ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១៩ស្តីពី ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០

190

ភ្នំពេញ:
នៅព្រឹកថ្ងៃ អង្គារ ៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩
នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៣ (2019 Cambodia Outlook Conference: Digital Transformation Towards Industry 4.0) ឆ្នាំ២០១៩ ដែលធ្វើ
ឡើងនៅសណ្ឋាគារ The Great Duke (InterCorn) Phnom Penh។

សន្និសីទនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនាញការក្នុងស្រុក និងក្នុងតំបន់ អ្នកសិក្សាស្រាវជ្រាវ មន្ត្រីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍អន្តរជាតិ វិស័យឯកជន និងសង្គមស៊ីវិលជាច្រើនទៀត។ សន្និសីទស្តីពី «ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០» គឺត្រូវបានរៀបចំដោយ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និង ក្រុមហ៊ុន ជីហ្គៀ (G Gear)។ សន្និសីទនេះមានប្រធានបទតូចៗជាច្រើនទៀត សំដៅបំផុសឲ្យមានការផ្លាស់ប្តូរមតិត្រង់ទៅត្រង់មកពីវិធីចាប់យកឱកាសល្អៗនៃការប្រែក្លាយផ្នែកឌីជីថល ដើម្បីជួយគាំទ្រដល់កំណើនរយៈពេលវែង និងមាគ៌ារអភិវឌ្ឍន៍ និងការផ្តល់គំនិតពីការកសាងគ្រឹះដ៏រឹងមាំមួយសម្រាប់យុទ្ធសាស្ត្រផ្នែកឌីជីថលនៅកម្ពុជា។

មុននឹងចាប់ផ្តើមកម្មវិធី សម្តេចតេជោនាយករដ្ឋមន្ត្រីត្រូវបានទទួលការស្វាគមន៍ដោយមនុស្សយន្តឈ្មោះ សូភា (Sophia Robot) ដែលនិយាយជាភាសារអង់គ្លេស។ មនុស្សយន្ត Sophia គឺត្រូវបាននាំមកដោយ កម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP)ដើម្បីយកមកបង្ហាញអំពីការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល។

សម្តេចតេជោ ហ៊ុន សែន ពិតជាសប្បាយរីករាយក្រៃលែងដែលបានអញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១៩នេះ។ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP) ដែលបាននាំបញ្ញាសិប្បនិមិត្ត កញ្ញា រ៉ូបូ សូភា (Robot Sophia) មកចូលរួមក្នុងសន្និសីទនេះ ដើម្បីបង្ហាញអំពីការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា តាមរយៈការស្វាគមន៍ដ៏កក់ក្តៅជាមួយនឹងសារដ៏ច្បាស់លាស់របស់បញ្ញាសិប្បនិមិត្ត (Robot Sophia) គឺជាការបង្ហាញពី «ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០» និង «កិច្ចសហប្រតិបត្តិការភាពជាដៃគូជិតស្និទ្ធក្នុងការប្រែក្លាយឌីជីថលនៅកម្ពុជា» គឺជាសក្ខីភាពបញ្ជាក់ច្បាស់អំពីវឌ្ឍនភាពនៃបច្ចេកវិទ្យាឌីជីថល ដែលបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗដូចជា៖

ទី១)បច្ចេកវិទ្យាឌីជីថល អាចជួយជំរុញកំណើន និងប្រសិទ្ធភាព។ បច្ចេកវិទ្យាឌីជីថល រួមមាន ទូរស័ព្ទវៃឆ្លត (smart phone) បច្ចេកវិទ្យាក្លោដ (cloud computing) បច្ចេកវិទ្យាប្រើរូបូ (robotics) បច្ចេកវិទ្យាប្លុកឆេន (block chain) និង អ៊ិនធើណិតនៃបរិក្ខារ (internet of things) ជាដើម ដែលបានកំពុងផ្តល់លទ្ធភាពខ្ពស់ក្នុងការបង្កើនការតភ្ជាប់រវាងមនុស្ស និងមនុស្ស បង្កើតឡើងនូវធុរកិច្ចថ្មីៗ ជាមួយនឹងគំនិតថ្មីៗ សម្រួលដល់ការធ្វើពាណិជ្ជកម្ម កាត់បន្ថយរបាំងចូលទីផ្សារ បង្កើតឱកាសសម្រាប់សកម្មភាពច្នៃប្រឌិតថ្មីៗ និងបង្កើតសកម្មភាពសហគ្រិន។

ទី២)បច្ចេកវិទ្យាឌីជីថល អាចជួយរដ្ឋាភិបាលបង្កើនសមត្ថភាពវិស័យសាធារណៈបានល្អប្រសើរ ជួយបង្កើនគណនេយ្យភាព និងតម្លាភាពក្នុងការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន ជួយឲ្យអាជ្ញាធរនៅគ្រប់កម្រិតអាចផ្តល់សេវាដល់ប្រជាពលរដ្ឋបានកាន់តែច្រើនថែមទៀត។ ទន្ទឹមនេះ បច្ចេកវិទ្យាឌីជីថល អាចជួយពង្រឹងកិច្ចសហការ ភាពជាដៃគូ និងនវានុវត្តន៍រវាងក្រសួង និងផ្ទៃក្នុងក្រសួង ព្រមទាំស្ថាប័នពាក់ព័ន្ធទូទាំងប្រទេស។

ទន្ទឹមនឹងផលវិជ្ជមាននេះ បច្ចេកវិទ្យាឌីជីថល ក៏បានផ្តល់នូវគុណវិបត្តិផ្សេងៗផងដែរដូចជា៖
១) មនុស្សយន្ត (Robot) បាននិងកំពុងជំនួសកម្លាំងពលកម្មមនុស្ស ដែលនឹងធ្វើឲ្យមនុស្សបាត់បង់ការងារ។
២)ទាមទារកម្រិតជំនាញខ្ពស់ ដើម្បីឲ្យស្របទៅនឹងការរីកចម្រើនបច្ចេកវិទ្យា និងព័ត៌មានវិទ្យា។
៣) វិសមភាពនៃការទទួលផលប្រយោជន៍ ដោយសារភាពមិនស្មើគ្នានៃឱកាសទទួលបាននូវចំណេះដឹង និងបច្ចេកវិទ្យា។
៤)ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល នឹងបង្កើនភាពងាយរងគ្រោះ ដែលបណ្តាលមកពីឧក្រិដ្ឋកម្ម ឬ បទល្មើសពាក់ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសុវត្ថិភាពសង្គម។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា នៅដើមឆ្នាំ២០១៩ កន្លងទៅនេះ សម្តេចបានផ្តល់ការណែនាំដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុឱ្យបង្កើតក្រុមការងាររៀបចំក្របខណ្ឌគោលសេដ្ឋកិច្ចឌីជីថល ក្នុងគោលបំណងចាប់យកកាលានុវត្តភាពពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដោយផ្តោតលើទិដ្ឋភាពធំៗ៣គឺ៖

១)ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យឌីជីថល និង ការរៀបចំប្រព័ន្ធទូទាត់សងប្រាក់អេឡិចត្រូនិក (e-payment) និងប្រព័ន្ធឡូជីស្ទិក។
២) ការបង្កើតថ្នាលឌីជីថល (platform) និងការអភិវឌ្ឍប្រព័ន្ធធុរកិច្ចឌីជីថល (ecosystem) និង
៣)ការលើកកម្ពស់ឌីជីថលលូបនីយកម្ម-រដ្ឋាភិបាល សហគ្រិនភាព អក្ខរកម្មឌីជីថល និងទិន្នន័យបើកចំហរ (Open data)។

ដើម្បីឱ្យបដិវត្តឧស្សាហកម្មទី៤ ដែលជាចរន្តនៃការរីកលូតលាស់ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផ្តល់នូវប្រយោជន៍ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាពនោះ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវគំនិតផ្តួចផ្តើម និងការងារអាទិភាពមួយចំនួនដូចខាងក្រោម៖

១)ការរៀបចំ និងដាក់ឱ្យអនុវត្តរដ្ឋាភិបាលឌីជីថល (Digital Government) មួយឱ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ៖ នេះគឺជាបុរេលក្ខខណ្ឌនៃការកសាងសេដ្ឋកិច្ចឌីជីថល ដែលម្ខាងសំដៅលើកកម្ពស់ប្រសិទ្ធភាពនៃសេវាសាធារណៈប្រកបដោយគណនេយ្យភាព និងតម្លាភាពក្នុងការផ្តល់សេវានៅតាមមូលដ្ឋាន និងម្ខាងទៀតដើរតួជាអ្នកជំរុញ (Enabler) តាមរយៈការរៀបចំ និងដាក់ឱ្យអនុវត្តឧបករណ៍ឌីជីថលសំខាន់ៗ ដូចជាអាស័យដ្ឋានឌីជីថល ហត្ថលេខាឌីជីថល អត្តសញ្ញាណប័ណ្ណឌីជីថល ដើម្បីបង្កើតឱកាសឱ្យវិស័យឯកជន និងសហគ្រិនមានលទ្ធភាពច្នៃប្រឌិតនូវធុរកិច្ចថ្មីៗ។

២)ការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគ្រឹះ៖ ត្រូវបន្តជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធដែលជាឆ្អឹងខ្នង ដូចជាខ្សែកាបអុបទិក, ខ្សែកាបអុបទិកបាតសមុទ្រ, ការចែកចាយ, និងការតភ្ជាប់ដល់ផ្ទះ និងទីតាំងធុរកិច្ច និងមជ្ឈមណ្ឌល ទិន្នន័យ ដើម្បីធ្វើឱ្យប្រព័ន្ធ Internet មានល្បឿនលឿន តម្លៃសមរម្យ និងទៅដល់គ្រប់ទីកន្លែងទូទាំងប្រទេស។

៣)ដើម្បីទាញយកអត្ថប្រយោជន៍ពីបដិវត្តឧស្សាហកម្មទី៤ ឱ្យបានជាអតិបរមា៖ ការអភិវឌ្ឍមូលធនមនុស្ស គឺជាកត្តាចាំបាច់។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់គុណភាពនៃការអប់រំ ជំរុញការអប់រំផ្នែ ស្តេម (STEM) ជំរុញការបណ្តុះបណ្តាលជំនាញ និងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍។

៤)ការកសាង និងដាក់អនុវត្តនូវគោលនយោបាយបទប្បញ្ញត្តិច្បាប់ និងស្តង់ដាពាក់ព័ន្ធ៖ សុវត្ថិភាព ឌីជីថល គឺជាកត្តាចាំបាច់ក្នុងការកសាងក្របខណ្ឌយុទ្ធសាស្ត្ររយៈពេលវែង។ កម្ពុជានឹងរៀបចំក្របខណ្ឌគតិយុត្ត និងបទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រងសុវត្ថិភាពទិន្នន័យ (Data Security) និងសិទ្ធិឯកជននៃទិន្នន័យ (Data Privacy) និងសន្តិសុខតាមប្រព័ន្ធអ៊ីនធើណេត (Cyber Security) ការការពារ និងរក្សាទុកព័ត៌មានសម្ងាត់ ការធ្វើពាណិជ្ជកម្ម និងទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងបទប្បញ្ញត្តិផ្សេងទៀត ដើម្បីការពារអ្នកប្រើប្រាស់។

៥)ការលើកកម្ពស់ការរៀបចំប្រព័ន្ធអេកូឡូហ្ស៊ី (Ecology)៖ ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចថ្មីៗក្នុងវិស័យឌីជីថល ដែលជាចំណុចចាប់ផ្តើមក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានតាមរយៈការរៀបចំគោលនយោបាយគ្រប់ជ្រុងជ្រោយមួយជាកញ្ចប់ដោយគិតគូពីបច្ចេកវិទ្យា ធនធានហិរញ្ញវត្ថុ ការលើកទឹកចិត្ត ការបណ្តុះបណ្តាល។ល។ ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចថ្មីៗក្នុងវិស័យឌីជីថល តាមរយៈការបង្កើតមូលនិធិសហគ្រិនភាព ដែលមានថវិកាចំនួន៥លានដុល្លារក្នុងមួយឆ្នាំ ដែលនឹងអាចជួយជាធនធានហិរញ្ញវត្ថុ និងការប្រឹក្សាយោបល់ដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសក្រុមហ៊ុនតូចៗ ដែលទើបបង្កើតឡើង ។

សម្តេចតេជោនាយករដ្ឋមន្ត្រីសង្ឃឹមថា សន្និសីទនេះនឹងពិភាក្សាយ៉ាងផុសផុលអំពីកាលានុវត្តភាព បញ្ហាប្រឈមនានា និងវិធីសាស្ត្រសម្រាប់ការដោះស្រាយរួមគ្នា ដែលកើតចេញពីបដិវត្តឧស្សាហកម្មទី៤ ក្នុងស្មារតីរួមចំណែកជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរអោយអង្គសន្និសីទទាំងមូល សម្រេចបានផ្លែផ្កា និងជោគជ័យគ្រប់ភារកិច្ចជាបន្តបន្ទាប់ ជាមួយនឹងការប្រកាសបើកជាផ្លូវការនូវសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១៩នេះ៕

អត្ថបទដែលជាប់ទាក់ទង