ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ដួចផ្ដើមបង្កើតកម្មវិធីព័ត៌មានវិទ្យា សម្រាប់ត្រួតពិនិត្យព័ត៌មានរបស់យានយន្ត និងអ្នកបើកបរនៅត្រង់កន្លែងត្រួតពិនិត្យយានយន្តចេញ-ចូល កំពង់ផែស្វយ័តក្រុងព្រះសីហនុ

31

ព្រះសីហនុ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យអង្គភាពជំនាញ របស់កំពង់ផែស្វយ័ត សហការជាមួយនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈរបស់ក្រសួង ផ្ដួចផ្ដើមបង្កើតកម្មវិធីព័ត៌មានវិទ្យា សម្រាប់ត្រួតពិនិត្យព័ត៌មានទាំងឡាយរបស់យានយន្ត និងអ្នកបើកបរនៅត្រង់កន្លែងត្រួតពិនិត្យយានយន្តចេញ-ចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ រថយន្តចេញ-ចូលកំពង់ផែ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់កំពង់ផែស្វយ័ត ក្រុង ព្រះសីហនុក្នុងការកសាងជាតិមាតុភូមិ ដោយបានរួមចំណែករក្សាកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំក្នុងរង្វង់៧%ប្រកបដោយចីរភាព និងផែនការមេ និងគោលនយោបាយកាត់បន្ថយតម្លៃដឹកជញ្ជូនឱ្យបានសមស្រប។

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ បុគ្គលិក និងកម្មករកំពង់ ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកអគ្គនាយកកំពង់ផែ មន្ត្រីរាជការ បុគ្គលិក និងកម្មករកំពង់ផែស្វយ័តក្រុងព្រះសីហនុជាច្រើននាក់ផងដែរ។

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីអំពីគម្រោងសាងសង់ជួសជុល ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន២២ខ្សែ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបង្ហូរទឹកកខ្វក់ និងទឹកភ្លៀង ជាពិសេស ការលើកកម្ពស់ផ្លូវជាតិលេខ៣ លេខ៤ លេខ៣១ លេខ៣៣ លេខ៤១ ដើម្បីរួមចំណែកដល់ការសម្រួលចរាចរណ៍ដឹកជញ្ជូនទំនិញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុឆ្ពោះទៅកាន់រាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល។

ជាងនេះទៅទៀត លោកទេសរដ្ឋមន្ត្រីបានក្រើនរំលឹកមពីតួនាទីមន្ត្រីសាធារណៈ ក្នុងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ ពោលគឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព និងបានបង្ហាញពីយុទ្ធសាស្រ្តខ្លះៗទាក់ទងនឹងការផ្ដល់សេវាសាធារណៈ ដូចជា៖ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ការបង្ខិតសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋ យន្តការប្រើប្រាស់រថយន្តឆៀក ចល័ត និងយន្តការផ្សេងៗទៀតដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ។

ជាទីបញ្ចប់ លោកទេសរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានខិតខំប្រឹងប្រែង បំពេញការងាររបស់ខ្លួន សម្រេចបានលទ្ធផលល្អ និងបានស្នើឱ្យបន្តកិច្ចសហការ ចូលរួមផ្ដល់គំនិតថ្មីៗសំដៅធ្វើទំនើបកម្មលើការ បម្រើសេវាសាធារណៈ និងបានស្នើឱ្យអង្គភាពជំនាញ របស់កំពង់ផែស្វយ័ត សហការជាមួយនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈរបស់ក្រសួង ផ្ដួចផ្ដើមបង្កើតកម្មវិធីព័ត៌មានវិទ្យា សម្រាប់ត្រួតពិនិត្យព័ត៌មានទាំងឡាយរបស់យានយន្ត និងអ្នកបើកបរនៅត្រង់កន្លែងត្រួតពិនិត្យយានយន្តចេញ-ចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ រថយន្តចេញ-ចូលកំពង់ផែ៕

អត្ថបទដែលជាប់ទាក់ទង