ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចប្រធានរដ្ឋសភាកម្ពុជា អបអរសាទរដែល រដ្ឋាភិបាលកម្ពុជា-នេប៉ាល់ ជំរុញកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម រវាងប្រទេសទំាងពីរ

51


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងក្តីអបអរសាទរ ដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសនេប៉ាល់ បានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឲ្យរីកចម្រើនគ្រប់វិស័យ ពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និងការអភិវឌ្ឍវិស័យកសិកម្មជាដើម។

ឯកឧត្តម ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ បានចូលជួបសម្តែងការគួរសម ជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ខណៈឯកឧត្តមនាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៣​ ដល់ថ្ងៃទី១៥ ខែឧសភា​ ឆ្នាំ២០១៩។

នៅពេលអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៣ ខែឧសភា​ ឆ្នាំ២០១៩ ឯកឧត្តម ខេ ភី សាម៉ា អូលី បានជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបានអញ្ជើញជាអធិបតីភាពក្នុង ពិធីចុះហត្ថលេខាលើឯកសារ ចំនួន២ស្តីពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យពាណិជ្ជកម្ម។
ក្នុងនាមរដ្ឋសភា​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគំាទ្រដល់ការចុះកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា​ និងនេប៉ាល់។​ សម្តេចមានជំនឿមុតមំាថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តី ប្រទេសទំាងពីរ នឹងបង្កើននូវកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងជិតស្និទ្ធ ដើម្បីឧត្តម ប្រយោជន៍រួម នៃប្រជាជាតិយើងទំាងសងខាង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ខេ ភី សាម៉ា អូលី និងណៈប្រតិភូ ដែលបានបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា វត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយករដ្ឋមន្រ្តី នាពេលនេះ ពិតជាបានផ្តល់នូវកិត្តិយស និងមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងបានឆ្លុះបញ្ចំាងពីការបន្តពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងពីរ កម្ពុជា-នេប៉ាល់ ដែលមានតាំងពីយូរណាស់មកហើយ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ព្រះរាជាណាចក្រកម្ពុជានិង ប្រទេសនេប៉ាល់ បានភ្ជាប់ទំនាក់ទំនង ការទូតនឹងគ្នាតំាងពីដើមទសវត្សឆ្នាំ៦០ ហើយបានអាក់ខាន ក្នុងអំឡុងពេលប្រទេសកម្ពុជា ធ្លាក់ក្នុងគ្រោះមហន្តរាយដោយសង្រ្គាមស៊ីវិល។ ប្រទេសទំាងពីរ បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ក្នុងឆ្នាំ១៩៩៩ ។
ឯកឧត្តម ខេ ភី សាម៉ា អូលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែល សម្តេចប្រធានរដ្ឋសភាបានចំណាយ ពេលវេលាដ៏មមាញឹកទទួលជួបសវនាការ ជាមួយឯកឧត្តមនិងគណៈប្រតិភូ។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ពីការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងជីវភាពពលរដ្ឋជាលំដាប់។ ឯកឧត្តម​ ខេ ភី សាម៉ា អូលី បានលើកឡើងពីកិត្តិសព្ទរបស់ សម្តេចប្រធានរដ្ឋសភា ថាជាឥស្សរជនដ៏សំខាន់មួយរូប ដែលបានពលីកម្មយ៉ាងធំធេង ដើម្បីប្រទេសជាតិ តំាងពីដើមរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។

ឯកឧត្តម ខេ ភី សាម៉ា អូលី មានប្រសាសន៍ថា ប្រទេសកម្ពុជានិងប្រទេសនេប៉ាល់ មានរបបសភាពីរថ្នាក់ដូចគ្នា។ នៅក្នុងពង្រឹងទំនាក់ទំនង រវាងរដ្ឋសភាប្រទេសទំាងពីរឯកឧត្តម ខេ ភី សាម៉ា អូលី បានសន្យាថានឹងបង្កើតក្រុមមិត្តភាពរដ្ឋសភានេប៉ាល់-កម្ពុជា ឲ្យបានឆាប់ៗនេះ។ ជាមួយគ្នានេះ ឯកឧត្តម នាយករដ្ឋមន្រ្តី បានជម្រាបសម្តេចប្រធានរដ្ឋសភា ផងដែរថា នេប៉ាល់នឹងជំរុញឲ្យមាន ជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ ដើម្បីឲ្យប្រជាជន និងប្រជាជននៃប្រទេសទំាងពីរ កាន់តែជិតស្និទ្ធគ្នា។ ជិតស្និទ្ធដោយហេតុថា កម្ពុជាជាប្រទេសកាន់ព្រះពុទ្ធសាសនា ហើយប្រទេសនេប៉ាល់ជាប្រទេស ដែលជាកន្លែងកំណើតរបស់ព្រះពុទ្ធ៕

អត្ថបទដែលជាប់ទាក់ទង