ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លីកាដូ​ស្នើសុំ​ឱ្យអាជ្ញាធរ​អនុវត្តច្បាប់ ស្ដី​អំពី​ពលកម្ម​កុមារ​ឱ្យមាន​ប្រសិទ្ធភាព

30


ភ្នំពេញ៖អង្គការ​លីកាដូ​បានចេញសេចក្តីថ្លែងការណ៍ស្ដីពី នៅថ្ងៃទិវា​ពិភពលោក​ប្រឆាំង​នឹង​ពលកម្ម​កុមារ​។ លីកាដូ​ស្នើសុំ​ឱ្យអាជ្ញាធរ​អនុវត្តច្បាប់ស្ដី​អំពី​ពលកម្ម​កុមារ​ឱ្យមាន​ប្រសិទ្ធភាព។

ថ្ងៃនេះ​ (១២មិថុនា) អង្គការសម្ព័នខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) បានចូលរួម ប្រារព្ធ ទិវា ពិភពលោក ប្រឆាំងនឹង ពលកម្មកុមារ ដោយមាន រៀបចំសកម្មភាព មួយចំនួន នៅក្នុង សិប្បកម្ម ផលិតឥដ្ឋ ចំនួនពីរ រួមមាន សិប្បកម្ម ផលិតឥដ្ឋ ខេង ហុក ស្ថិត ក្នុងស្រុកខ្សាច់កណ្ដាល និង សិប្បកម្ម ផលិតឥដ្ឋ ត្បូងពេជ្រ ស្ថិតក្នុង ស្រុក មុខកំពូល ខេត្តកណ្ដាល។ មនុស្ស ប្រមាណជា ២០០ នាក់ បានចូលរួម ប្រារព្ធ ទិវានេះ ក្នុងនោះ មាន ម្ចាស់ សិប្បកម្ម ផលិតឥដ្ឋ កម្មករ-កម្មការិនី និងកុមារ។ ការប្រារព្ធ ទិវានេះ ធ្វើឡើង ដើម្បី ចូលរួម លើកកម្ពស់ ការយល់ដឹង នៅក្នុង វិស័យ សិប្បកម្ម ផលិតឥដ្ឋ ពាក់ព័ន្ធ នឹងបទល្មើស ព្រហ្មទណ្ឌ និងផលវិបាក នៃការប្រើប្រាស់ ពលកម្ម កុមារ និងទាសភាព បំណុល ក៏ដូចជា សារៈសំខាន់ នៃសុវត្ថិភាព នៅកន្លែង ធ្វើការជាដើម។
ការប្រារព្ធ ទិវា ទាំងពីរ ទីតាំង ខាងលើនេះ ត្រូវបាន រៀបចំ ឡើង ដើម្បី ធានាថា ម្ចាស់ សិប្បកម្ម ផលិតឥដ្ឋ ទាំងពីរ និង នយោជិត ទាំងអស់ ដែល ធ្វើការ នៅទីនោះ ទទួល បានការយល់ដឹង ប្រសើរ ជាងមុន ស្ដីពី ហានិភ័យ នៃការ ប្រើប្រាស់ ពលកម្ម កុមារ និង ទាសភាព បំណុល។ ក្រៅពីនេះ ក៏មានការ ធ្វើបទ បង្ហាញ និង ចែកខិត្តប័ណ្ណ ផ្សព្វផ្សាយ ដល់ ម្ចាស់ សិប្បកម្ម និង កម្មករ ពាក់ព័ន្ធ នឹងបទ បញ្ញត្តិ មួយចំនួន នៅក្នុង ច្បាប់ស្ដីពី ការងារ និង ការប្ដេជ្ញាចិត្ត របស់ រាជរដ្ឋាភិបាល កម្ពុជា ជាមួយ នឹងអនុសញ្ញា លេខ ១៨២ របស់ អង្គការ ពលកម្ម អន្តរជាតិ ដើម្បី បញ្ឈប់ រាល់ទម្រង់ អាក្រក់ បំផុត នៃពលកម្ម កុមារ ។
លីកាដូ ជឿជាក់ថា ការចូលរួម របស់ ភាគី ពាក់ព័ន្ធ ទាំងអស់ រួមមាន អាជ្ញាធរ ម្ចាស់ សិប្បកម្ម ផលិតឥដ្ឋ កម្មករ -កម្មការិនី និង កូនៗ របស់ អ្នកទាំងនោះ គឺជា មធ្យោបាយ មួយប្រកប ដោយ ប្រសិទ្ធភាព ដើម្បីលើក កម្ពស់ ការយល់ដឹង ស្ដីពី ការបម្រើ ពលកម្ម ដើម្បី ដោះបំណុល និង កម្មករ ជាអនីតិជន ដែលត្រូវ បានប្រទះ ឃើញជារឿយៗ នៅក្នុង សិប្បកម្ម ផលិតឥដ្ឋ ក្នុងប្រទេស កម្ពុជា។ ប៉ុន្តែនេះ ជារឿង សំខាន់ សម្រាប់ អាជ្ញាធរ កម្ពុជា ដែលមាន ទំនួលខុសត្រូវ ក្នុងការ អនុវត្ត បទបញ្ញត្តិ ផ្សេងៗ ដែលមាន ស្រាប់ ដើម្បីបញ្ឈប់ ជាបន្ទាន់ នូវពលកម្ម កុមារ នៅក្នុង សិប្បកម្ម ផលិតឥដ្ឋ និង ធានាថា គ្មានកុមារ ណាម្នាក់ ត្រូវរងរបួស នៅសិប្បកម្ម ទាំងនេះ បន្តទៀត។
ថ្មីៗនេះ ក្នុងខែមីនា ឆ្នាំ២០១៩ ក្មេងស្រី អាយុ១០ឆ្នាំម្នាក់ ត្រូវបាន រងរបួស ដាច់ដៃស្ដាំ ម្ខាង នៅក្នុង សិប្បកម្ម ផលិតឥដ្ឋ។ ទោះបីជា នាងជា អនីតិជន ប៉ុន្តែ នាងបាន ជួយ ឪពុកម្ដាយ ដាក់ដី ចូលក្នុង ម៉ាស៊ីន កាត់ឥដ្ឋ ដែលទទួល បានប្រាក់ កម្រៃ តាម ចំនួន ផលិតកម្ម។ ជាទម្លាប់ នៃសិប្បកម្ម ផលិតឥដ្ឋ ដែល មាន កម្មករ ជំពាក់ បំណុល ម្ចាស់សិប្បកម្ម ផលិតឥដ្ឋ ប្រាក់កម្រៃ បែបនេះ អាចផ្ដល់ ជាមធ្យោបាយ លើកទឹកចិត្ត ដល់គ្រួសារ ដើម្បី បង្កើន ចំនួន ផលិតកម្ម ដោយ ឱ្យសមាជិក គ្រួសារ ចូលរួម ជួយធ្វើការ។
ភ្លាមៗ បន្ទាប់ពី ហេតុការណ៍នេះ ក្រសួង ការងារ និង បណ្ដុះបណ្ដាល វិជ្ជាជីវៈ បាន សម្រេចផាក ពិន័យ ម្ចាស់សិប្បកម្ម និង បិទដំណើរការ របស់ សិប្បកម្ម។ ប៉ុន្តែ គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ លីកាដូ បាន សង្កេត ឃើញថា សិប្បកម្ម ផលិតឥដ្ឋ មួយនេះ គឺនៅដំណើរការ នៅឡើយ ទោះបីជា មានចំនួន ផលិតកម្ម តិចជាងមុន ក៏ដោយ។ អាជ្ញាធរ អនុវត្ត ច្បាប់ និងមន្រ្តីពាក់ព័ន្ធ មាន កាតព្វកិច្ច ដើម្បី ចាត់វិធាន ការឱ្យមាន ប្រសិទ្ធភាព ជាងនេះ ក្នុងការ បញ្ឈប់ ពលកម្ម កុមារ និងទាសភាព បំណុល នៅក្នុង សិប្បកម្មផលិតឥដ្ឋ។
នៅក្នុងរបាយការណ៍ ចុះផ្សាយឆ្នាំ២០១៦ ដែលមានចំណងជើងថា ការ អភិវឌ្ឍ លើ ទាសភាព “ការ បញ្ចាំ ខ្លួន ដោះ បំណុល និង ពលកម្ម កុមារ ក្នុង សិប្បកម្ម ផលិតឥដ្ឋ នៅ កម្ពុជា” លីកាដូបាន ឃ្លាំមើលដំណើរការ ផលិតឥដ្ឋ ចំនួន១១ ទីតាំងធំៗ នៅភាគខាងជើង រាជធានីភ្នំពេញ ក្នុងនោះ មាន សិប្បកម្ម ផលិតឥដ្ឋជាង១០០ និងកម្មកររាប់ពាន់នាក់។ របាយការណ៍នេះ បានពណ៌នាលម្អិត ពីមធ្យោបាយដែល ម្ចាស់សិប្បកម្មជ្រើសរើសកម្មករ ផ្ដល់ប្រាក់បំណុលឱ្យខ្ចី និងកន្លែងស្នាក់នៅ ដោយដោះដូរគ្នាថា កម្មករនឹងធ្វើការ រហូតដល់អ្នកទាំងនោះ ដោះបំណុលទាំងអស់នោះរួច។ ប្រាក់កម្រៃ ទាបមានន័យថា កម្មករជារឿយៗតែងតែតស៊ូ ធ្វើការរកប្រាក់ដើម្បីដោះបំណុល និងស្នើសុំ ឱ្យកូនៗ ជួយធ្វើការ ដើម្បីបង្កើនចំនួន ផលិតកម្ម និងប្រាក់កម្រៃ។ របាយការណ៍ក៏បានរៀបរាប់ ពីករណីចំនួន៣ ដែលកុមារត្រូវបានរងគ្រោះដាច់ដៃ ដោយម៉ាស៊ីនកាត់ឥដ្ឋ ក្នុងនោះមានកុមារម្នាក់ បាន ស្លាប់បាត់បង់ជីវិត ដោយសាររបួសធ្ងន់ធ្ងរ ពេក។
ទោះបីជាមានបទបញ្ញត្តិ មួយចំនួន និងការលើកឡើង ជាច្រើនឆ្នាំលើបញ្ហានេះ ការរីករាលដាល នៃពលកម្មកុមារនៅក្នុង សិប្បកម្មផលិតឥដ្ឋ បានបង្ហាញថា អាជ្ញាធរមិនទាន់ បានចាត់វិធានការ សមស្រប ក្នុងការបញ្ឈប់ ពលកម្មកុមារ និងទាសភាពបំណុល នៅក្នុងសិប្បកម្មផលិតឥដ្ឋ នៅឡើយទេ។ នៅក្នុង របាយការណ៍ ឆ្នាំ២០១៦ លីកាដូបានដាក់ចេញ អនុសាសន៍ ជាច្រើនជូនទៅ រាជរដ្ឋាភិបាលកម្ពុជា ដើម្បី ស្នើសុំឱ្យអនុវត្ត ឱ្យមានប្រសិទ្ធភាព នូវច្បាប់ស្ដីពី ទាសភាពពលកម្ម និងដើម្បីលុបបំបាត់ រាល់ទម្រង់ នៃទាសភាព បំណុល។ ធនធាន និងថវិកាគ្រប់គ្រាន់ គួរត្រូវបានផ្ដល់ សម្រាប់អាជ្ញាធរ ដើម្បីឃ្លាំមើល និងស៊ើបអង្កេត ទៅលើករណីពលកម្មកុមារ និងអនុវត្តឱ្យមាន ប្រសិទ្ធភាពនូវការដាក់ទោស ប្រឆាំងនឹង ជនប្រព្រឹត្ត បទល្មើស ដូចមានចែង ក្នុងច្បាប់ស្ដីពីការងារ និងសេចក្ដីណែនាំ ផ្សេងៗ។ ដូចគ្នាផងដែរ រាជរដ្ឋាភិបាល និងម្ចាស់សិប្បកម្ម គួរមានទំនួលខុសត្រូវ និងគណនេយ្យភាព ចំពោះភាពខ្វះចន្លោះ ក្នុងការបញ្ឈប់ទម្រង់ ណាមួយ ឬទាំងអស់ នៃពលកម្មកុមារ។
កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងការងារបានចេញ សេចក្ដីណែនាំដោយ មានវិធានការ៥ចំណុច ក្នុងការហាមក្មេងចូលទៅ ក្នុងបរិវេណខ្សែសង្វាក់ ផលិតកម្មនៃសិប្បកម្ម ផលិតឥដ្ឋ។ វិធានការទាំងនេះរួមមាន ការធ្វើស្លាកសញ្ញាហាមឃាត់ ការហាមឃាត់ ជាដាច់ខាត នូវការ ប្រើប្រាស់ ទាសភាពបំណុល ការឃ្លាំមើលជាប្រចាំ នៃខ្សែសង្វាក់ផលិតកម្ម ការរៀបចំកន្លែង ស្នាក់នៅ ឱ្យឃ្លាតឆ្ងាយ ពីខ្សែសង្វាក់ផលិតកម្ម និងការហាមឃាត់ ជាដាច់ខាតនូវរាល់ទម្រង់ នៃការកេងប្រវ័ញ្ច ពលកម្មលើកុមារ ។
អ្វីដែលសំខាន់ជាងការ ចេញសេចក្ដីណែនាំទៅទៀតនោះ គឺ អាជ្ញាធរគួរតែអនុវត្ត វិធានការ ផ្លូវច្បាប់ ឱ្យបានហ្មត់ចត់ រួមមាន ការធ្វើអធិការកិច្ច ឱ្យបានតឹងរឹង និងទៀងទាត់ ការធ្វើការជាមួយ ម្ចាស់សិប្បកម្មផលិតឥដ្ឋ និងការអប់រំកម្មករ អំពីហានិភ័យ និងបទល្មើសព្រហ្មទណ្ឌ នៃពលកម្មកុមារ និងទាសភាព បំណុល។ អនុសាសន៍ ទាំងនេះ និង មួយចំនួនទៀត ត្រូវបានរៀបរាប់ លម្អិត នៅក្នុង របាយការណ៍ លីកាដូឆ្នាំ២០១៦ហើយ។
ជាថ្មីម្ដងទៀត លីកាដូ សូមស្នើសុំដោយ ទទូចថា មិនគួរ មានពលកម្មកុមារ នៅក្នុង ប្រទេស កម្ពុជា ហើយក្មេងមិនទាន់ គ្រប់អាយុ មិនគួរត្រូវបាន រងរបួស ឬស្លាប់បាត់បង់ ជីវិត នៅកន្លែងធ្វើការ ក្នុងវិស័យណាមួយនោះទេ។ អាជ្ញាធរកម្ពុជា គួរចាត់វិធានការ ឱ្យមានប្រសិទ្ធភាព ដើម្បីប្រឆាំង រាល់ទម្រង់ នៃការប្រើប្រាស់ពលកម្មកុមារ និងទាសភាពបំណុល។ ប្រសិនបើចំណាត់ការ ទាំងនេះ មិនត្រូវបាន ធ្វើឡើងនោះទេ ទម្រង់អាក្រក់ នៃទាសភាពសម័យទំនើប នេះនឹងបន្តរីករាលដាល នៅក្នុង ប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង