ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្ម​មិត្តភាព​ កម្ពុជា-ឥណ្ឌូនេស៊ី

119


ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរ ឆ្នាំ២០១៩ ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋឥណ្ឌូនេស៊ី ដែលព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៩-២១ ខែកក្កដា ឆ្នាំ២០១៩ នាសួនសាធារណៈមាត់ស្ទឹងសៀមរាប ទល់មុខព្រះរាជដំណាក់ក្រុងសៀមរាប ខេត្តសៀមរាប។

ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងបំផុសគំនិតច្នៃប្រឌិត និងជំរុញការលើកទឹកចិត្តដល់សិប្បករ ផលិតករ និងសេវាករកម្ពុជា ខិតខំផលិតទំនិញ និងសេវាកម្មថ្មីៗ ប្លែកៗ សម្រាប់បម្រើទីផ្សារទាំងក្នុង និងក្រៅប្រទេស ជាពិសេសជួយលើកកម្ពស់ការធ្វើធុរកិច្ចលើវិស័យវត្ថុអនុស្សាវរីយ៍ ផលិតផលកែច្នៃពីសូត្រខ្មែរ សម្ភារៈផ្ទះបាយ ផលិតផលសិប្បកម្ម ម្ហូបអាហារ និងភេសជ្ជៈ សេវាបោះពុម្ព និងផ្សព្វផ្សាយ ក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម និងពង្រីកទីផ្សារ។ នាឱកាសនេះធុរជន នឹងបានស្វែងយល់បទពិសោធន៍លើការកែច្នៃ ការវេចខ្ចប់ ការដាក់ស្លាកសញ្ញាលើផលិតរបស់ខ្លួនអនុលោមតាមលក្ខខណ្ឌតម្រូវរបស់ទីផ្សារ។

ទន្ទឹមនឹងនេះដែរ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញ លោក លោកស្រី ដែលមានបំណងចូលរួមតាំងបង្ហាញផលិតផល និងសេវាកម្ម ដូចមានរៀបរាប់ខាងលើ សូមប្រញាប់រួសរាន់មកដាក់ពាក្យនៅនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ព្រោះចំនួនស្តង់មានកំណត់។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញសាធារណៈជនទូទៅ ចូលរួមទស្សនាការតាំងបង្ហាញផលិតផលខ្មែរ និងឥណ្ឌូនេស៊ី និងគាំទ្រព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះនៅលើទឹកដីខេត្តសៀមរាប កុំបីខកខានឡើយ៕

អត្ថបទដែលជាប់ទាក់ទង