ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ​ឲ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត កំណត់​កាលបរិច្ឆេទ ​នៃ​ការរៀបចំ​វេទិកា​ពិគ្រោះ​យោបល់​សម្រាប់​ឆ្នាំ​២០១៩

32


​ភ្នំពេញ ៖ យោងតាម​លិខិត​ជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ លេខ​៥៩៨​សជណ ចុះ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ បាន​ជម្រាបជូន​រដ្ឋបាល​រាជធានី​-​ខេត្ត ស្តីពី​ការរៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​នានា​នៅ​មូលដ្ឋាន​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ។​

​លោកប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងក្នុងលិខិតនោះថា កន្លងមក ក្រសួងមហាផ្ទៃ​បានដាក់​ចេញ​នូវ​សេចក្តីណែនាំ​លេខ​០៤០ ស​ណន ចុះ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ ដោយបាន​កំណត់​ឲ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត ត្រូវ​សម្របសម្រួល​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​នានា​នៅ​មូលដ្ឋាន ដែល​ធ្វើ​សកម្មភាព​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ឲ្យ​បាន​ទៀងទាត់​រាល់​ឆមាស ឬ​តាម​ការចាំបាច់ ។​

​លោករដ្ឋលេខាធិការ បានបន្ថែមថា ពាក់ព័ន្ធ​ករណីនេះ ក្រសួង​សូម​ស្នើ​ឲ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត ធ្វើការ​កំណត់​ឲ្យ​បាន​ជាក់លាក់​នូវ​កាលបរិច្ឆេទ​នៃ​ការរៀបចំ​វេទិកា​ពិគ្រោះ​យោបល់​សម្រាប់​ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​ពី​មន្ទីរជំនាញ​នានា អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ព្រមទាំង​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​នានា​នៅ​មូលដ្ឋាន រួចហើយ​ត្រូវ​ផ្ញើ​កាលបរិច្ឆេទ​នោះមក​ក្រសួងមហាផ្ទៃ ។ បន្ទាប់ពី​បញ្ចប់​អង្គ​វេទិកា ត្រូវធ្វើ​របាយការណ៍​ជា​លាយលក្ខណ៍អក្សរ​ស្តីពី​លទ្ធផល​សំណើ សំណូមពរ​សំខាន់ៗ រួមទាំង​បញ្ហា​នានា ដែល​មិនអាច​ដោះស្រាយបាន​នៅក្នុង​សមត្ថកិច្ច​របស់ខ្លួន ផ្ញើមក​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើសុំ​ការសម្របសម្រួល និង​ជួយ​គាំទ្រ​ក្នុងការ​ដោះស្រាយ ៕

អត្ថបទដែលជាប់ទាក់ទង