ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអគ្គស្នងការ នេត សាវឿន ប្រកាសចាត់ការលើក្រុមប៉ូលិសខណ្ឌដង្កោ ព្រួតគ្នាវាយមន្ត្រី ជាប់កិច្ចសន្យានៅ អង្គភាពប្រឆាំងអំពើពុករលួយ

74

ភ្នំពេញ៖ ក្រោយពីមានអំពើហឹង្សា បង្កឡើង ដោយ ប៉ូលិសខណ្ឌដង្កោមួយក្រុមបានព្រួយគ្នា យ៉ាងព្រៃផ្សៃលើប្រជាពលរដ្ឋរងរបួសធ្ងន់ធ្ងរ នៅក្នុងវត្តព្រែកថ្លឹង ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ដោយសារតែរឿងយល់ច្រឡំក្នុងរឿងគ្រោះថ្នាក់ចរាចរ លោកអគ្គស្នងការ នេត សាវឿន ប្រកាសចាត់ការផ្លូវច្បាប់លើក្រុមប៉ូលិសខណ្ឌដង្កោព្រួតគ្នាវាយមន្ត្រី ជាប់កិច្ចសន្យានៅ អង្គភាពប្រឆាំងអំពើពុករលួយ ដោយគ្មានការលើកលេង។

កាលពីល្ងាចថ្ងៃទី១១ ខែមេសា នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់ កាសែត ក្នុងស្រុក ថា ករណីខាងលើ អគ្គស្នងការនគរបាលជាតិនឹងត្រួតពិនិត្យលើករណីនេះ
ហើយបើមានពិតប្រាកដមែន នឹងដាក់វិន័យនគរបាល ឬចាត់វិធានការតាមច្បាប់។ ដោយអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា ឲ្យតែមានពាក្យបណ្តឹងយើងនឹងចាត់ការត្រួតពិនិត្យតាមវិន័យនគរបាល ឬក៏តាមច្បាប់វិធានការតាមច្បាប់បើមានពិតប្រាកដចឹងមែន។

យោងតាម ពាក្យបណ្ដឹងរបស់លោកឃឹម ខុម មន្ត្រី ជាប់កិច្ចសន្យានៅ អង្គភាពប្រឆាំងអំពើពុករលួយ បានពាក្យដាក់ប្តឹងទៅលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺបានប្ដឹងមន្ត្រីនគរបាលជាអធិការរងនគរបាលខណ្ឌដង្កោ និងមន្ត្រីនគរបាលប៉ុស្តិ៍ដង្កោចំនួន៤រូប ពីបទប្រើអំពើហិង្សា កាលពីយប់ថ្ងៃទី ៩ខែមេសា ឆ្នាំ២០១៩ នៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឃឹម ខុម ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិព្រែករទាំង សង្កាត់ព្រែក កំពឹស ខណ្ឌដង្កោ ជាមន្ត្រីជាប់កិច្ចសន្យានៃអង្គភាពប្រឆាំងអំពើពុករលួយ។ ចំណែក្រុមមន្ត្រីប៉ូលិសដែលព្រួតគ្នាប្រើអំពើហិង្សាលើប្រជាពលរដ្ឋមានដូចជា ១. លោកវរសេនីយ៍ទោ នាក់ ណារ៉ូ អធិការរងទទួលការងារចរាចរណ៍ខណ្ឌដង្កោ។ ២. លោកវរសេនីយ៍ត្រី ជុំ រដ្ឋា អធិការរងទទួលការងារសណ្ដាប់ធ្នាប់។ ៣. លោកអនុសេនីយ៍ទោ ម៉េត រតនា មន្ដ្រីនគរបាលចរាចរណ៍ និងមន្ត្រីប៉ូលិសមួយចំនួនទៀត។ ករណីនេះជនរងគ្រោះកាលពីថ្ងៃទី១០ មេសា បាន ដាក់ពាក្យបណ្តឹងប្តឹង មន្ត្រីទាំងនោះទៅកាន់ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ហើយ។

ជនរងគ្រោះបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ខណៈលោកកំពុងបើករថយន្តម៉ាក Prius តាមផ្លូវ៥០ម៉ែត្រ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក Prius បើកមកកៀរ រថយន្តលោក នាំឲ្យមានការខូចខាត ប៉ុន្តែលោកមិនបានតាមរថយន្តនោះទេ ដោយបើកលឿនពេក។
ភ្លាមៗនោះស្រាប់តែមាននគរបាលមួយក្រុមខាងលើ មានទាំងរថយន្ត និងម៉ូតូផងប្រហែល៦គ្រឿង បានបើកដេញពីក្រោយរហូតតាមរថយន្តលោកទាន់ នៅក្នុងវត្តព្រែកថ្លឹង រហូតប្រើហិង្សាយ៉ាងដំណំ មិនសួររកហេតុផល បើទោះគាត់បានសុំអង្វរ និងសុំឲ្យសួរនាំរកខុសត្រូវសិនក៏ដោយ។
ជនរងគ្រោះបានស្នើសុំស្នងការនគរបាលរាជធានីភ្នំពេញ យកក្រុមជនល្មើសដែលបានប្រព្រឹត្តការវាយដំលើរូបលោកជាប្រជាពលរដ្ឋស្លូតត្រង់ មកផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុត និងសុំសងការខូចខាត ថ្នាំព្យាបាល និងសំណងជំងឺចិត្ត៥ម៉ឺនដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង