ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កេនយ៉ា ជ្រើសរើសកម្ពុជា ជាគោលដៅក្នុងការទស្សនកិច្ច ស្វែងយល់ពីវិស័យការងារ

53


ភ្នំពេញ៖នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យគណៈប្រតិភូអាជ្ញាធរជាតិការងារនៃសាធារណរដ្ឋកេនយ៉ាដែលដឹកនាំដោយលោកJillo Abdul Bahari Ali
អនុរដ្ឋមន្ត្រី ក្រសួងការងារ និងការគាំពារសង្គម នៃសាធារណៈកេនយ៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងការងារ។
លោកបណ្ឌិតរដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងថា ការជ្រើសរើសកម្ពុជា ជាគោលដៅ ក្នុងការទស្សនកិច្ច ស្វែងយល់ពីវិស័យការងារ ជាពិសេសពាក់ព័ន្ធ នឹងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ជាជម្រើសដ៏ល្អ ព្រោះ NEA ជាយន្តការដ៏ជោគជ័យ និងសម្រេចបានសមិទ្ធផលជាច្រើន។
ជាការឆ្លើយតប លោកប្រធានប្រតិភូរីករាយ ដែលទទួលការការស្វាគមន៍ដ៏កក់ក្តៅ និងថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្រ្តី ដែលអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នាពេលនេះ ទោះបីជាក្រសួង មមាញឹកក្នុងការរៀបចំ សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០១៩ កំពុងធ្វើឡើងក៏ដោយ។

លោកអនុរដ្ឋមន្ត្រីក្រសួងការងារ និងការគាំពារសង្គម នៃសាធារណៈកេនយ៉ា
បញ្ជាក់ថា ស្ថានភាពកម្ពុជា និងកេនយ៉ា មានលក្ខណៈប្រហាក់ប្រហែលគ្នា បើប្រៀបធៀប លើបញ្ហាប្រឈម កំណើនសេដ្ឋកិច្ច និង GDP សម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ ដូច្នេះវាទាមទារឱ្យយើង មានការសិក្សាស្វែងយល់ពីគ្នា។

ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិតរដ្ឋមន្ត្រី បានលើកពីវឌ្ឍនភាព ជាច្រើន នៃក្រសួងការងារ និងបញ្ជាក់ថា កម្ពុជា ជាប្រទេសតែមួយគត់ ដែលហ៊ានផ្សារភ្ជាប់កិច្ចព្រមព្រៀង ពាណិជ្ជកម្ម ទៅនឹងលក្ខខណ្ឌការងារ ផ្តល់សច្ចាប័ន លើអនុសញ្ញាស្នូល ទាំង៨របស់អង្គការ ILO អនុវត្តគម្រោងរោងចក្រ កាន់តែប្រសើរ នៅកម្ពុជា ដើម្បីត្រួតពិនិត្យលក្ខខណ្ឌការងារ ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា និងការពង្រីក របបសន្តិសុខសង្គម នៅទូទាំងប្រទេស។

តាមរយៈជំនួបនេះ លោកជឿជាក់ថា កិច្ចសហប្រតិបត្តិការ រវាងវិស័យការងារ នៃប្រទេសទាំងពីរ នឹងត្រូវបានពង្រឹងបន្ថែម ហើយនឹងមានការផ្លាស់ប្តូរ បទពិសោធន៍ និងទស្សនៈល្អៗជាច្រើន។ លោករដ្ឋមន្រ្តីសង្ឃឹមថា នៅលើកក្រោយ នឹងមានទស្សនកិច្ច ពីប្រតិភូកេនយ៉ាបន្ថែមទៀត មកកាន់កម្ពុជា។

នៅក្នុងដំណើរទស្សនកិច្ច សិក្សារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៥-០៩ ខែមីនានេះ គណៈប្រតិភូ នៃក្រសួងការងារ កេនយ៉ា នឹងអញ្ជើញសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍នៅ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) អំពីដំណើរការផ្តល់ សេវាការងារ ដល់អ្នកស្វែងរកការងារ, ការប្រមូល និងផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ, ការបង្កើត និងអនុវត្តគោលនយោបាយកម្មវិធីការងារ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងាររបស់កម្ពុជា ស្របពេលដែលប្រទេសកេនយ៉ា ទើបបង្កើតនូវអាជ្ញាធរជាតិការងារ កាលពីឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ។

គួរបញ្ជាក់ថា សាធារណរដ្ឋកេនយ៉ា ជាប្រទេសមួយ ដែលស្ថិតនៅទ្វីបអាហ្រ្វិក ប៉ែកខាងកើត ដែលមានផ្ទៃដីសរុប ៥៨០.៣៦៧ គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុប ៤៩.៧ លាននាក់ (គិតត្រឹមឆ្នាំ២០១៧)។ កំណើនសេដ្ឋកិច្ច ជាមធ្យមក្នុងរង្វង់ ៧ភាគរយ ជាមួយ GDP សម្រាប់មនុស្សម្នាក់១.៥០៧,៨១ ដុល្លារសហរដ្ឋអាមេរិក។ កាលពីឆ្នាំ២០១៦ ប្រទេសនេះ ទើបបានបង្កើតអាជ្ញាធរជាតិការងារ ហើយពុំទាន់មានដំណើរការ ពេញលេញនៅឡើយ និងកំពុងសិក្សាស្វែងយល់បន្ថែម ពីបណ្តាលប្រទេសនានា ដែលក្នុងនោះ មានកម្ពុជាយើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង