ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត នៃប្រទេសអារ៉ាប់រួម នឹងបើកជើងហោះហើរថ្មី ពីភ្នំពេញទៅបាងកក ជាមួយជម្រើសកាន់តែច្រើន

62

(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត (Emirates) នៃប្រទេសអារ៉ាប់រួម គ្រោងនឹងបើកជើងហោះហើរថ្មី ដើម្បីតភ្ជាប់រាជធានីភ្នំពេញ ទៅកាន់រាជធានីបាងកកប្រទេសថៃ ដោយចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខ ដើម្បីផ្តល់ជូនអតិថិជនទាំងអស់ នូវការធ្វើដំណើរប្រកបដោយផាសុកភាព ជាមួយជម្រើសជើងហោះហើរប្រចាំថ្ងៃកាន់តែច្រើន បន្ថែមលើការហោះហើរទៅកាន់គោលដៅជាង ១៥០កន្លែង នៅក្នុងប្រទេសចំនួន ៨៣។

នៅក្នុងជំនួបជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ លោក អាប់ឌុលឡា អេតណាន់ (Abdulla Adnan) នាយកក្រុមហ៊ុនអ៊ែមមឺរឹត ប្រចាំប្រទសកម្ពុជា បានគូសបញ្ជាក់ថា «អ៊ែមមឺរឹត» ចង់ធ្វើឱ្យទីក្រុងឌុយបៃ ក្លាយជាវេទិកាតភ្ជាប់ប៉ែកខាងកើត ទៅកាន់ខាងលិច ហើយតាមរយៈជើងហោះហើរថ្មីនេះ ក្រុមហ៊ុននឹងប្រើប្រាស់យន្តហោះធុនបូអីង ៧៧៧ និងអ៊ែបើស A៣៨០ ដើម្បីដឹកនាំគណៈប្រតិភូកម្ពុជា ទៅកាន់ពិព័រណ៍ពិភពលោកឌុយបៃឆ្នាំ២០២០ ជាមួយបច្ចេកវិទ្យាទំនើប គ្មានទំនាញផែនដី។

ជាការឆ្លើយតប ឯកឧត្តម ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍ ចំពោះការបើកឱ្យមានជើងហើរថ្មី របស់ក្រុមហ៊ុនអ៊ែមមឺរឹត ដែលនឹងផ្តល់ភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃឡង់ដ៏។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសអារ៉ាប់រួម ដែលបានគាំទ្រ និងជួយសម្របសមួលការចូលរួមរបស់កម្ពជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឌុយបៃឆ្នាំ២០២០ នាពេលខាងមុខ។

លោកប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា តាមរយៈពិព័រណ៍ពិភពលោកឌុយបៃឆ្នាំ២០២០ ប្រទេសទាំងពីរនឹងអាចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យសំខាន់ៗដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម បច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស ហើយក្រសួងពាណិជ្ជកម្ម នឹងរង់ចាំសម្របសម្រួលរាល់គម្រោងវិនិយោគ ស្នើដោយរដ្ឋាភិបាល ឬវិនិយោគិន នៃប្រទេសអារ៉ាប់រួម។

សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត បានធ្វើប្រតិបត្តិការហោះហើរ មកកាន់រាជធានីភ្នំពេញដំបូង នៅក្នុងខែកក្កដា ឆ្នាំ២០១៧ ដែលគិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានដឹកអ្នកដំណើរប្រមាណ ១០ម៉ឺននាក់ និងបានឈ្នះពានរង្វាន់ជាប់គ្នាយ៉ាងច្រើន។ ជាក់ស្តែងកាលពីឆ្នាំមុន ក្រុមហ៊ុនអ៊ែមមឺរឹត បានទទួលពានរង្វាន់ឆ្នើមចំនួន ៣ នៅក្នុងពិព័រណ៍អន្តរជាតិ APEX Asia និងបានជាប់ឈ្មោះជា ក្រុមហ៊ុនអាកាសចរណ៍ឆ្នើមប្រចាំឆ្នាំ២០១៨ សម្រាប់ពានរង្វាន់ការដឹកជញ្ជូនតាមយន្តហោះ។

អត្ថបទដែលជាប់ទាក់ទង