ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តស៊ីឈួន មានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា គឺមានទំហំទឹកប្រាក់ជាង ២០០០លានដុល្លារ និងមានក្រុមហ៊ុនចំនួន៩ ដែលបានចុះបញ្ជីរួចរាល់

45

ភ្នំពេញ៖ អនុវត្តតាមគោលនយោបាយរបស់ចិន គឺផ្លូវ១ ខែ្សក្រវ៉ាត់មួយ ពិសេសកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជា គឺមានទំហំទឹកប្រាក់ជាង ២០០០លានដុល្លារ និងមានក្រុមហ៊ុនចំនួន៩ ដែលបានចុះបញ្ជីរួចរាល់ ។

លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា បានអនុញ្ញាតឱ្យគណៈប្រតិភូខេត្តស៊ីឈួន ប្រទេសចិន ដឹកនាំដោយ លោក ជុង មាន (Zhong Mian) អនុប្រធានសភាប្រឹក្សាយោបល់នយោបាយនៃខេត្តស៊ីឈួន ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នារសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ខណៈដែលគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៧-២០ ខែមេសា ឆ្នាំ២០១៩។

ក្នុងនាម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត ងួន ញ៉ិល បានវាយតម្លៃខ្ពស់ចំពោះ គណៈប្រតិភូខេត្តស៊ីឈួន ដែលបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងថាដំណើរទស្សនកិច្ចនេះ ពិតជាមាន សារៈសំខាន់ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តស៊ីឈួន ជាមួយកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត។

នៅក្នុងឱកាសនោះ លោក ជុង មាន ប្រធានគណៈប្រតិភូ បានមានប្រសាសន៍សម្តែងនូវក្តីសោមនស្សរីករាយ ដែលបានមកបំពេញទស្សនកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជាដ៏ស្រស់ស្អាតមួយនេះ។ លោកក៏បានសម្តែងនូវភាពរីករាយជាមួយប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមាន ជីវភាពកាន់តែប្រសើរឡើង ។

លោក ជុង មាន បានជម្រាបជូន លោកបណ្ឌិត ងួន ញ៉ិល ថា ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូខេត្តស៊ីឈួនមកកាន់ព្រះរាជាណាចក្រ កម្ពុជានៅពេលនេះ គឺដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការ ទាក់ទងនឹងការវិនិយោគលើវិស័យកសិកម្ម ទេសចរណ៍ វប្បធម៌ ការអប់រំ និងកិច្ចសហប្រតិបត្តិការរវាងសភាប្រជាជនចិនជាមួយសភាកម្ពុជា រួមនឹងវិស័យផ្សេងៗទៀតផងដែរ។

លោក ជុង មាន បានមានប្រសាសន៍លើកឡើងទៀតថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងកម្ពុជា-ចិន គឺកាន់តែស្អិតរមួត។ លោក ក៏បានជម្រាបជូនអំពីភាពរីកចម្រើនរបស់ខេត្តស៊ីឈួន ដែលអនុវត្តតាមគោលនយោបាយរបស់ចិន គឺផ្លូវ១ ខែ្សក្រវ៉ាត់មួយ ពិសេសកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជា គឺមានទំហំទឹកប្រាក់ជាង ២០០០លានដុល្លារ និងមានក្រុមហ៊ុនចំនួន៩ ដែលបានចុះបញ្ជីរួចរាល់ ។

លោកបណ្ឌិត ងួន ញ៉ិល បានសម្តែងនូវមោទនភាពចំពោះការរីកចម្រើនរបស់ខេត្តស៊ីឈួន និងគាំទ្រចំពោះលទ្ធផលដែលគណៈប្រតិភូ បានធ្វើ ការងារជាមួយសភាកម្ពុជា រាជរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ។

លោកបណ្ឌិត ងួន ញ៉ិល មានប្រសាសន៍បន្តថា ប្រទេសទាំងពីរ កម្ពុជា ចិន បានសហការគ្នាយ៉ាងល្អ ទាំងក្នុងក្របខ័ណ្ឌពហុភាគី និងក្របខ័ណ្ឌ ទេ្វភាគី។ ចំណែកឯកិច្ចសហប្រតិបត្តិការសភាវិញ រដ្ឋសភាកម្ពុជាបានបង្កើតក្រុមមិត្តភាពសភាកម្ពុជា-សភាប្រជាជនចិន ដែលមាន សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាប្រធាន ហើយថ្នាក់ដឹកនាំនៃសភាប្រទេសទាំងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចជាច្រើនលើកជាបន្ត បន្ទាប់។

ជាមួយគ្នានេះផងដែរ លោកបណ្ឌិត ងួន ញ៉ិល បានស្នើសុំ លោក ជុង មាន ជួយជំរុញផ្សព្វផ្សាយ និងកៀរគរអ្នកវិនិយោគទុនចិន និងអ្នកទេសចរណ៍ចិន មកបណ្តាក់ទុន និងកម្សាន្តនៅកម្ពុជាឲ្យបានច្រើនឡើង ខណៈដែលកម្ពុជាកំពុងមានសុខសន្តិភាពពេញលេញ និងបើក ទូលាយដល់អ្នកវិនិយោគទុនបរទេសទាំងអស់។

តាមរយៈ លោកប្រធានគណៈប្រតិភូ លោកបណ្ឌិត ងួន ញ៉ិល ក៏សូមផ្តាំផ្ញើ សួរសុខទុក្ខ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីន ឯកឧត្តម លី ខឺឈាន នាយករដ្ឋមន្ត្រី និង ឯកឧត្តម លី ចាងស៊ូ ប្រធានសភាតំណាងប្រជាជនចិន និងសូមជូនពរថ្នាក់ដឹកនាំចិនទាំងអស់ មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងបេសកកម្មដឹកនាំមហាប្រទេសចិនជាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង