគ្មានស្លាកសម្គាល់, បទប្រមូលផល អនុផលព្រៃឈើដោយខុសច្បាប់, បទដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងបទធ្វើសន្និធិផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី ដោយចាប់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង ៤០គ្រឿងផងដែរ។
ប្រតិបត្តិការនេះ បានកើងមានឡើងបន្ទាប់ពីគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានសម្រេចដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ដើម្បីរឹតបន្តឹងច្បាប់ឲ្យបានតឹងរ៉ឹង និងសម្រេចឲ្យមានការបំផ្លាញចោលមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ នៅនឹងកន្លែងតែម្តង។

រថយន្តដឹកឈើល្មើសច្បាប់ចំនួន ៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃជ្រៅ ពិបាកក្នុងការនាំចេញមកក្រៅវិញនោះ ត្រូវបានកម្លាំងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យធ្វើការកម្ទេចចោលនៅនឹងកន្លែងតែម្តង។

សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មព្រៃឈើ បានឡើងបន្ទាប់ពីគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមានលោក នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន បានសម្រេចដាក់ចេញនូវវិធានការតឹងរ៉ឹង និងសម្រេចឲ្យមានការបំផ្លាញចោលមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ នៅនឹងកន្លែងតែម្តង៕

អត្ថបទដែលជាប់ទាក់ទង