ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស ខេង ដាក់បទបញ្ជាឲ្យសមត្ថកិច្ចបង្ក្រាបបទល្មើសលាងលុយកខ្វក់អោយបានខ្លាំងក្លា ខណៈដែលកម្ពុជាត្រូវគេ ចាត់ទុកថា ជាកន្លែងប្រព្រឹត្តបទល្មើសមួយនេះ

27

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បញ្ជាដល់កម្លាំងមានសមត្ថកិច្ចកម្ពុជាទាំងអស់ ត្រូវខិតខំបង្ក្រាបបទល្មើសលាងលុយកខ្វក់អោយបានខ្លាំងក្លា ខណៈប្រទេសកម្ពុជា ត្រូវបានគេចាត់ទុកថា ជាប្រទេសពណ៌ប្រផេះជាកន្លែងប្រព្រឹត្តបទល្មើសមួយនេះ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាកន្លងមកថ្មីៗនេះ កម្ពុជាធ្លាប់បានបង្ក្រាបជាបន្ដបន្ទាប់ នូវការនាំចូលលុយដ៏ច្រើនលើសលុប នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ និងបានឃាត់ខ្លួនអ្នកប្រព្រឹត្តផងដែរ។ សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ដូច្នេះ

ថា «រឿងលាងលុយ ឥឡូវនេះកម្ពុជាត្រូវគេចាត់ទុកថា ជាប្រទេសប្រផេះ ចឹងគេឃ្លាំមើល ព្រោះមួយជំហានទៀតវានឹងទៅខ្មៅ បើសិនណាយើងមិនយកចិត្តទុកដាក់។ សម្ដេចក្រឡាហោមយល់ថា អ្នកឃុបឃិតរកស៊ីរឿងនេះ បានមានតែមនុស្សមួយក្រុមទេ ប៉ុន្ដែបើងាប់ គឺងាប់ប្រទេសនិងប្រជាជាតិ។ បើថ្ងៃណាមួយគេចាត់ទុកថា កម្ពុជាជាប្រទេសខ្មៅលាងលុយចប់ ដែលប្រឈមនឹងការលំបាក»។

សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ទៀតថា ប្រសិនបើ ស្រាវជ្រាវរកឃើញមានបទល្មើសនេះ ត្រូវរាយការណ៍ភ្លាមទៅសម្ដេចផ្ទាល់ ដើម្បីមានវិធានការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបជាក់ស្ដែងតែម្តង។

សម្ដេចប្រមុខដឹកនាំក្រសួងមហាផ្ទៃ ក្នុងឱកាសនោះក៏បានក្រើនរំលឹកផងដែរថា អ្នកដែលប្រព្រឹត្តបទល្មើសនេះ គឺពិតជាមានល្បិចខ្ពស់ណាស់ ដូច្នេះហើយសមត្ថកិច្ចដែលមានការពាក់ព័ន្ធ ពិសេស អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបង្កើនការប្រុងប្រយ័ត្នលើករណីនេះ។

ការដាក់បទបញ្ជាបែបនេះរបស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ ដោយត្រូវបានប្រកាស លោកប៉ា សុជាតិវង្ស ជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ដោយមានសមាជិកក្រុមប្រឹក្សាចំនួន២៧រូប៕

 

អត្ថបទដែលជាប់ទាក់ទង