ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ចង់ឃើញគម្រោងព្រលានយន្តហោះអន្តរជាតិថ្មីនៅខេត្តសៀមរាប អាចបង្ហាញវិសាលភាព

33

សម្ដេចតេជោនាយករដ្ឋមន្ត្រី សង្ឃឹមថាខេត្តយូណានអាចបន្តជំរុញធ្វើយ៉ាងណាឲ្យអ្នកវិនិយោគបន្តវិនិយោគនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងគម្រោងប្រលានយន្តហោះអន្តរជាតិថ្មីនៅខេត្តសៀមរាប គឺធ្វើយ៉ាងណាចង់ឃើញថាគម្រោងនេះអាចបង្ហាញវិសាលភាពក៏ដូចជាសក្កានុពលរបស់ប្រទេសកម្ពុជាជាមួយនឹងប្រទេសចិន។

នៅព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប ពិភាក្សាការងារជាមួយ លោក Chen Hao លេខាធិការបក្សនៃខេត្តយូណាន ប្រទេសចិន។

លោក Chen Hao បានគោរពជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី អំពីការរីកចម្រើន ក៏ដូចជាវិសាលភាពរបស់ខេត្តយូណាននាពេលបច្ចុប្បន្ននេះ ដែលចាត់ទុកជាខេត្តមួយ ក្នុងចំណោមបណ្តាខេត្តទាំងអស់របស់ប្រទេសចិន ដែល លោកប្រធានាធិបតី Xi Jinping បានយកចិត្តទុកដាក់ជាងគេ ជាពិសេសខេត្តយូណាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺមានកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងរហូតដល់ ៨.៩%។ ទន្ទឹមនឹងនេះ លោក Chen ក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីអំពីកិច្ចសហប្រតិបត្តិការរវាងខេត្តយូណាននិងប្រទេសកម្ពុជាលើវិស័យមួយចំនួនដូចជា វិស័យអប់រំ , វប្បធម៌, ទេសចរណ៍ និងសុខាភិបាល ហើយបច្ចុប្បន្ននេះខេត្តយូណានមាន ២៥ ក្រុមហ៊ុនដែលបានមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា ក្នុងទំហំទុនប្រមាណជិតដល់ ១,០០០ លានដុល្លារអាមេរិក។

លោក Chen បានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើនយ៉ាងលឿងស្ទើរគ្រប់វិស័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ លោក Chen ចង់ឃើញនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងខេត្តយូណានក្នុងក្របខណ្ឌគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយផ្លូវមួយ ដែលអាចជួយជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងខេត្តយូណាន ជាពិសេសខេត្តយូណាន និងខេត្តសៀមរាប ដែលខេត្តទាំងពីរកំពុងមានទំនាក់ទំនងជាមួយគ្នា ពិសេសលើវិស័យទេសចរណ៍។ ជាមួយគ្នានេះដែរ លោក បានគោរពជម្រាបជូនសម្តេចតេជោថា ខេត្តយូណានមានកំណើនទេសចរណ៍កើនឡើងយ៉ាងច្រើន ហើយលោកនឹងជួយជំរុញ ទេសចរណ៍មកកម្ពុជាបន្ទាប់ពីទស្សនានៅខេត្តយូណារួចហើយ។

លោក Chen ក៏បានស្វាគមន៍ និងចង់ឃើញឲ្យមាននិស្សិតកម្ពុជាបានទៅសិក្សានៅខេត្តយូណានឲ្យបានច្រើនថែមទៀតដែលបច្ចុប្បន្ននេះគឺមាននិស្សិតកម្ពុជាដែលកំពុងសិក្សានៅខេត្តយូណានមានរហូតដល់ជិត២ពាន់នាក់ហើយ និងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាបន្តទៀត។ លោក Chen បានគោរពជម្រាបជូនសម្តេចតេជោថា នឹងខិតខំជំរុញឲ្យវិនិយោគិនមកពីខេត្តយូនណានមកបណ្ដាក់ទុននៅក្នុងព្រះរាជាណាក្រកម្ពុជាឲ្យបានច្រើនថែមទៀត។

ជាមួយគ្នានេះដែរ លោក Chen បានគោរពជម្រាបជូនម្តេចតេជោនាយករដ្ឋមន្ត្រីថា នឹងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការខាងវិស័យភាពយន្តជាមួយនឹងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្តទាំងពីរ ជាពិសេសលោកចង់ឃើញទស្សនកិច្ចផ្លាស់ប្ដូររវាងថ្នាក់ដឹកនាំជាន់ខ្ពស់រវាងខេត្តយូនណាន និងប្រទេសកម្ពុជា ដើម្បីបង្កើនភាពជិតស្និទ្ធរវាងប្រជាជន និងប្រជាជន និងរវាងប្រទេស និងប្រទេសផងដែរ។

លោក Chen បានគោរពស្នើដល់សម្តេចតេជោនាយករដ្ឋមន្ត្រីឲ្យបន្តគាំទ្រដល់វិនិយោគដល់ក្រុមហ៊ុនដែលមកពីខេត្តយូនណាដែលមានគម្រោងអភិវឌ្ឍន៍ប្រលានយន្តហោះអន្តរជាតិថ្មីនៅខេត្តសៀមរាប។ទន្ទឹមនឹងនេះ Chen ក៏បានសន្យាជាមួយនឹងសម្តេចតេជោ ផងដែរថា នឹងខិតខំបង្កើនល្បឿនក្នុងការកសាងព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបឲ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះ លោក Chen ក៏មានក្រុមហ៊ុនមួយទៀតដែលកំពុងវិនិយោគគម្រោង សួនវប្បធម៌ នៅខេត្តសៀមរាប ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះ លោក Chen Hao ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាជាលើកដំបូង។ សម្ដេចតេជោ ធ្លាប់បានអញ្ជើញទៅទស្សនកិច្ចនៅខេត្តយូណានចំនួនពីរលើករួចមកហើយ។ សម្តេចតេជោ បានមានប្រសាសន៍ថាខេត្តយូណានគឺជាខេត្តមួយដែលមានលក្ខណៈភូមិសាស្រ្តជាប់អាស៊ីអាគ្នេយ៍ឬតំបន់មេគង្គ ហើយសម្ដេចតេជោបានចាត់ទុកថាខេត្តយូណាននៅតែមានកិច្ចសហការជាមួយតំបន់មេគង្គ និងអាស៊ានដែលមានបីប្រទេសគឺវៀតណាម ឡាវ និង មីយ៉ាន់ម៉ា ដែលមានភូមិសាស្ត្រព្រំប្រទល់ជាប់ជាមួយប្រទេសចិន។

សម្ដេចតេជោនាយករដ្ឋមន្ត្រី សង្ឃឹមថាខេត្តយូណានអាចបន្តជំរុញធ្វើយ៉ាងណាឲ្យអ្នកវិនិយោគបន្តវិនិយោគនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងគម្រោងប្រលានយន្តហោះអន្តរជាតិថ្មីនៅខេត្តសៀមរាប គឺធ្វើយ៉ាងណាចង់ឃើញថាគម្រោងនេះអាចបង្ហាញវិសាលភាពក៏ដូចជាសក្កានុពលរបស់ប្រទេសកម្ពុជាជាមួយនឹងប្រទេសចិន។ ជាពិសេសតាមរយៈក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” គឺសម្ដេចតេជោចង់ឃើញគម្រោងនេះទៅមុខអោយបានលឿនទាន់ពេលវេលា ដែលកម្ពុជាទើបតែសម្ភោធបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅខេត្តព្រះសីហនុកន្លងមកថ្មីៗនេះ ។ មួយវិញទៀត សម្ដេចតេជោ ចង់បានទំហំពាណិជ្ជកម្មរវាងខេត្តយូណាននិងប្រទេសកម្ពុជាឲ្យមានទំហំធំជាងនេះថែមទៀត។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ បានមានប្រសាសន៍ថា ខេត្តយូណានមានប្រជាជនប្រមាណ ៤៨លាននាក់ មានទឹកដីធំបីដងនៃប្រទេសកម្ពុជា ដែលសម្ដេចតេជោ ចង់ឃើញកិច្ចសហប្រតិបត្តិការវិនិយោគល្អវាងខេត្តនេះជាមួយនឹងប្រទេសកម្ពុជា។ សម្តេចតេជោ បានស្នើឱ្យខេត្តយូណានបន្តកិច្ចសហប្រតិតបត្តិការឲ្យបានច្រើនថែមទៀតទោះបីក្នុងកាលៈទេសៈណាក៏ដោយគឺនៅតែបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេស សូមជួយគៀងគរអ្នកវិនិយោគគិនថ្មីៗចូលមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។ ទន្ទឹមនឹងនេះ សម្តេចតេជោមានប្រសាសន៍ថា ថាថ្មីៗនេះដោយសារមានបញ្ហាប្រឈមជាមួយនឹងសហភាពអឺរ៉ុបអំពីភាពអនុគ្រោះពន្ធ (EBA) ដោយ សម្ដេចតេជោបានមានប្រសាសន៍ថា ភាពអនុគ្រោះនេះ គឺវានឹងដល់ពេលដែលត្រូវតែបញ្ចប់ដូចប្រទេសផ្សេងៗទៀតដែរ ហើយសម្ដេចតេជោមិនអាចឲ្យមានការផ្លាស់ប្ដូរ ឬដោះដូរអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ជាមួយនឹងភាពអនុគ្រោះនោះទេ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តយូណានគឺកំពុងកើនឡើង ហើយដើម្បីរក្សាបាននូវកំណើនទំហំពាណិជ្ជកម្មនេះ គឺកម្ពុជាត្រូវការក្រុមហ៊ុនវិនិយោគចិនបន្តវិនិយោគនៅក្នុងប្រទេសតទៅទៀត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា មិត្តចិនជាដៃគូពិត និងជាដៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់ប្រទេសកម្ពុជា។ សម្តេចតេជោ ចង់ឃើញមិត្តចិនជួយកម្ពុជាអោយសមជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយពិតៗ ដោយសម្តេចតេជោបានស្នើសុំឲ្យខេត្តយូណាន និងប្រទេសកម្ពុជាមានទំនាក់ទំនង និងការផ្លាស់ប្តូទស្សនកិច្ចរវាងពលរដ្ឋអោយបានកាន់តែច្រើន រួមទាំងទំនាក់ទំនងផ្លាស់ប្តូលើវិស័យវប្បធម៌ ទេសចរណ៍ និងវិនិយោគថ្មីៗអោយបានចក្រើនថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង