ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូតចិន ឆ្លើយតប ទៅកាន់អាមេរិក តើសហរដ្ឋអាមេរិកបានជួយធ្វើអ្វីខ្លះដល់កម្ពុជា ហើយ អាមេរិកកំពុងលេីកយកឱនភាពពាណិជ្ជកម្មមកអុជអាលរឿងទៀតហេីយ!

112

(ភ្នំពេញ)៖បន្ទាប់ពីស្ថានទូតអាមេរិកចេញសារឌឺដងដាក់ប្រទេសចិនមកនោះ ឥឡូវនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រកាសឆ្លើយតប ទៅកាន់ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាវិញ យ៉ាងក្តៅៗ ដោយបានអះអាងថា សហរដ្ឋអាមេរិកកំពុងតែបង្កបញ្ហាអុជអាល សារជាថ្មីម្តងទៀត ពាក់ព័ន្ធនឹងបញ្ហាឱនភាពពាណិជ្ជកម្ម ព្រមទាំងលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជានិងចិន មិនមែនត្រឹមតែដើម្បី ពាណិជ្ជកម្មនោះឡើយ ចិនបានជួយកសាង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនដល់កម្ពុជា ក្នុងនោះកសាងផ្លូវ Highways ចំនួន៣១ខ្សែ និងស្ពានចំនួន៨ ដែលមានប្រវែងសរុបជាង៣០០០គីឡូម៉ែត្រ និងស្ថានីយវារី អគ្គិសនីជាច្រើនទៀត។

លើសពីនោះទៅទៀត ស្ថានទូតមហាអំណាចចិនបានអះអាងបន្ថែមថា ប្រទេសកម្ពុជាបាននាំចូលនូវវត្ថុធាតុដើមវាយនភ័ណ្ឌ និងគ្រឿងម៉ាស៊ីនវាយនភ័ណ្ឌយ៉ាងច្រើនពីប្រទេសចិន សម្រាប់បម្រើវិស័យកាត់ដេរ ខណៈដែលខ្លួនបាននាំចេញផលិតផលសម្រេច ទៅកាន់គ្រប់ទីកន្លែងទូទាំងសកលលោក ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ។

ស្ថានទូតចិនប្រចាំនៅកម្ពុជា តាមរយៈហ្វេសប៊ុក នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះបានឆ្លើយតបទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ ប្រទេសកម្ពុជាប្រុងប្រយ័ត្ន អាមេរិកកំពុងលេីកយកឱនភាពពាណិជ្ជកម្មមកអុជអាលរឿងទៀតហេីយ!(https://m.facebook.com/story.php?story_fbid=10156316819443224&substory_index=0&id=79770243223)។ អ្នកណាៗក៏ដឹងដែរថា​ នៅក្នុងសម័យសកលភាវូបនីយកម្មនេះ​ ទំនាក់ទំនងពាណិជ្ជកម្មមិនត្រឹមជារឿងរវាងប្រទេសពីរនោះទេ​ ប្រទេសកម្ពុជានាំចូលវត្ថុធាតុដេីម​ និងម៉ាស៊ីនបរិក្ខាវាយណភណ្ឌពីប្រទេសចិន​ ហេីយឆ្លងកាត់ដៃទាំងគូដ៏ឧស្សាហ៍ព្យាយាមរបស់កម្មករកម្មការិនីកម្ពុជា​ ផលិតបានជាសម្លៀកបំពាក់ជាច្រេីនសម្រាប់ការនាំចេញទៅកាន់ប្រទេសនានាលេីពិភពលោក។ ម្យ៉ាងវិញទៀត​ ទំនាក់ទំនងរវាងប្រទេសមួយ​ និងប្រទេសមួយមិនមែនមានត្រឹមតែទំនាក់ទំនងពាណិជ្ជកម្មនោះទេ​។ សូមសួរថា​ ប្រទេសចិនបានជួយប្រទេសកម្ពុជាសាងសង់ជួសជុលផ្លូវចំនួន​ ៣១​ ខ្សែ​ និងស្ពានចំនួន​ ៨​ សរុបប្រវែងប្រមាណ​ ៣០០០គីឡូម៉ែត្រ​ជាង,​ តេីប្រទេសអាមេរិកសាងសង់និងជួសជុលបានប៉ុន្មាន? ទំនប់វារីអគ្គិសនី​នៅប្រទេសកម្ពុជាទាំងអស់សុទ្ធត្រូវបានសាងសង់ឡេីងដោយចិន​ តេីប្រទេសអាមេរិកបានសាងសង់ចំនួនប៉ុន្មានដែរ? ។

សូមជំរាបថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានលើកឡើង ទៅលើទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន។ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំងទៅខាងប្រទេសចិន។ ប្រហែល ៨៧% នៃទំនិញដោះដូរគ្នាគឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយដល់ការធ្វើឱ្យមានការងារ ឬជួយដល់ឧស្សាហកម្មដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ។ នេះគ្រាន់តែជាផ្លូវមួយទៀតដែលប្រទេសកម្ពុជា បានងាកចេញពីយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែលមានតុល្យភាព និងលក្ខណៈចម្រុះច្រើន ទៅរកយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែលមានការពឹងផ្អែកច្រើនទៅលើប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង