ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា​បន្ត​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​សកម្មភាព​ នៃ​សន្និសីទ​អន្តរជាតិ​ ស្ដី​ពី​ប្រជាជន​និង​ការ​អភិវឌ្ឍន៍​ជាតិ​

9

​ភ្នំពេញ​ ៖​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ថ្លែង​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ប្ដេជ្ញា​ចិត្ត​បន្ត​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​សកម្មភាព​ នៃ​សន្និសីទ​អន្តរជាតិ​ស្ដី​ពី​ប្រជាជន​និង​ការ​អភិវឌ្ឍន៍​ ក្នុង​ន័យ​នេះ​សម្ដេច​ក៏​បាន​ណែនាំ​ ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​របស់​រាជរដ្ឋាភិបាល​ត្រូវ​បន្ត​ពង្រឹង​កិច្ចសហការ​និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​ល្អ​ជាមួយនឹង​ដៃគូ​អភិវឌ្ឍន៍​ នានា​អង្គការ​សង្គម​ស៊ី​វិល​និង​អ្នកមាន​ចំណែក​ពាក់ព័ន្ធ​ផ្សេងៗ​ ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​កម្មវិធី​សកម្មភាព​នៃ​សន្និសីទ​អន្តរជាតិ​ស្តី​ពី​ប្រជាជន​និង​ការ​អភិវឌ្ឍ​សំដៅ​សម្រេច​បាន​ជោគជ័យ​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សកល​និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ដោយ​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​លុប​ចោល​ ។​

​ការ​ថ្លែង​បញ្ជាក់​របស់​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទិវា​ប្រជាជន​ពិភពលោក​ នៅ​ទី​៣០​ នៃ​សន្និសីទ​អន្តរជាតិ​ ស្ដី​ពី​ប្រជាជន​និង​ការ​អភិវឌ្ឍន៍​ កាលពី​រសៀល​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០១៩​ ។​
​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​មាន​ប្រសាសន៍​ថា​ កម្ពុជា​គឺជា​ប្រទេស​ហត្ថលេខី​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន​ ១៧៩​ ដែល​បាន​ចុះហត្ថលេខា​ទទួលយក​កម្មវិធី​សកម្មភាព​នៃ​សន្និសីទ​ អន្តរជាតិ​ស្ដី​ពី​ប្រជាជន​និង​ការ​អភិវឌ្ឍន៍​ មក​អនុវត្ត​ដោយ​កម្ពុជា​បាន​ដាក់​បញ្ចូល​បញ្ហា​ប្រជាជន​និង​កត្តា​ឌី​ណា​មិ​ក​ ប្រជាសាស្ត្រ​ ទៅ​ក្នុង​ដំណើរការ​នៃ​ការ​រៀបចំ​ផែនការ​អភិវឌ្ឍ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ជាតិ​សំខាន់ៗ​ ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​ការ​ផ្ដល់​សិទ្ធិ​ដល់​ស្ត្រី​និង​យុវជន​កម្ពុជា​ឲ្យ​មានការ​ទទួលខុសត្រូវ​ពេញលេញ​លើ​សុខភាព​បន្ត​ពូជ​និង​ការ​ពន្យារកំណើត​របស់​ខ្លួន​ ។​ ក្របខ័ណ្ឌ​គោលនយោបាយ​អភិវឌ្ឍ​ជាតិ​រួម​មាន​ យុទ្ធសាស្ត្រ​ចតុកោណ​គ្រប់​ដំណាក់កាល​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ក៏​ដូច​ជា​គោលនយោបាយ​ជាតិ​ប្រជាជន​ និង​ផែនការ​យុទ្ធសាស្ត្រ​នារីរតនៈ​ បាន​បញ្ជាក់​ច្បាស់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​និង​សិទ្ធិ​ស្ត្រី​ ហើយ​និង​ដើម្បី​សម្រេច​បាន​នូវ​ការ​ទទួល​ បានជា​សាកល​នូវ​សិទ្ធិ​សុខភាព​ផ្លូវភេទ​និង​សុខភាព​បន្ត​ពូជ​ ។​

​រយៈពេល​២៥​ឆ្នាំ​កន្លង​មក​ យើង​ទទួល​បាន​នូវ​សមិទ្ធផល​គួរ​ជាទី​គាប់ចិត្ត​យ៉ាងច្រើន​ ទន្ទឹម​នឹង​នេះ​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​បន្ថែម​ទៀត​ទៅ​លើ​បញ្ហា​ប្រឈម​ចម្បងៗ​ ដែល​នៅ​តែ​មាន​ជា​ពិសេស​ទាក់ទង​នឹង​គុណភាព​សេវា​ ។​ ការ​បង្កើត​គោលនយោបាយ​និង​សេចក្តីណែនាំ​ថ្មីៗ​ជា​បន្តបន្ទាប់​នឹង​អាច​ជួយ​សម្រួល​ដល់​គូស្រករ​ក្នុង​ការ​ទទួល​បាន​នូវ​សេវា​សុខភាព​បន្ត​ពូជ​ ជា​ពិសេស​ស្ត្រី​និង​ក្មេង​ស្រី​មាន​ជម្រើស​ត្រឹមត្រូវ​ក្នុង​ការ​រៀបចំ​ផែនការ​ពន្យារកំណើត​ ហើយ​អាច​មានឱកាស​សិក្សា​បាន​ខ្ពស់​និង​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ​និង​ប្រទេស​ជាតិ​បាន​ប្រសើរ​ ។​
​សម្ដេច​ក្រឡាហោម​បាន​បន្ត​ថា​ ក្រសួងផែនការ​តាម​រយៈ​អគ្គលេខាធិការដ្ឋាន​ប្រជាជន​និង​ការ​អភិវឌ្ឍ​ត្រូវ​បន្ត​កិច្ចសហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ជា​ពិសេស​ UNFPA​ រៀបចំ​វេទិកា​ប្រជាជន​ពិភពលោក​នេះ​ឲ្យ​បាន​ទៀងទាត់​ ដើម្បី​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​និង​ការ​ទទួលខុសត្រូវ​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រជាជន​និង​ការ​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន​ ជា​ពិសេស​សុខភាព​បន្ត​ពូជ​របស់​ស្ត្រី​និង​ក្មេង​ស្រី​ ៕

អត្ថបទដែលជាប់ទាក់ទង