ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងវប្បធម៌ កោះហៅផលិតកម្មចម្រៀងចំនួន 3 មកដុសក្អែល កុំឲ្យចម្លងស្នាដៃរបស់គេមកកែ  

23

ភ្នំពេញ៖ ផលិតកម្មរស្មីហង្សមាស ផលិតកម្ម ថោន និងផលិតកម្មសាន់ដេ ត្រូវបានក្រសួងវប្បធម៌ហៅមកដុសក្អែល ដើម្បីឲ្យបញ្ឈប់ជាបន្ទាន់ នូវការរំលោភបំពាន នៃការប្រើប្រាស់ស្នាដៃចម្រៀង តូរ្យតន្រ្តី គ្មានអ្នកទទួលមរតក ឬគ្មានមរតកសាសន៍ ដោយគ្មានការអនុញ្ញាត ពីក្រសួងវប្បធម៌។

បើតាមការផ្សាយតាមហ្វេសប៊ុកត្រូវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឲ្យដឹងថា នាព្រឹកថ្ងៃសុក្រ​ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០​ ​ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៩:០០ នៅទីស្ដីការក្រសួង​វប្បធម៌ និងវិចិត្រសិល្ប: មានរៀបចំកិច្ចប្រជុំមួយស្តីការផលិតបទចម្រៀងគ្មានមរតកសាសន៍ ”ក្រោមអធិបតីភាព លោក សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ។  

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង អប់រំណែនាំ ដល់ផលិតកម្មទាំងបីធំៗ ក្នុងនោះមាន ផលិតកម្មរស្មីហង្សមាស ផលិតកម្ម ថោន និងផលិតកម្មសាន់ដេ ដើម្បីឲ្យបញ្ឈប់ជាបន្ទាន់ នូវការរំលោភបំពាន នៃការប្រើប្រាស់ស្នាដៃចម្រៀង តូរ្យតន្រ្តីគ្មានអ្នកទទួលមរតក ឬគ្មានមរតកសាសន៍ ដោយគ្មានការអនុញ្ញាត ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាអ្នកទទួលបន្ទុកគ្រប់គ្រងស្នាដៃទាំងនោះ និងត្រូវចូលរួមគោរពច្បាប់ ដើម្បីធ្វើជាគំរូដល់ជនដទៃទៀត ហើយតំណាងផលិតកម្ម ដែលចូលរួមប្រជុំថ្ងៃនេះ ក៏បានទទួលស្គាល់កំហុសខុសឆ្គង ដែលបានប្រព្រឹត្តកន្លងមក ព្រមទាំងទទួលខុសត្រូវទាំងស្រុង ចំពោះមុខច្បាប់រៀងៗខ្លួន ចំពោះកំហុសឆ្គងលើកក្រោយៗទៀត ក្នុងករណីមានការកែប្រែ នូវខ្លឹមសារដើម នៃទំនុកច្រៀងគ្មានអ្នកទទួលមរតក ឬគ្មានមរតកសាសន៍។

សូមបញ្ជាក់ផងដែរថា បទចម្រៀងដែលប្រតិកម្មមួយចំនួន បានតាក់តែងឡើងនាពេលបច្ចុប្បន្ននេះ ភាគច្រើនត្រូវបានចម្លងពីស្នាដៃមរតកដើម បានន័យថាបទចម្រៀងពីមុន ដូចជារបស់លោកតាស៊ិនស៊ីសាមុត លោកយាយរស់សេរីសុទ្ធា លោកយាយប៉ែនរ៉ន លោកតាសុះម៉ាត់ និងជាមួយនឹងបទចម្រៀង របស់បរទេសជាច្រើន ជាពិសេស ថៃ កូរ៉េ ចិន និងអាមេរិក ត្រូវបានប្រតិកម្មមួយចំនួននោះ យកមកកែក្រឡៃច្រៀងឡើងវិញ ធ្វើជារបស់ខ្លួនឯង ដែលធ្វើឲ្យមានការរិះគន់ ពីមជ្ឈដ្ឋានអ្នកស្ដាប់ជាច្រើន ដោយមហាជន បានលើកថា អ្នកនិពន្ធនៅតាមផលិតកម្មទាំងនោះ គេមិនមែនហៅថាអ្នកនិពន្ធនោះទេ គេហៅថា [អ្នកចម្លង ] យករបស់គេ មកកែធ្វើជាស្នាដៃរបស់ខ្លួនឯង ដែលធ្វើបាត់បង់របស់គេពីដើម ជាពិសេសធ្វើឲ្យយុវវ័យ វ័យក្មេងសព្វថ្ងៃនេះ មានការភ័ន្តច្រឡំថាបទចម្រៀងទាំងនោះ ជាស្នាដៃរបស់អ្នកនិពន្ធសម័យឥឡូវនេះ បើតាមការពិតជារបស់គេពីដើមសោះ៕

អត្ថបទដែលជាប់ទាក់ទង