ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថភ្លើងចំនួន៤ទូ ដែលនឹងត្រូវប្រគល់ជូនដោយរាជរដ្ឋាភិបាលថៃមកកម្ពុជា បានបញ្ជូនមកស្ថានីយប៉ោយប៉ែត

316

ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី១៩មេសានេះ បានប្រកាសថា រថភ្លើងចំនួន៤ទូ ដែលនឹងត្រូវប្រគល់ជូនដោយរាជរដ្ឋាភិបាលថៃមកកម្ពុជា បានបញ្ជូនមកស្ថានីយប៉ោយប៉ែត កាលពីព្រឹកទី១៩ ខែមេសា ឆ្នាំ២០១៩ ដើម្បីសាកល្បង និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស មុននឹងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរជិះរថភ្លើងពីស្ថានីយបានខ្លងលឹករបស់ថៃមកកាន់ស្ថានីយប៉ោយប៉ែត នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ។ សូមជម្រាបជូនថារថភ្លើងមួយខ្សែនេះមានចំនួន៤ទូ និងអាចផ្ទុកអ្នកដំណើរបានប្រមាណជា៣២០នាក់ ។

នាថ្ងៃពុធ ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៅសាលាក្រុងប៉ោយប៉ែត លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង លោកតូច ចាន់កុសល រដ្ឋមន្ត្រីស្តីទី នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាពីការត្រៀមរៀបចំកម្មវិធី រួមមានរៀបវារៈនៃដំណើរការកម្មវិធីទាំងមូល ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងការរក្សាសន្តិសុខសុវត្ថិភាព ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ កងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងអង្គរក្ស រដ្ឋបាលខេត្តបន្ទាយមានជ័យ និងអជ្ញាធរពាក់ព័ន្ធ។

សូមជម្រាបជូនថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នាគ្រោងនឹងរៀបចំកម្មវិធី ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ដែលមានរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖
១- ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពាន មិត្តភាពកម្ពុជា-ថៃ(ស្ទឹងបត់-បានណងអៀន)
២- ពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥
៣- ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) អំណោយរបស់រាជរដ្ឋាភិបាល ព្រះរាជាណាចក្រថៃ ជូនរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
៤- នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ នឹងជិះរថភ្លើងរួមគ្នាពីស្ថានីយបានខ្លងលឹក មកស្ថានីយប៉ោយប៉ែត។

អត្ថបទដែលជាប់ទាក់ទង