ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការអ្នកប្រជាធិបតេយ្យ ស្នើសុំឲ្យសហភាពអឺរ៉ុប (EU) ផ្ដល់ភាពយុត្តិធម៌ដល់កម្ពុជា ក្នុងករណីក្របខ័ណ្ឌ «អ្វីទាំងអស់ក្រៅពីសព្វាវុធ (EBA)»

31

បើតាមការផ្សព្វផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៤ឧសភា បានឲ្យដឹងថា សេចក្ដីបកប្រែក្រៅផ្លូវការនៃសេចក្ដីប្រកាសព័ត៌មានរបស់ អង្គការអ្នកប្រជាធិបតេយ្យកណ្ដាលអន្តរជាតិ (Centrist Democrats International (IDC-CDI)) ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ដែលធ្វើនៅទីក្រុងព្រុចសែល ដូចខាងក្រោម៖ យើងទាំងអស់គ្នាជាសមាជិក អង្គការអ្នកប្រជាធិបតេយ្យកណ្ដាលអន្តរជាតិ (Centrist Democrats International (IDC-CDI)) សូមស្នើសុំឲ្យសហភាពអឺរ៉ុប (EU) ផ្ដល់ភាពយុត្តិធម៌ដល់កម្ពុជា ក្នុងករណីក្របខ័ណ្ឌ «អ្វីទាំងអស់ក្រៅពីសព្វាវុធ (EBA)»។ កម្ពុជាដែលជាប្រទេសដែលក្រោកពីសង្គ្រាម និងជាប្រទេសអភិវឌ្ឍន៍តិចតួច បានទទួលផលប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម ដូចជា EBA ជាដើម ក្នុងនោះកម្មករ-កម្មារិនីប្រមាណ ១ លាននាក់ ដោយភាគច្រើនជាស្ត្រីមកពីតំបន់ជនបទ បានទទួលនូវការងារក្នុងឧស្សាហកម្មវាយនភណ្ឌ ដែលទទួលបានភាពអនុគ្រោះក្នុងទីផ្សារសហភាពអឺរ៉ុប ដោយមិនមានពន្ធគយ និងមិនមានកូតា។

យើងក៏បានកត់សម្គាល់ដោយពេញចិត្ត ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញលក្ខខណ្ឌ និងការទាមទារបស់សហភាពអឺរ៉ុប ដែលរួមបញ្ចូលអនុសញ្ញាចំនួន ១៥ ក្រោមក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មពិភពលោកទាក់ទងនឹងការពង្រីកការអភិវឌ្ឍន៍នយោបាយ និងសេដ្ឋកិច្ច សិទ្ធិការងារ និងទំហំសេរីភាពនៅកម្ពុជា។

យើងត្រូវតែយល់ថាដំណើរការនៃលទ្ធិប្រជាធិបតេយ្យជាដំណើរការវែងឆ្ងាយ។ ការកើនឡើងនូវគ្រួសារមានចំណូលកម្រិតមធ្យមនៅកម្ពុជា បានធ្វើវិភាគទានគួរកត់សម្គាល់ដល់ការពង្រឹងដោយពេញលេញ នូវតម្លៃប្រជាធិបតេយ្យ និងការសាងសង់ស្ថាប័នប្រជាធិបតេយ្យ។ EBA បានរួមវិភាគទានគួរឲ្យកត់សម្គាល់ដល់មូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

យើងស្នើសុំឲ្យសហភាពអឺរ៉ុប ឲ្យទទួលយកនូវហេតុផលខាងលើ សម្រាប់ការសម្រេចចិត្តដក EBA ពីកម្ពុជា។ ប្រជាជនកម្ពុជាបានទទួលនូវការឈឺចាប់គ្រប់គ្រាន់ហើយ និងសមតែរស់នៅដោយសន្តិភាព ឧត្តមភាព និងសុភមង្គល។ យើងប្រាថ្នាចង់ឃើញលទ្ធិប្រជាធិបតេយ្យមាន ភាពរីកចម្រើន និងសេដ្ឋកិច្ចរឹងមាំ តាមរយៈការអនុគ្រោះ និងគាំទ្ររបស់សហគមន៍អន្តរជាតិ៕


អត្ថបទដែលជាប់ទាក់ទង