ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស៊ី ជីនភីង បង្ហាញពីចំណងមិត្តភាពរវាងប្រទេសចិន និងកម្ពុជា ឲ្យពិភពលោកបានឃើញ

49

ប៉េកាំង៖ នាវេលាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យចូលជួបសវនាការជាមួយ លោកសុី ជិនភីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នាវិមានមហាប្រជាជនចិន រដ្ឋធានីប៉េកាំង ។ នេះបើតាមការផ្សាយរបស់ហ្វេសប៊ុកព្រះបរមរាជវាំង ។

លោក ស៊ី ជីនភីង បានថ្លែងបង្ហាញថាចំណងមិត្តភាពរវាងប្រទេសចិន និងកម្ពុជា បានបង្ហាញពិភពលោកឲ្យឃើញកាន់តែច្បាស់អំពីមិត្តភាពដ៏ពិតប្រាកដ និងយូរអង្វែងរវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន ហើយវាក៏កំណត់នូវជោគវាសនានៃប្រទេសទាំងពីរផងដែរ។ លោកបានបន្តលើកឡើងថាប្រទេសចិន គោរពស្រឡាញ់ចំពោះមិត្តភាពដ៏ពិសេសជាមួយព្រះរាជវង្សានុវង្សនៃប្រទេសកម្ពុជា បណ្តាមេដឹកនាំចិនជាច្រើនជំនាន់បានបង្កើតចំណងមិត្ដភាពដ៏ជិតស្និទ្ធជាមួយ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ហើយយើងត្រូវតែទទួលថែរក្សាមរតកនេះ និងបន្តពង្រឹងចំណងមិត្តភាពឱ្យបានល្អប្រសើរ ដើម្បីបន្សល់ទុកឱ្យ ចំណងមិត្តភាពកម្ពុជា-ចិន ត្រូវឆ្លងកាត់ពីជំនាន់មួយទៅជំនាន់មួយបន្តទៀត។ ប្រទេសចិន នឹងនៅតែបន្តគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍប្រទេសកម្ពុជា ស្របតាមគោលនយោបាយជាតិរបស់ខ្លួន និងបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទសកម្ពុជា ដើម្បីជំរុញភាពជាដៃគូរយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសចិន និងប្រទេសកម្ពុជា ឲ្យបានរីកចម្រើនឈានដល់កម្រិតថ្មីមួយ។ ជាចុងបញ្ចប់ លោក បានថ្លែងថា ភាគីទាំងពីរគួរតែអនុវត្តផែនការសកម្មភាពនានាដើម្បីកសាងសហគមន៍ចិន និងកម្ពុជា ដើម្បីផ្តល់ឱកាសឱ្យប្រជាជនទាំងពីរអាចទទួលបានផលប្រយោជន៍ និងសម្រាប់ជាគំរូក្នុងការគោរពគ្នាទៅវិញទៅមក ព្រមទាំងសម្រាប់ការស្វែងយល់អំពីអរិយធម៏ និងភាពសំប្បូរបែបនៃវប្បធម៌របស់ប្រទេសទាំងពីរ ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះរាជបន្ទូលថា ព្រះអង្គសូមថ្លែងអំណរគុណយ៉ាងកក់ក្តៅជាទីបំផុត ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ចំពោះទំនាក់ទំនងដ៏ជ្រាលជ្រៅដែលបានផ្តល់ជូនព្រះរាជវង្សានុវង្ស នៃប្រទេសកម្ពុជា និងចំពោះការគាំទ្រដ៏មានតម្លៃដែលប្រទេសចិនបានផ្តល់ដល់ប្រជាជនកម្ពុជាអស់រយៈពេលជាយូរមកហើយ។ ប្រជាជនកម្ពុជា នឹងឈរយ៉ាងរឹងមាំជាមួយប្រជាជនចិននៅគ្រប់កាលៈទេសៈទាំងអស់។ ប្រទេសកម្ពុជា សូមអបអរសាទរ សាធារណរដ្ឋប្រជាមានិតចិន ចំពោះសមិទ្ធផលដែលសម្រេចបានក្រោមការអភិវឌ្ឍដ៏ធំធេងរបស់ខ្លួនក្នុងរយៈពេល 70 ឆ្នាំកន្លងមកនេះចាប់តាំងពីការបង្កើតឡើង នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបានកោតសរសើរដល់ឥទ្ធិពលដ៏សំខាន់របស់ចិន នៅក្នុងកិច្ចការអន្តរជាតិ ហើយសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយ “ផ្លូវមួយខ្សែក្រវាត់មួយ” ។ ព្រះអង្គបានបន្តថា សន្និសីទការសន្ទនាស៊ីវិលអាស៊ាន ដែលបានផ្តួចផ្តើមបង្កើតឡើងដោយ លោកប្រធានាធិបតី ស៊ី ជីនភីង នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសទាំងអស់។

អត្ថបទដែលជាប់ទាក់ទង