ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានិងបេឡារូសនឹងអាច ពង្រីកថែមទៀត លើការវិនិយោគ កែច្នៃ វេចខ្ចប់ និងធ្វើការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារសហភាពអឺរ៉ុប

36


ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជាជាមួយនឹងបេឡារូស ភាគច្រើនស្តោតទៅលើគ្រឿងយន្តកសិកម្ម ហើយ នាពេលអនាគត លោក រដ្ឋមន្រ្តីកសិកម្ម សង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះ នឹងអាចពង្រឹង និងពង្រីកថែមទៀត ជាពិសេសលើការវិនិយោគ កែច្នៃ វេចខ្ចប់ និងធ្វើការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុប។

នារសៀលថ្ងៃទី២៤ឧសភា លោកចេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានទទួលជួបលោក VLADIMIR GOSHIN ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបេឡារូសដើម្បីសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងប្រទេសទាំងពីរនាពេលអនាគត។

លោក រដ្ឋមន្រ្តីបាន ជម្រាបជូនឯកអគ្គរដ្ឋទូតថា កន្លងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរភាគច្រើនស្តោតទៅលើគ្រឿងយន្តកសិកម្មតែប៉ុណ្ណោះ នាពេលអនាគត លោក រដ្ឋមន្រ្តីសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះ នឹងអាចពង្រឹង និងពង្រីកថែមទៀត ជាពិសេសលើការវិនិយោគ កែច្នៃ វេចខ្ចប់ និងធ្វើការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារសហភាពអឺរុប។ ម៉្យាងវិញទៀត ដោយសារសាធារណរដ្ឋបេឡារូស មានជំនាញផ្នែកគ្រឿងយន្តកសិកម្ម តាមរយៈលោក ឯកអគ្គរដ្ឋទូត លោករដ្ឋមន្រ្តីបានស្នើឲ្យទៅក្រុមហ៊ុនផលិតគ្រឿងយន្តពិនិត្យ និងពិចារណាផលិតគ្រឿងយន្តសម្រាប់ប្រមូលផលដំឡូងមីដើម្បីជួយកាត់បន្ថយពលកម្មដែលកំពុងមានការខ្វះខាតពលកម្មក្នុងការប្រមូលផល។ ផលិតកម្មដំឡូងមីភាគច្រើនប្រើពលកម្មមនុស្ស ខាតពេល តម្លៃពលកម្មកាន់តែខ្ពស់ និងជាពិសេសសមស្រប តាមគោលនយោបាយទំនើបកម្មកសិកម្មរបស់ក្រសួង។ នាឳកាសនេះ លោកក៏បានជូនមតិទៅលោក ឯកអគ្គរដ្ឋទូតពិនិត្យលើការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេសតាមរយៈ ការធ្វើទស្សនកិច្ច កម្មសិក្សារបស់មន្រ្តីជំនាញនៃប្រទេសទាំងពីរ។ ជាការឆ្លើយតប លោក ឯកអគ្គរដ្ឋទូត បានឯកភាពចំពោះសំណើរបស់លោក រដ្ឋមន្រ្តីដែលបានលើកឡើង ដោយលោកបាន បញ្ជាក់ថាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹង និងពង្រីកក្នុងពេលឆាប់ៗ តាមរយៈកិច្ចប្រជុំមួយ រវាងវិស័យឯកជន និងរដ្ឋ នៅខែកក្កដាខាងមុននេះ នៅខេត្តសៀមរាប។ ចំពោះការផ្លាស់ប្តូរមន្រ្តីជំនាញនៃប្រទេសទាំងពីរ លោក ឯកអគ្គរដ្ឋទូតបានស្វាគមន៍ចំពោះគំនិតនេះ ដោយលោកបានបញ្ជាក់ថា ការផ្លាស់ប្តូរនេះនឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង