ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើងខ្លាំងថៃសេង ធៀងណយណាត់ជួបគ្នា លើសង្វៀនជាមួយរឿង សោភ័ណ្ឌ

77

​ភ្នំពេញ:លើសង្វៀនអ្នកប្រយុទ្ធកំពូលថាមពលChampion របស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី៧មិថុនាអ្នកប្រដាល់កម្ពុជារឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍បានណាត់ប្រកួតជាមួយអ្នកប្រដាល់ថៃសេង ធៀងណយ(Seng ThiengNoy)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។

​អ្នកប្រដាល់ថៃរូបនេះពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរឡើយ ។នេះជាលើកដំបូងហើយដែលគេឆ្លងដែនមកប្រកួត នៅស្រុកខ្មែរហើយឡើងតស៊ូជាមួយអ្នកប្រដាល់ជើងខ្លាំងរឿង សោភ័ណ្ឌតែម្ដង ។សោភ័ណ្ឌពូកែឆ្វេងតែកម្លាំងរបស់គេប្រកួតបានខ្លាំងតែត្រឹម៣ទឹកប៉ុណ្ណោះបើទឹកទី៣គេផ្ដួលគូប្រកួតមិនបានទេ នោះចាប់ពីទឹកទី៤ទៅកម្លាំងគេធ្លាក់ចុះ។

​សោភ័ណ្ឌមានប្រវត្តិប្រកួតចំនួន១៦៧ដង ឈ្នះ១៤៥ដង ចាញ់១៨ដង និងស្មើពិន្ទុ៤ ដង ។ ការប្រកួតចុងក្រោយរបស់សោភ័ណ្ឌគឺចាញ់អ្នកប្រដាល់ថៃអាវ វ៉ាតាន(Ao Watan)ដោយពិន្ទុ ។ សម្រាប់ការប្រកួតនេះមិនដឹងថា សោភ័ណ្ឌអាចយកឈ្នះសេង ធៀងណយបានឬមិនបាន ?

​សូមបញ្ជាក់ថាអ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦៤ដង ចាញ់១២ដង និងស្មើពិន្ទុ២ដង មិនដឹងថាគេឆ្លងដែនមកនេះដើម្បីបង្ក្រាបសោភ័ណ្ឌ ឬ ក៏ត្រូវសោភ័ណ្ឌបង្ក្រាបវិញនោះឡើយ ?

​សេង ស្រឿនក្លិបមហិទ្ធិរិទ្ធមេសថ្ងកខេត្តស្វាយរៀងត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃផេត សាយឈុន(Phat Saichhun)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

​អ្នកប្រដាល់ថៃរូបនេះក៏ពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរដែរមិនដឹងថាគេខ្លាំងឬខ្សោយនោះទេ ។ បើតាមការឲ្យដឹងពីលោកថៃ អ៊ូដែលជាអ្នកដឹកនាំកីឡាករបរទេសមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះថាលោកក៏ពុំធ្លាប់ឃើញអ្នកប្រដាល់ថៃរូបនេះវ៉ៃដែរតែគ្រូ និង ប្រធានក្លិបរបស់គេថាមិនអន់ឡើយ ។​ចំពោះសេង ស្រឿនពេលខ្លះគេវ៉ៃល្អេះមែនទែនតែពេលខ្លះគេវ៉ៃអន់ ។ គេជាអ្នកប្រដាល់ដែលប្រើជើងទាត់បានល្អ កណ្ដាប់ដៃធ្ងន់ចំពោះកែងមិនសូវជាច្បាស់នោះទេ ។អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៨៩ដង ឈ្នះ៦៩ដង ចាញ់១៩ដង និងស្មើពិន្ទុ១ដង ។

​ផេត សាឈុនវិញគេមានប្រវត្តិប្រកួតចំនួន៥៩ដង ឈ្នះ៥០ដង និងចាញ់៩ដង ។ កំណត់ត្រាប្រកួតរបស់គេមិនអាក្រក់ទេតើគេអាចផ្ដួលសេង ស្រឿនបានឬទេ ?

អត្ថបទដែលជាប់ទាក់ទង