ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនម្នាក់របួសធ្ងន់ធ្ងរត្រង់ភ្នែកដេរ២៤ថ្នេរ មិនទាន់ទទួលបានភាពយុត្តិធម៌ជិត៣ខែហើយ បើទោះជាមានដីកោះច្រើន លើកពីសាលាដំបូងក្តី

18
ភ្នំពេញ៖ រឿងរ៉ាវបង្ករបួសស្នាមលើយុវជនម្នាក់ បានរងរបួសធ្ងន់ធ្ងរត្រង់ភ្នែកខាងឆ្វេងដេរ២៤ថ្នេរ មិនទាន់ទទួលបានភាពយុត្តិធម៌ ខណៈអូសបន្លាយពេលជិត ៣ខែ បើទោះជាមានដីកោះច្រើនលើកពីសាលាដំបូងខេត្តកណ្ដាល ដោយជនបង្កនៅតែមានសិទ្ធិសេរីភាពដើរហើរក្នុងភូមិធ្វើដូចជាមិនមានរឿងអី្វកើតឡើង។
  ឪពុកឈ្មោះរឿន ផលលៀប មុខរបរ កសិករ និងម្តាយឈ្មោះ សុខ នៀង អាយុ៥៥ឆ្នាំ មុខកសិករ បានលើកឡើងកាលពីថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៩នេះថា រឿងដាវបង្ករបួសស្នាមលើកូនគាត់បានកើតឡើងអស់រយៈពេល ៣ខែមកហើយតែជនបង្កនៅមានសិទ្ធិសេរីភាពដើរហើរក្នុងភូមិ។ អ្វីដែលពួកគាត់ចង់បានគឺភាពយុត្តិធម៌ជូនកូនគាត់ត្រូវបានជនបង្កវាយនឹងកែវដេររហូតដល់ ២៤ថ្នេររងការឈឺចាប់យ៉ាងខ្លាំង តែមិនទទួលបានយុត្តិធម៌និងទទួលភាពអើពើពីអាជ្ញាធរមូលដ្ឋានក៏ដូចជាផ្នែកច្បាប់នៅខេត្តកណ្ដាលទាល់តែសោះ។
លោកទាំងពីរបានបន្តទៀតថា ជនបង្កត្រូវបានតុលាការខេត្តកណ្ដាលចេញដីកាកោះជាច្រើនលើក ប៉ុន្តែហាក់គ្មានប្រសិទ្ធភាព ធ្វើឲ្យកូនគាត់បានត្រឹមតែការឈឺចាប់ខាតពេលវេលាធ្វើការ ហើយរងរបួសធ្ងន់ត្រង់ភ្នែកជាខ្លាំង។
ក្នុងនាមម្ដាយឪពុកសូមអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធក៏ដូចជាសាលាដំបូងខេត្តកណ្ដាលសូមមេត្តាជួយរកយុត្តិធម៌ឲ្យកូនរបស់ខ្លួន ព្រោះការចេញដីកាកោះហៅច្រើនលើកតែហាក់ដូចគ្មានឥទ្ធិពលនិងតម្លាភាពទើបពួកគាត់សុំឲ្យលោកស្នងការខេត្តកណ្ដាលមេត្តាចេញដីការឃាត់ខ្លួនតែម្ដង ព្រោះកន្លងមកចេញដីកាកោះហៅធម្មតាតែជនបង្កមិនបានចូលខ្លួនដោះស្រាយឡើយ។
សូមរំលឹកថា យុវជនម្នាក់ បានរងរបួសធ្ងន់ធ្ងរត្រង់ភ្នែកខាងឆ្វេងដេរ២៤ថ្នេរ ខណៈដែលរូបគេជាអ្នកកំដរការមិត្តភក្តិ បែរជាត្រូវយុវជនម្នាក់គប់មួយកែវស្រាបៀរដោយមិនដឹងមូលហេតុ កាលពីថ្ងៃទី២២ខែមីនាឆ្នាំ២០១៩ ស្ថិតនៅឃុំពាមឧញ៉ាកអុង ស្រុកល្វាឯម ខេត្តកណ្តាល ហើយពេលដែលកម្លាំងនគរបាលស្រុកល្វាឯម ខេត្តកណ្តាល ចាប់ខ្លួនជនបង្កបានហើយបែរជាដោះលែងឲ្យមានសេរីភាពទៅវិញ ដោយករណីហិង្សានេះមិនទាន់ដោះស្រាយចប់ជាមួយជនរងគ្រោះនៅឡើយ ហើយភាពអយុត្តិធម៌ពេកក្រុមគ្រួសាររងគ្រោះបន្តដាក់ពាក្យបណ្ដឹងទៅស្នងការនគរបាលខេត្តកណ្ដាល ជួយធ្វើអន្តរាគមន៍តាមចាប់ជនបង្ករបួសស្នាមមកលើកូនប្រុសគាត់នោះចាត់ការតាមច្បាប់កាលពីថ្ងៃទី១មេសាកន្លងមកនេះ ។
ជនបង្ករបួសស្នាមឈ្មោះ សៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលមានឪពុកឈ្មោះ ផាត អាយុ៥៧ឆ្នាំ ។ ចំណែក ជនរងគ្រោះ ឈ្មោះ លៀប ស៊ីណា អាយុ១៨ឆ្មាំ មុខរបរធ្វើការហាងជប៉ុន ។ ឪពុកឈ្មោះរឿន ផលលៀប មុខរបរ កសិករ និងម្តាយឈ្មោះ សុខ នៀង អាយុ៥៥ឆ្នាំ មុខកសិករ ។
យោងតាមប្រភពព័ត៍មានពីជនរងគ្រោះ បានឲ្យដឹងកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ ២០១៩ថា មុនពេលកើតហេតុ ខ្លួនបានទៅធ្វើជាអ្នកកំដរការមិត្តភ័ក្កិនៅស្រុកកើតហេតុខាងលើ ខណៈដែលកំដរចប់រួច រូបខ្លួនបានចូលហូបបាយធម្មតា ស្រាប់តែជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួកច្រើននាក់ទៀត បានកាន់កែវស្រាបៀរតម្រង់មកតុរបស់ខ្លួនតែម្តង ។បន្ទាប់មកជនដៃដល់ឈ្មោះ សៅ បានប្រតាយប្រតប់ជាមួយមិត្តភក្កិរបស់ខ្លួនម្នាក់ទៀត ទើបធ្វើឲ្យជនបង្កខឹងក៏គប់កែវស្រាបៀរនោះដាក់មិត្តភក្កិ ប៉ុន្តែមិត្តភក្កិបានគេចផុត ស្រាប់តែហោះមកត្រូវចំចំហៀងមុខខាងឆ្វេងបណ្ដាលឲ្យបែកចិញ្ចើមឈាមរហូតដួលសន្លប់ស្ដូកស្ដឹង ភ្លាមនោះត្រូវបានមិត្តភក្តិដឹកបញ្ជូនទៅសង្គ្រោះភ្លាមនៅមន្ទីរពេទ្យក្បែរនោះ ដោយគ្រូពេទ្យដេរអស់ចំនួន២៤ថ្នេរ ។
ជនរងគ្រោះបន្តទៀតថា ក្រោយកើតហេតុភ្លាមៗកម្លាំងនគរបាលប៉ុស្តិ៍ឃុំពាមឧកញ៉ាអុង បានចុះទៅអន្តរាគមន៍ភ្លាៗ ដោយបានឃាត់ខ្លួនជនបង្កហេតុយកមកសាកសួរនិងកសាងសំណុំរឿងបញ្ជូនមកកាន់អធិការស្រុកល្វាឯម ដើម្បីធ្វើការដោះស្រាយគ្នាតាមច្បាប់ ។ ប៉ុន្តែអ្វីដែលហួសចិត្តនោះគឺសមត្ថកិច្ចឃាត់ខ្លួនជនបង្កបានតាំងពីម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ (ថ្ងៃកើតហេតុ) ប៉ុន្តែឪពុកជនរងគ្រោះបានសុំសមត្ថកិច្ចថា ចាំស្អែកព្រឹកនឹងចូលខ្លួនដោះស្រាយគ្នា ព្រោះឥឡូវមកមើលកូននៅមន្ទីរពេទ្យដោយសាររបួសធ្ងន់ធ្ងរពេក ។ លុះព្រឹកថ្ងៃដដែល អធិការស្រុកល្វាឯម ស្រាប់តែដោះលែងជនបង្កហេតុឲ្យត្រលប់ទៅផ្ទះវិញធម្មតា ដោយមិនបានចោទប្រកាន់ជនបង្ក និងគ្មានសំណងណាមួយដល់ជនរងគ្រោះឡើយ ដោយសំអាងថាមានឪពុកម្តាយជាអ្នកធានាជនបង្ក ទើបអធិការស្រុកដោះលែងជនបង្កទាំងបំពានច្បាប់ ព្រោះមិនទាន់មានការឯកភាពពីក្រុមគ្រួសារជនរងគ្រោះនោះទេ ។
ជនរងគ្រោះបន្តទៀតថា រហូតមកដល់ពេលនេះជនបង្កបែរជាដើរហើរយ៉ាងមានសេរីភាព ចំណែកខ្លួនដេកព្យាបាលជំងឺនៅពេទ្យទាំងមានការឈឺចាប់បំផុត ។
គួរបញ្ជាក់ផងដែរថា បើយោងតាមក្រមព្រហ្មទណ្ឌកម្ពុជាមាត្រា២១៨ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បានចែងថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ៕
អត្ថបទដែលជាប់ទាក់ទង