ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការយុទ្ធសាស្ត្រ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

14

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការយុទ្ធសាស្ត្រ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០១៩-២០២៣ ក្រោមអធិបតីភាពលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងជាប្រធាន គ.ស.ហ និងលោក Clive Scott ទីប្រឹក្សាជាន់ខ្ពស់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ។ ពិធីសម្ពោធនេះ មានការអញ្ជើញចូលរួម ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ សរុបប្រមាណ ៤០០នាក់ មកពីក្រសួង-ស្ថាប័ន អង្គការជាតិនិងអន្តរជាតិ ស្ថានទូត គ្រឹះស្ថានធនាគារនិងវិស័យឯកជន។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ស្តីពីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការយុទ្ធសាស្រ្ដជាតិស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០១៩-២០២៣។ ដោយមានការណែនាំពី គ.ស.ហ. និងមានជំនួយបច្ចេកទេសពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីប្រើប្រាស់ជាមគ្គុទ្ទេសក៍រយៈពេលវែងដ៏ពេញលេញមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ យុទ្ធសាស្រ្ដជាតិនេះ គោលបំណងចម្បងបំផុតដើម្បី៖ ១៖ ឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ និងមុខរបរនិងវិជ្ជាជីវៈ មិនមែនហិរញ្ញវត្ថុ គេចផុតពី ការប្រើប្រាស់ ក្នុងការសម្អាតប្រាក់ និងស្វែងរកផលនៃបទល្មើស និងទ្រព្យសម្បត្តិពាក់ព័ន្ធនឹងហិរញ្ញប្បទានភេរវកម្ម។ ២៖ ធានាឲ្យអាជ្ញាធរអនុវត្តច្បាប់ទាំងអស់ រួមគ្នាធ្វើការស៊ើបអង្កេត ចោទប្រកាន់ ដាក់ទណ្ឌកម្ម
និងរឹបអូសផល និងឧបករណ៍ នៃសំអាងបទល្មើស និងបោសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រកបដោយប្រសិទ្ធភាព។
នាឱកាសនេះ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធាន គ.ស.ហ. បានមានប្រសាសន៍ពាក់ព័ន្ធនឹងគោលបំណងគន្លឹះ ជាយុទ្ធសាស្រ្ដចំនួន១០ របស់យុទ្ធសាស្រ្ដជាតិ និងសកម្មភាពការងារ កំណត់តាមអាទិភាព និងពេលវេលាច្បាស់លាស់ ដែលក្រសួង-ស្ថាប័ន ពាក់ព័ន្ធត្រូវសហការរួមគ្នា ជាមួយវិស័យឯកជន សម្រេចឲ្យបាន ដើម្បីធានានូវប្រសិទ្ធភាពនៃ ប្រព័ន្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនៅកម្ពុជា និងជាពិសេស ដើម្បីឆ្លើយតបនឹងហានិភ័យ ថ្នាក់ជាតិស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលបានវាយតម្លៃកាលពីឆ្នាំ២០១៦ និងអនុសាសន៍ ដែលបានកំណត់ក្នុងរបាយការណ៍ វាយតម្លៃអញ្ញមញ្ញស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០១៧ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង