ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិធានការរឹតបន្តឹងទប់ស្កាត់ និងបង្ក្រាបការនាំចូល ការនាំចេញ និងការឆ្លងកាត់នូវភ្លុកដំរី កុយរមាស គ្រឿងចម្លាក់កែច្នៃខុសច្បាប់

69

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានដាក់ចេញវិធានការរឹតបន្តឹង ការនាំចូល ការនាំចេញ និងការឆ្លងកាត់នូវភ្លុកដំរី កុយរមាស គ្រឿងចម្លាក់កែច្នៃពីភ្លុកដំរីនិងកុយរមាសខុសច្បាប់។ ការកើតមាននូវសកម្មភាពទាំង នេះនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នឹងជះឥទ្ធិពលអវិជ្ជមានចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។

អគ្គនាយកគយ និងរដ្ឋាករកម្ពុជា ថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៩ បានចេញលិខិតណែនាំដល់ប្រធាននាយកដ្ឋាន សាខា និងការិយាល័យគយ និងរដ្ឋាករទាំងអស់រឹតបន្តឹងការងារទប់ស្កាត់ និងបង្ក្រាបការនាំចូល ការនាំចេញ និងការដឹកឆ្លងកាត់នូវភ្លុកដំរី កុយរមាស គ្រឿងចម្លាក់កែច្នៃពីភ្លុកដំរី និងកុយរមាស សត្វនិងរុក្ខជាតិងាយរងគ្រោះ និងបំបែករបស់វាដទៃទៀតដែលច្បាប់ហាមឃាត់ឱ្យកាន់តែមានប្រសិទ្ធភាពដោយដាក់ចុះនូវវិធានការចំនួន៦ចំណុច។

លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា ការនាំចូល ការនាំចេញ និងការឆ្លងកាត់នូវភ្លុកដំរី កុយរមាស គ្រឿងចម្លាក់កែច្នៃពីភ្លុកដំរីនិងកុយរមាសខុសច្បាប់។ ការកើតមាននូវសកម្មភាពទាំង នេះនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នឹងជះឥទ្ធិពលអវិជ្ជមានចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជារដ្ឋសមាជិកនៃអនុសញ្ញា ស្តីពីការធ្វើពាណិជ្ជកម្មអន្តរជាតិ លើប្រភេទសត្វព្រៃ និងរុក្ខជាតិកំពុងរងគ្រោះថ្នាក់ ក៏ដូចជាធ្វើឱ្យខូចកិត្តិស័ព្ទរបស់កម្ពុជាលើឆាកអន្តរជាតិ។
វិធានការទាំង៦ នោះរួមមានដូចជា ការពង្រឹងការសិក្សា វិភាគ វាយតម្លៃព័ត៌មានដែលមាននៅលើនិវេទន៍បណ្ណ អញ្ញត្តិបណ្ណ វិក្កយបត្រ និងឬបញ្ជីវេចខ្ចប់ដើម្បីកំណត់មុខសញ្ញានៃការនាំចូល ការនាំចេញ និងការឆ្លងកាត់ខុសច្បាប់នូវទំនិញហាមឃាត់ដូចជាភ្លុកដំរី កុយរមាស គ្រឿងចម្លាក់កែច្នៃពីភ្លុកដំរីនិងកុយរមាសខុសច្បាប់។ នេះជាបទល្មើសដែលត្រូវជាកម្មវត្ថុនៃចំណាត់ការផ្លូវតុលាការ។

យោងតាមតួលេខដែលទទួលបាន ចាប់ពីឆ្នាំ២០១៦ រហូតមកទល់នឹងចុងឆ្នាំ ២០១៨ ភ្លុកដំរីជាច្រើនពាន់ដុំមានទម្ងន់សរុបប្រមាណ ៥ តោន ត្រូវបានអាជ្ញា ធរកម្ពុជាបង្ក្រាប និងរឹបអូសភ្លុកដំរីទម្ងន់ ១៣០០ គីឡូក្រាម នៅកំពង់ផែស្វយ័តខេត្តព្រះសីហនុនៅអំឡុងឆ្នាំ ២០១៦ ហើយការបង្ក្រាបទ្រង់ទ្រាយធំចុងក្រោយដោយអាជ្ញាធរកម្ពុជានៅខែធ្នូ ឆ្នាំ ២០១៨ ដោយនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរកឃើញ ភ្លុកដំរីជាង ១ ពាន់ដុំ ទម្ងន់ ជិត ៣៥០០ គីឡូ ទុកចោល ក្នុងទូកុងតឺន័រ នៅកំពង់ផែស្វយ័ត ភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង