ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា-ជប៉ុន ចុះអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការ ស្តីពីការបញ្ជូនពលករជំនាញ

93

(តូក្យូ-ជប៉ុន)៖ លោក អុិត​ សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Takashi YAMASHITA រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ការបញ្ជូន
ពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុន រវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌នៃប្រទេសជប៉ុន នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅក្រសួងយុត្តិធម៌ ប្រទេសជប៉ុន។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងលោក សេង សក្តា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការងារ និងលោកស្រី Shoko SASAKI អគ្គនាយកអន្តោប្រវេសន៍ជប៉ុន។

លោក Takashi YAMASHITA រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន បានលើកឡើងថា កាលពីឆ្នាំកន្លងទៅ កម្ពុជា-ជប៉ុន បានប្រារព្ធពិធីអបអរសាទរខួបលើកទី៦៥នៃទំនាក់ទំនងការទូតកម្ពុជាជប៉ុន ហើយការចុះអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការស្តីពីពលករជំនាញនាថ្ងៃនេះ ជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ ពីទំនាក់ទំនងដ៏ស្អិតរមួត រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ។

លោក អុិត​ សំហេង បានសម្តែងនូវការកោតសរសើរ ចំពោះក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលបានខិតខំសហការគ្នា ប្រកបដោយការទទួលខុសត្រូវខ្ពស់ នាពេលកន្លងមករហូតឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ។

លោក រដ្ឋមន្ត្រី អុិត សំហេង មានប្រសាសន៍លើកឡើងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុនមានចំនួនប្រមាណ១ម៉ឺន១ពាន់នាក់ ក្នុងនោះកម្មសិក្សាការីមានប្រមាណជិត៧ពាន់នាក់។ តាមរយៈអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការនេះ ឯកឧត្តមបញ្ជាក់ថា ពលករជំនាញកម្ពុជានឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចាប់យកឱកាសមាសនេះ ដើម្បីជាផលប្រយោជន៍សម្រាប់ខ្លួនឯងផង សម្រាប់កម្ពុជាផង ក៏ដូចជាចូលរួមចំណែកដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មរបស់ជប៉ុន​ ជាពិសេសសម្រេចឱ្យបាននូវចក្ខុវិស័យគ្រប់ជ្រុងជ្រោយជាយុទ្ធសាស្រ្តនៃប្រទេសទាំងពីរ។

រដ្ឋាភិបាលជប៉ុនបានធ្វើវិសោធនកម្មច្បាប់ស្តីពីការទទួលជនភៀសខ្លួន និងការគ្រប់គ្រងជនអន្តោប្រវេសន៍ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ដោយបង្កើតទិដ្ឋាកាការងារថ្មីចំនួន២ប្រភេទគឺ “ពលករជំនាញ១” និង “ពលករជំនាញ២”។ ច្បាប់នេះនឹងចាប់ផ្តេីមអនុវត្តនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩។ ដោយឡែកប្រព័ន្ធបញ្ជូនកម្មសិក្សាការីនៅអនុវត្តដដែល។

ជប៉ុនគ្រោងទទួលយកពលករជំនាញទាំង​ ២​ ប្រភេទ​ ពីប្រទេសចំនួន៨ រួមមាន កម្ពុជា ចិន វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ មីយ៉ាន់ម៉ា និងនេប៉ាល់​ ចំនួន ៣៤៥,១៥០នាក់ ក្នុងរយៈពេល៥ឆ្នាំដំបូងក្នុងនោះ៖ ពលករជំនាញសម្រាប់ការងារចំនួន១៤ប្រភេទ រួមមានផ្នែកថែទាំមនុស្សចាស់ ការសំអាតអាគារ ការផលិតគ្រឿងបន្លាស់ ការផលិតគ្រឿងម៉ាស៊ីន ការផលិតគ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិច ការងារសំណង់ ការផលិតនាវា ការជួសជុល និងតម្លើងរថយន្ត ការងារអាកាសចរណ៍ ការរៀបចំបន្ទប់ស្នាក់នៅ កសិកម្ម នេសាទ និងវារីវប្បកម្ម ការផលិតអាហារនិងភេសជ្ជៈ និងការងារនៅភោនីយដ្ឋាន។

សូមបញ្ជាក់ថា​ កម្ពុជាជាប្រទេសទី២ ដែលបានចុះអនុស្សារណៈនេះនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីហ្វីលីពីនដែលបានចុះនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង