ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំហំពាណិជ្ជកម្មកម្ពុជា និងបារាំង បានឈានដល់ ១,២៦ លានដុល្លារអាមេរិក

14

ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងវេទិកាប្រចាំឆ្នាំ របស់ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេស របស់បារំាងថា ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងបារាំង បានឈានទៅដល់ចំនួន ១,២៦ លានដុល្លារអាមេរិក នៅឆ្នាំ២០១៨ ស្មើនឹងកំណើនចំនួន ៩,២% ពីឆ្នាំ២០១៧ ដោយ ៩១% នៃទំហំពាណិជ្ជកម្មនេះ គឺជាការនាំចេញពីកម្ពុជា ទៅប្រទេសបារាំង។

នៅក្នុងសុន្ទរកថាស្វាគមន៍ លោករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ ជាពិសេសចំពោះ ទីប្រឹក្សាបារាំងនៅអាស៊ាន ធុរជន និងអ្នកចូលរួមទាំងអស់ ដែលបានចូលរួមក្នុងពិធីនេះ។

លោកបានថ្លែងថា កម្ពុជាជាប្រទេសដែលមានភាពបើកទូលាយ និងគោលនយោបាយអនុគ្រោះជាច្រើន សម្រាប់ការវិនិយោគ ពាណិជ្ជកម្ម និងធុរកិច្ច ហើយតាមរយៈ គោលនយោបាយគាំទ្រធុរកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងបារាំង បានឈានទៅដល់ចំនួន ១,២៦ លានដុល្លារអាមេរិក នៅឆ្នាំ២០១៨ ស្មើនឹងកំណើនចំនួន ៩,២% ពីឆ្នាំ២០១៧ ដោយ ៩១% នៃទំហំពាណិជ្ជកម្មនេះ គឺជាការនាំចេញពីកម្ពុជា ទៅប្រទេសបារាំង។

លោករដ្ឋមន្ត្រី បានយកវេទិកានេះ ជម្រាបជូនអំពីការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការធានាបានសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍។ លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា កំពុងតែអនុវត្តកម្មវិធីកំណែទម្រង់នានា ដើម្បីជួយសម្រួល ដល់បរិយាកាសធុរកិច្ច ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត ដោយទាំងអស់នេះ ជាចក្ខុវិស័យដែលបានកំណត់ នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥។

ក្រៅពីនោះផងដែរ លោករដ្ឋមន្ត្រី ក៏បានរំលឹកអំពីទំនាក់ទំនង ជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំង ក៏ដូចជាព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រមួយផ្សេងទៀត គឺការចុះបញ្ជីស្រាសាំប៉ាញ ជាផលិតផលកំណត់ភូមិសាស្ត្រនៅកម្ពុជា។

នៅរាត្រីថ្ងៃទីព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាកិត្តិយស ក្នុងពិធីជប់លៀងស្វាគមន៍ នៃវេទិកាប្រចាំឆ្នាំ របស់ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេស របស់បារំាងនៅតាម ប្រទេសអាស៊ាន រៀបចំឡើងដោយលោកជំទាវ អេវ៉ា ហ្គ្វៀនប៊ីញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានប្រារព្ធធ្វើ នៅក្នុងស្ថានទូតបារាំង ប្រចាំនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង