ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់៖ យើងនឹងខំប្រឹងប្រែងធ្វើឲ្យកម្ពុជាក្លាយ ជាតំបន់សេដ្ឋកិច្ចឧស្សាហកម្មហាឡាលដ៏ធំមួយ ក្នុងពេលប៉ុន្មានឆ្នាំខាង មុខនេះ

21

ភ្នំពេញ៖ ក្នុងនាមគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី យើងនឹងខិតខំប្រឹងធ្វើយ៉ាងណា ប្រែក្លាយកម្ពុជាទៅជាតំបន់ សេដ្ឋកិច្ចឧស្សាហកម្មហាឡាលដ៏ធំមួយក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ។ នេះជាការលើកឡើងរបស់ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ក្នុងឱកាសដែល លោកអញ្ជើញបិទវគ្គបណ្តុះបណ្តាលលើកទី៣ ស្តីពី មូលដ្ឋានគ្រឹះនៃស្តង់ដារហាឡាលកម្ពុជា នាព្រឹកថ្ងៃសៅរ៏ ៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលម៉ូឌែន៥ រាជធានីភ្នំពេញ ដែលមានសមាសភាព សិក្ខាកាមអញ្ជើញចូលរួមពីជួរគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា គ្រប់រាជធានីខេត្ត និងថ្នាក់ដឹកនាំសម្ព័ន្ធយុវជនមុស្លិមកម្ពុជា គ្រប់រាជធានីខេត្ត ព្រមទាំងតំណាងសហគ្រាសក្នុងស្រុកមួយចំនួន សរុប ២០០នាក់។

លោក ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក៏បានជម្រាបអំពីសារៈប្រយោជន៍របស់ក្រុមហ៊ុន រោងចក្រសហគ្រាស ផលិតផលនានា ដែលមានបញ្ជាក់ពីស្តង់ដារហាឡាលកម្ពុជាថា ថ្វីត្បិតតែអ្នកកាន់សាសនឥស្លាមនៅកម្ពុជាយើងនៅមិនទាន់ដល់ចំនួន១លាននាក់ទេ អាចថាទីផ្សារអតិថិជនក្នុងស្រុកនៅមានកម្រិត ប៉ុន្តែកម្ពុជាយើងមានភ្ញៀវទេសចរណ៍មុស្លិមមិនតិចឡើយ ទន្ទឹមនឹងនេះបណ្តារោងចក្រ សហគ្រាសផលិតផល នានាគួរបានជ្រាបថា ផលិតផលហាឡាលមាន វិសាលភាពប្រកួតប្រជែងក្នុងការនាំចេញទៅកាន់ទីផ្សារដ៏ធំលើសកលលោក ដែលហាឡាលពិភពលោក មានទំហំទឹកប្រាក់ ៣.៣​លានលាន​ដុល្លារ (3.3​Trillion USD) គិតឆ្នាំ​២០១៧ ក្នុងនោះផ្នែកម្ហូបអាហារហាឡាលរហូតដល់ប្រមាណ ១​​លានលាន​ដុល្លា (1.0 Trillion USD)។

ជាមួយគ្នានេះ លោកបន្តថា៖ អតិថិជនមុស្លិមលើសកលលោក គឺមានដល់ទៅប្រមាណ ២ពាន់លាននាក់ ជាគោលដៅទីផ្សារដ៏ធំ ដែលពួកគេតម្រូវការចាំបាច់ទទួលទាន ប្រើប្រាស់ផលិតផលហាឡាលដោយខានមិនបាន។ ហើយលើសពីនេះអតិថិជនដែលតម្រូវការប្រើប្រាស់ហាឡាល គឺជាប្រជាជនទូទៅនៅលើសកលលោក ដែលមិនមែនតែអ្នកកាន់សាសនាឥស្លាមប៉ុណ្ណោះទេ ព្រោះពួកគេបានយល់ពីលក្ខណ្ឌស្តង់ដារប្រកបដោយអនាម័យខ្ពស់ និងគុណភាពរបស់ផលិតផលដែលមានបញ្ជាក់ស្តង់ដារហាឡាល។

ទោះយ៉ាងណា ដើម្បីអោយក្តីរំពឹងទុកខាងលើទទួលបានជោគជ័យ ក៏ទាមទារអោយមានកិច្ចសហការគ្នាល្អរវាងស្ថាប័នក្រសួងពាក់ព័ន្ធ ជាពិសេសលេខាធិការដ្ឋានឯកទេសហាឡាលកម្ពុជា ក៏ដូចជាគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ត្រូវពន្លឿនិងពង្រីកការផ្សព្វផ្សាយអំពីហាឡាលកម្ពុជាទៅដល់រោងចក្រ សហគ្រាស និងក្រុមហ៊ុនផលិតក្នុងស្រុកអោយបានកកាន់តែទូលំទូលាយថែមទៀត ដោយត្រូវមានកិច្ចសហការជាមួយស្ថាប័ន ក្រសួងពាក់ព័ន្ធនានា ក្នុងនោះ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រៅពីក្រសួង និងមន្ទីរពាណិជ្ជកម្ម គឺមន្ទីរឧហ្សាហកម្ម និងសិប្បកម្មរាជធានីភ្នំពេញ ក៏ជាភាគីសំខាន់ដែលត្រូវដើរតួនាំមុខបណ្តាខេត្តផ្សេងៗទៀត ក្នុងការផ្តល់កិច្ចសហការលើករណីនេះ ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចឧស្សាហកម្មហាឡាលនៅកម្ពុជាអោយកាន់តែរីកចម្រើនទៅមុខជាបន្តបន្ទាប់ ៕ ដោយ៖ សារីទ្ធិ

អត្ថបទដែលជាប់ទាក់ទង