ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រៀបចំកសាងប្រព័ន្ធរដ្ឋាភិបាលអេឡិកត្រូនិកនៅកម្ពុជា

38

ភ្នំពេញ៖ លោករដ្ឋមន្ត្រី ត្រាំ អុីវតឹក បានធ្វើបទបង្ហាញឯកសារទស្សនាទានស្ដីពី “ការកសាងប្រព័ន្ធរដ្ឋាភិបាលអេឡិកត្រូនិកនៅកម្ពុជា” ដែល ជាការងារជាអាទិភាពនារយៈពេលខ្លី មធ្យម និងវែង ក្នុងការរៀបចំរដ្ឋាភិបាលឌីជីថល ដែលជាសសរស្តម្ភមួយក្នុងការប្រែក្លាយទៅជាសេដ្ឋកិច្ចឌីជីថល ដែលជាទិន្នាការសកល និងឈានទៅដល់Smart Nation នាថ្ងៃអនាគត។

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ធ្វើបទបង្ហាញឯកសារទស្សនាទានស្តីពី “ការកសាងប្រព័ន្ធរដ្ឋាភិបាលអេឡិកត្រូនិកនៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធមកពីក្រសួងទាំងពីរផងដែរ។

នាឱកាសនោះ លោករដ្ឋមន្ត្រី ត្រាំ អុីវតឹក បានធ្វើបទបង្ហាញអំពីការរៀបចំការងារដែលពាក់ព័ន្ធនឹងការកសាងរដ្ឋាភិបាលអេឡិកត្រូនិក ដោយបានបង្ហាញនូវអភិក្រមនៃការបង្កើតរដ្ឋាភិបាលឌីជីថល និងបទពិសោធដែលប្រទេសមួយចំនួនដែលឈានមុខគេលើវិស័យនេះ ដូចជាសាធារណរដ្ឋកូរ៉េ សិង្ហបុរី និងអេស្តូនីជាដើម បានធ្វើក្នុងការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។

គូសបញ្ជាក់ផងដែរថា ការកសាងរដ្ឋាភិបាលឌីជីថលជាការងារមួយដ៏ធំដែលត្រូវមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់តាមរយៈការធ្វើគោលនយោបាយ យុទ្ធសាស្ត្រ ការកសាងច្បាប់លិខិតបទដ្ឋានគតិយុត្តិ ការរៀបចំស្ថាប័នគ្រប់គ្រង ការរៀបចំយុទ្ធសាស្ត្រហិរញ្ញវត្ថុសម្រាប់រដ្ឋាភិបាលអេឡិកត្រូនិក ការធ្វើផែនការតាមដំណាក់កាល ការរៀបចំគម្រោងរដ្ឋាភិបាលអេឡិកត្រូនិករបស់រាជរដ្ឋាភិបាល ការអនុវត្តប្រព័ន្ធការងារកុំព្យូទ័រ និងការផ្តល់សេវាសាធារណៈដល់ប្រជាជន។

កិច្ចប្រជុំបានពិភាក្សាលើការងារជាអាទិភាពនារយៈពេលខ្លី មធ្យម និងវែង ក្នុងការរៀបចំរដ្ឋាភិបាលឌីជីថល ដែលជាសសរស្តម្ភមួយក្នុងការប្រែក្លាយទៅជាសេដ្ឋកិច្ចឌីជីថល ដែលជាទិន្នាការសកល និងឈានទៅដល់Smart Nation នាថ្ងៃអនាគត។ ដើម្បីធានានូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការងារ និងធានានូវសង្គតភាពនៃប្រព័ន្ធរវាងក្រសួងនានានៅពេលអនាគត អង្គប្រជុំយល់ឃើញថា គួរបង្កើតក្រុមការងារក្នុងក្របខ័ណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការពង្រាងនូវគោលនយោបាយរដ្ឋាភិបាលឌីជីថល ដោយមានការពិគ្រោះយោបល់រវាងគ្នា រវាងអន្តរក្រសួងពាក់ព័ន្ធ ក៏ដូចជាជាមួយក្រុមការងារសេដ្ឋកិច្ចឌីជីថលនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា ដើម្បីឈានទៅដល់ការសម្រេចនូវគោលនយោបាយ ក៏ដូចជាផែនការមេរដ្ឋាភិបាលឌីជីថល នាឆ្នាំខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង