ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្តាក្រុមហ៊ុនវិនិយោគរបស់ជប៉ុនមួយចំនួនមានគម្រោង ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា

71

ភ្នំពេញ៖ លោកស្រី KAWAAI NINAKO បានថ្លែងថា សេដ្ឋកិច្ចកម្ពុជា ដែលកំពុងមានសន្ទុះរីកចម្រើនលើគ្រប់វិស័យគួរឲ្យកត់សម្គាល់ ជាពិសេសកម្ពុជាមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់ ៧% និងនៅតែរក្សាសន្ទុះកំណើននេះជាបន្តទៀត ជាពិសេសបណ្តាក្រុមហ៊ុនវិនិយោគរបស់ជប៉ុនមួយចំនួនមានគម្រោងចូលរួមចែករំលែកបទពិសោធន៍ដែលខ្លួនមាន ដែលធ្លាប់បានធ្វើរួចហើយនៅតាមបណ្តាលប្រទេសមួយចំនួន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ប្រយោជន៍ជំរុញការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែមានការរីកចម្រើនខ្លាំងឡើងថែមទៀត ។

កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគរបស់ប្រទេសជប៉ុនមួយក្រុម ដែលដឹកនាំដោយលោកស្រី KAWAAI NINKO ប្រធានក្រុមហ៊ុន Design Kolo របស់ប្រទេសជប៉ុន ជាប្រធានប្រតិភូ និងបណ្តាក្រុមហ៊ុនមួយចំនួនទៀត។

កិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតំលៃខ្ពស់ចំពោះ ដំណើរទស្សនកិច្ចគណៈប្រតិភូវិនិយោគរបស់ប្រទេសជប៉ុននៅកម្ពុជានាពេលនេះ ហើយបានស្នើឱ្យគណៈប្រតិភូ លើកអំពីគោលបំណងនៃការបំពេញទស្សនកិច្ចនេះ។

លោកស្រី KAWAAI NINAKO ប្រធានគណៈប្រតិភូបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនរបស់លោកស្រីក៍ដូចជាបណ្តាក្រុមហ៊ុន ជប៉ុនមួយចំនួនទៀតបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយក្រុមហ៊ុនអាចមានឱកាសបានបង្ហាញពីគម្រោងវិនិយោគរបស់ខ្លួនជូនប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានជ្រាប ដើម្បីស្នើសុំឱ្យ ផ្តល់ការគាំទ្រចំពោះគម្រោងទាំងនោះ។ វត្តមានក្រុមហ៊ុនដែលមកជាមួយលោកស្រីរួមមានៈ ១) ក្រុមហ៊ុន Design Kolo ដែលមានលោកស្រីជាប្រធានក្រុមហ៊ុន និងមានជំនាញខាងផ្នែកខាងដាំដុះបន្លែដោយប្រើប្រាស់ប្រព័ន្ធទឹកដាំដុះនៅក្នុងអាគារនិងជាអ្នកបណ្តុះបណ្តាលផ្នែកធនធានមនុស្ស ២) ក្រុមហ៊ុន Shibeide មានជំនាញផ្នែកវិជ្ជាសាស្រ្តកសិកម្មដាំដុះ ៣) ក្រុមហ៊ុន JHJ Global Pty Co. Ltd មានជំនាញខាងនាំចូលនិងនាំចេញសម្ភារសាងសង់ ៤) ក្រុមហ៊ុន Chean Thai Co. Ltd មានជំនាញផ្នែកផលិតបន្ទះសូទ្បា និង ៥) ក្រុមហ៊ុនអចលនទ្រព្យ METAYA ។

លោកស្រី KAWAAI NINAKO បានវាយតម្លៃខ្ពស់ចំពោះសេដ្ឋកិច្ចកម្ពុជា ដែលកំពុងមានសន្ទុះរីកចម្រើនលើគ្រប់វិស័យគួរឲ្យកត់សម្គាល់ ជាពិសេសកម្ពុជាមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់ ៧% និងនៅតែរក្សាសន្ទុះកំណើននេះជាបន្តទៀត។ ឈរលើមូលដ្ឋាននេះ បណ្តាក្រុមហ៊ុនវិនិយោគរបស់ជប៉ុនមួយចំនួនមានគម្រោងចូលរួមចែករំលែកបទពិសោធន៍ដែលខ្លួនមាន ដែលធ្លាប់បានធ្វើរួចហើយនៅតាមបណ្តាលប្រទេសមួយចំនួន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ប្រយោជន៍ជំរុញការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែមានការរីកចម្រើនខ្លាំងឡើងថែមទៀត ជាពិសេសជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពសំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនកម្ពុជា។ លោកស្រីប្រធានប្រតិភូបានបន្ថែមថា ជាជំហ៊ានដំបូងក្រុមហ៊ុនរបស់លោកស្រីមានបំណងវិនិយោគលើរោងចក្រផលិតបន្ទះសូទ្បា និងវិនិយោគលើការដាំដុះបន្លែផ្លែឈើ ដោយប្រើប្រាស់ប្រព័ន្ធទឹកដាំដុះនៅក្នុងអាគារ និងនាំមកនូវប្រព័ន្ធបច្ចេកវិទ្យាដ៍ទំនើបក្នុងការដាំដុះមកកម្ពុជា។ លោកស្រីក៍បានគោរពស្នើសុំការជួយគាំទ្រលើគម្រោងទាំងពីរខាងលើនេះពីសំណាក់ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ដើម្បីអោយឆាប់បានចេញជាផ្លែផ្កាក្នុងពេលខាងមុខនេះ។

កិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុនវិនិយោគរបស់ប្រទេសជប៉ុន ដែលមានជំនឿរទុកចិត្តក្នុងការវិនិយោគនៅកម្ពុជា។ កម្ពុជាស្វាគមន៍រាល់ការវិនិយោគទាំងឡាយ ជាពិសេសការវិនិយោគដែលផ្តល់ការគាំទ្រដល់ការអភិវឌ្ឍដែលមានការផ្តល់តម្លៃបន្ថែមទៅក្នុងខ្សែចង្វាក់នៃផលិតកម្ម ដែលនឹងធ្វើឱ្យកម្ពុជាក្លាយជាផ្នែកមួយនៃខ្សែចង្វាក់ផលិតកម្មពិភពលោក ហើយការវិនិយោគនេះត្រូវមានលក្ខណៈការអភិវឌ្ឍផង និងអភិរក្សផង ដោយធ្វើឱ្យមានចីរភាពនៃការអភិវឌ្ឍ។ កិត្តិបរិរក្សបណ្ឌិតបានបន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៍វៃឈ្លាសប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ដែលជាផែនទីចង្អុលទិសក្នុងការអភិវឌ្ឍប្រទេស ដោយធ្វើការពង្រីកវិស័យឧស្សាហកម្មដែលបច្ចុប្បន្នមានលក្ខណៈ ចង្អៀតនៅឡើយដោយបង្កើតតម្លៃបន្ថែមនៅក្នុងវិស័យកែច្នៃកសិឧស្សាហកម្ម និងវិស័យឧស្សាហកម្មពាក់ព័ន្ធ។
កិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានបន្ថែមថា ចំពោះការវិនិយោគវិស័យកសិកម្ម និងវិស័យថាមពលស្អាត រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយលើកទឹកចិត្តដល់ការវិនិយោគប្រភេទនេះ និងបាននែនាំអោយក្រុមហ៊ុនធ្វើការទាក់ទងដោយផ្ទាល់ជាមួយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាដើម្បីឈានទៅលើកគម្រោងវិនិយោគ និងទទួលបានការលើកទឹកចិត្តតាមច្បាប់ជាធរមាន។

ជាកិច្ចបញ្ចប់ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានថ្លែងនូវមូលវិចារណ៍ដ៏ថ្លៃថ្លាចំពោះក្រុមហ៊ុនដែលមានបំណងមកវិនិយោគនៅកម្ពុជា និងបានប្រសិទ្ធិពរជូនគណៈប្រតិភូឱ្យទទួលបានជោគជ័យក្នុងដំណើរបំពេញបេសកកម្មនេះ និងស្នើសុំឱ្យជួយជំរុញនិងផ្សព្វផ្សាយដល់បណ្តាក្រុមហ៊ុនវិនិយោគឯកជនផ្សេងៗទៀត មកធ្វើការវិនិយោគក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើនថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង