ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ ទេសរដ្ឋមន្ត្រី​ អូស្មាន​ ហាស្សាន់​ ផ្ដល់អំណោយសប្បុរសធម៏​ ជាកញ្ចប់អាហារស្រាយបួស​ ជូនបងប្អូនសាសនិកឥស្លាម​ នៅខណ្ឌឫស្សីកែវ​ ២០០គ្រួសារ

63


ភ្នំពេញ៖ ​ លោកទេសរដ្ឋមន្ត្រី​ អូស្មាន​ ហាស្សាន់​ ប្រធាន​អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា​ បានចែកអំណោយ
សប្បុរសធម៏ ជាកញ្ចប់អាហារស្រាយបួសរ៉ាម៉ាឌន​ ជូនដល់លោកតា​ លោកយាយ​ និងបងប្អូន​សាសនិកឥស្លាម​ ចំនួន​ ២០០គ្រួសារ ស្ថិតនៅវិហារឥស្លាមគីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ កាលពីថ្ងៃអង្គារ ១១កើត ខែពិសាខ ឆ្នាំកុរឯកស័កព.ស២៥៦២ត្រូវនិងថ្ងៃ១៤ ឧសាភា ឆ្នាំ២០១៩ ។
អំណោយទាំងនេះ​ ទទួលបានការឧបត្ថម្ភពី​ មូលនិធិឌីយ៉ាណែត​ នៃប្រទេសតួរគី​ សហការជាមួយ​ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា​។ ក្នុងកញ្ចប់អំណោយនីមួយៗរួមមាន អង្ករ​ ១០គីឡូក្រាម,ប្រេងឆា​៥លីត្រ ,ស្ករស​៥គីឡូក្រាម, អំបិល​ ១គីឡូក្រាម និង​ សណ្តែកខៀវ​១គីឡូក្រាម​។
លោក​ទេសរដ្ឋមន្ត្រី​ អូស្មាន​ ហាស្សាន់​ បានថ្លែងអំណរគុណចំពោះម្ចាស់ជំនួយតួរគី​ ដែលបានពាំនាំនូវអំណោយដ៏ថ្លៃថ្លានេះមកពីទីដ៏សែនឆ្ងាយរាប់ម៉ឺនគីឡូម៉ែត្រ​ ចែកជូនដល់បងប្អូនយេីងនៅទីនេះ។ នេះបានបង្ហាញពីក្តីស្រលាញ់​ដ៏ធំធេងបំផុតមួយ​ ក្នុងនាមជាសាសនិកតែមួយ​ បេីទោះបីជាតិសាសន៍ខុសគ្នាក្តី។​
លោក ​ទេសរដ្ឋមន្ត្រី​ ក៏បានជម្រាបគណៈប្រតិភូ​ និងអង្គពិធីថា​ ក្រោមការដឹកនាំរបស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រជាជាតិទាំងអស់​ កំពុងរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខ។ ដោយឡែក​ សាសនិកឥស្លាម​ មានសិទ្ធិសេរីភាព​ពេញលេញ ហេីយមិនត្រឹមតែបាននិងកំពុងរស់នៅស្មេីមុខស្មេីមាត់ជាមួយសាសនិកដ៏ទៃទៀតទេ​ ថែមទាំងទទួលបាននូវការអនុគ្រោះ​ និងការផ្តល់ជូនជាបន្តបន្ទាប់សព្វគ្រប់បែបយ៉ាង។ ចុងក្រោយនេះ​ រាជរដ្ឋាភិបាល​ ក៏បានឲ្យគ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់​ រៀបចំបន្ទប់ថ្វាយបង្គុំ​ សម្រាប់គ្រូពេទ្យ​ សិស្ស និស្សិត​ និង​ អ្នកជំងឺ​ ដែលជាសាសនិកឥស្លាម​ បានប្រណិប័ត។
ក្នុងឱកាសនោះ​ផងដែរ លោក​ ទេសរដ្ឋមន្ត្រី​ ក៏បានអំពាវនាវឲ្យបងប្អូនទាំងអស់​ ចូលរួមសាមគ្គីគ្នាជាធ្លុងមួយ​ ធ្វេីយ៉ាងណា​ ការពារឲ្យបាននូវសុខសន្តិភាព​ ដែលរាជរដ្ឋាភិបាល​ បានខិតខំរកមកដោយលំបាក​ ឲ្យនៅគង់វង្សជានិច្ចនិរន្តតរៀងទៅ។
យោងរបាយការណ៍របស់ លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា អ្នកសម្របសម្រួលគម្រោងរបស់អង្គការមូលនិធិអភិវឌ្ឍមន៍មុស្លិមកម្ពុជា បានអោយដឹងថា៖ ក្នុងខែរ៉ាម៉ាឌន​ ២០១៩​ នេះ​ មូលនិធិឌីយ៉ាណែត​នៃប្រទេសតួរគី​ សហការ​ជាមួយ​ អង្គការរបស់លោក បានផ្តល់កញ្ចប់ស្បៀង អាហាររ៉ាម៉ាឌនសរុប ១០០០កញ្ចប់ នឹងបន្តចែកកញ្ចប់ឧបភោគ បរិភោគនេះ​ នៅក្នុងខេត្តចំនួន​៥​ទៀត​ ដូចជា​កំពង់ធំ,​កំពង់ឆ្នាំង​ ពោធិ៍សាត់​,បាត់ដំបង​ និង​ បបន្ទាយមានជ័យ ក្រៅពីនេះ ក្នុងគម្រោងរ៉ាម៉ាឌនដូចគ្នា យើងក៏មានធ្វើកិច្ចសហការជាមួយបណ្តាអង្គការអន្តរជាតិនានា ដែលបានកំពុងធ្វើការចែកចាយជាបន្តបន្ទាប់ នៅកម្ពុជាផងដែរ ៕ ដោយ៖ សារីទ្ធី

អត្ថបទដែលជាប់ទាក់ទង