ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាំកុងត្រូលរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ប្រមាណ ១៦០ គីឡូ នៅតាមស្តង់ និងម៉ាតនានា ក្នុងស្រុកអន្លង់វែង

60


ខេត្តឧត្ដរមានជ័យ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តឧត្ដរមានជ័យ ចុះត្រួតពិនិត្យ ផលិតផលម្ហូបអាហារ នៅតាមស្តង់ និងម៉ាតនានា ក្នុងស្រុកអន្លង់វែង បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ចម្រុះសរុបប្រមាណ ១៦០ គីឡូក្រោម។

នាព្រឹកថ្ងៃចន្ទទី២៥ ខែមីនា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តឧត្ដរមានជ័យ ដោយមានការចូលរួមសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅតាមស្តង់ និងម៉ាតនានា ក្នុងស្រុកអន្លង់វែង។ ក្នុងគោលដៅ ដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញ ខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ ។
ក្នុងការត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាព មិនអនុលោមនៅលើសម្បកវេចខ្ចប់ ផលិតផលម្ហូបអាហារ បានជាច្រើនមុខ។

ជាលទ្ធផល មន្ត្រីជំនាញរកឃើញទំនិញខូចគុណភាព និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ចម្រុះសរុបប្រមាណ ១៦០ គីឡូក្រាម មានដូចជា៖ ទឹកក្រូចដបតូច ចំនួន ២៤០ ដប នំកញ្ចប់កូនក្មេង ចំនួន ៣៤ កញ្ចប់ ប្រេងឆា ចំនួន ៤២ ដប មីម៉ាម៉ា ចំនួន ២៥ កញ្ចប់ សៀង ចំនួន ៣ ដប ទឹកគូលេន ចំនួន ៤ កំប៉ុង ស្ករក្មេង ចំនួន ២ កំប៉ុង ដំណាប់ទំពាំងបាយជូ ចំនួន ៣ ប្រអប់ និងទឹកដោះគោបឺតក្មេង ចំនួន ១១ ប្រអប់តូច។

បន្ទាប់មកមន្ត្រីកាំកុងត្រូល បានធ្វើការណែនាំដល់អាជីវករ ហើយឱ្យម្ចាស់ទំនិញ ធ្វើកិច្ចសន្យា ផ្តិតមេដៃ ដើម្បីបញ្ឈប់ការដាក់តាំងលក់ នូវផលិតផលម្ហូបអាហារ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងបានធ្វើកំណត់ហេតុ ដកហូត ទំនិញទាំងនោះ យកទៅកម្ទេចចោល៕

អត្ថបទដែលជាប់ទាក់ទង