ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងកសិកម្ម ទទួលស្គាល់ វិស័យកសិកម្ម កំពុងជួបប្រទះនូវបញ្ហាមួយចំនួន ដែលទាមទារឲ្យខិតខំប្រឹងប្រែងដោះស្រាយ

26


ភ្នំពេញ៖ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានទទួលស្គាល់ថា វិស័យកសិកម្ម កំពុងជួបប្រទះដូចជា ផលិតភាពនៅមានកម្រិតទាប ទាំងបរិមាណ និងគុណភាព ការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់កសិផល មិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារ យន្តការសម្រួលការនាំចេញ នៅមិនទាន់មានភាពប្រទាក់ក្រឡា ការផ្សព្វផ្សាយបច្ចេកទេសថ្មីៗ ទៅដល់កសិករ និងសហគមន៍ ដែលនៅឆ្ងាយនៅមានកម្រិត កង្វះយន្តការផ្សារភ្ជាប់ ទីផ្សារជាមួយនឹងផែនការដាំដុះ និងប្រមូលផល ប្រព័ន្ធអនាម័យ និងភូតគាមអនាម័យ នៅមិនទាន់រឹងមាំ កង្វះយន្តការផ្តល់ព័ត៌មានទីផ្សារ កង្វះផែនការដាំដុះ ការកំណត់តំបន់ដាំដុះឱ្យត្រូវតាមសក្តានុពលដី កង្វះហេដ្ឋារចនាសម្ព័ន្ធ តម្លៃអគ្គិសនី ប្រព័ន្ធស្រោចស្រព នៅពុំទាន់បានគ្របដណ្តប់លើផ្ទៃដីដាំដុះ ការដាំដុះនៅមានការពឹងពាក់លើទឹកភ្លៀង។ល។ ជាមួយបញ្ហាទាំងអស់នេះ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងបាននិងកំពុង ខិតខំប្រឹងប្រែងដោះស្រាយ បញ្ហាប្រឈមទាំងអស់នេះ ជាបន្តបន្ទាប់។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានរៀបចំវេទិកាសាធារណៈ ដ៏សំខាន់មួយស្តីពីវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពលោករដ្ឋមន្រ្តី វេង សាខុន។ វេទិកានាពេលនេះ មានគោលបំណងដើម្បីបង្កើតឱកាសឲ្យសមាជិក សមាជិកាបានប្រាស្រ័យទាក់ទងដោយផ្ទាល់ ជាមួយគ្នា ដើម្បីពិភាក្សា ផ្លាស់ប្តូរ ឬចែករំលែកបទពិសោធន៍ ត្រួតពិនិត្យ តាមដានអំពីវឌ្ឍនភាព កាលានុវត្តភាព បញ្ហាប្រឈមនានា ដែលបាននិងកំពុងជួបប្រទះ ក្នុងការអនុវត្តការងារវិស័យកសិកម្មកន្លងមក និងនៅចុងបញ្ចប់ នៃវេទិកាសមាជិកអាចយកបទពិសោធន៍ល្អ យន្តការនៃការដោះស្រាយបញ្ហាជាប្រព័ន្ធ ជារបៀប តាមលក្ខណៈបច្ចេកទេស និងតាមនីតិវិធីច្បាប់ត្រឹមត្រូវ ច្បាស់លាស់ដើម្បីធ្វើការអភិវឌ្ឍវិស័យកសិកម្មទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។

លោករដ្ឋមន្រ្តីក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា វេទិកានេះ បានចែករំលែកមេរៀនល្អៗ សម្រាប់ជាទុនទាំងផ្នែកទ្រឹស្តី និងបទពិសោធន៍ អនុវត្តជាក់ស្តែង ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ ម៉្យាងវិញទៀត លទ្ធផលក៏ដូចជា វិធានការដែលទទួលបាននាពេលនេះ គឺជាយន្តការតាមដាន ត្រួតពិនិត្យនិងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ហើយក៏ជាធាតុចូលដ៏សំខាន់សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រើប្រាស់ ជាចលកររុញឲ្យវិស័យកសិកម្ម វិវឌ្ឍន៍រីកចម្រើនថែមទៀត ឆ្លើយតបតាមកំណើនសេដ្ឋកិច្ច កំណើនប្រជាជន និងទេសចារណ៍ក្នុងស្រុក ជាពិសេសស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ ២០៣០។ លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជូនអង្គវេទិកាជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់វិស័យកសិកម្មជាវិស័យអាទិភាព ព្រោះវិស័យនេះ បានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ពិសេសផ្ដល់នូវប្រភពស្បៀងអាហារ សម្រាប់ជីវភាពប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមចម្បង សម្រាប់ការអភិវឌ្ឍផ្នែកកសិ-ឧស្សាហកម្ម និងជាប្រភពចំណូលជាតិដ៏សំខាន់ ដែលទទួលបានពីការធ្វើពិពិធភាវូបនីយកម្មកសិកម្ម និងការនាំចេញផលិតផលកសិកម្ម ចូលទៅក្នុងទីផ្សារជាតិ និងអន្ដរជាតិ។
ក្នុងនោះមានអនុវិស័យសំខាន់ៗមួយចំនួន ដែលលោករដ្ឋមន្រ្តី បានរំលេចឲ្យអង្គវេទិកាចាប់អារម្មណ៍គឺទី១- អនុវិស័យផលិតកម្មកសិកម្ម (ដំណាំស្រូវ ដំណាំកសិ-ឧស្សាហកម្ម បន្លែ និងឈើហូបផ្លែ។ល។) ទី២- អនុវិស័យផលិតកម្មសត្វ និងសុខភាពសត្វ ទី៣- អនុវិស័យជលផល ទី៤- អនុវិស័យព្រៃឈើ និងទី៥- អនុវិស័យកៅស៊ូ។

ជាការពិត អនុវិស័យទាំងអស់នេះបាននិងកំពុង ធ្វើការវិវឌ្ឍន៍រីកចម្រើន ជាបន្តបន្ទាប់ ពីប្រទេសផលិតស្បៀង សម្រាប់ផ្គត់ផ្គង់ឲ្យសេចក្តី ត្រូវការក្នុងស្រុក ទៅជាប្រទេសផលិតស្បៀង សម្រាប់ធ្វើការនាំចេញ ជាក់ស្តែងក្នុងឆ្នាំ២០១៨ កម្ពុជាផលិតស្រូវបាន ១០,៨លានតោន ហើយបានធ្វើការនាំចេញអង្ករ ៦២៦ពាន់តោន ចេកអំបូងលឿងជាង ១ម៉ឺនតោន ស្វាយកែរមៀតប្រមាណជាង ១ម៉ឺនតោន ហើយថ្មីៗនេះកម្ពុជា បាននាំចេញបន្លែស្រស់ ទៅកាន់ទីផ្សារសហភាពអឺរ៉ុប បានជាង ៣៣តោន ដែលនេះជាមោទនភាព នៃការសម្រេចបាន នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួង ក្នុងការជំរុញកំណើនផលិតកម្ម កសិកម្មក្នុងស្រុក ជំរុញការនាំចេញ លើកកម្ពស់សក្តានុពល ក្នុងការប្រកួតប្រជែង ទីផ្សារទាំងក្នុង និងក្រៅប្រទេស។ ដោយឡែក ការអនុវត្តផលិតកម្មកសិកម្ម ត្រូវបានផ្លាស់ប្តូរ ពីការប្រើសត្វពាហនៈ មកការប្រើគ្រឿងយន្តកសិកម្មវិញ ការប្រើប្រព័ន្ធដំណក់ទឹក និងផ្ទះសំណាញ់ ក្នុងផលិតកម្មបន្លែ ហើយប្រជាកសិករ បានក្លាយជាកសិពាណិជ្ជករ សហគមន៍កសិកម្ម កំពុងក្លាយជាកម្លាំងចលករមួយ យ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរជាវិជ្ជមាន នៅក្នុងសេដ្ឋកិច្ចសង្គមជនបទកម្ពុជា មានស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បាននិងកំពុងផ្ដល់សេវាកម្មបច្ចេកទេសថ្មីៗ និងជំនាញទីផ្សារ ដល់អ្នកផលិតយ៉ាងសកម្ម រីឯវិធានការពង្រីក និងទំនើបកម្មសហគ្រាសកសិកម្មធុនតូច និងមធ្យមក៏ត្រូវបានលើកកម្ពស់ ក្រុមហ៊ុនឯកជនបានខិតខំកែច្នៃកសិផល។ ក្រសួង បាននិងកំពុងបន្តផ្សព្វផ្សាយ ពូជដំណាំមានផលិតភាពខ្ពស់ ធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ ឆ្លើយតបតាមតម្រូវការទីផ្សារ ព្រមទាំងការអនុវត្តបច្ចេកវិទ្យាសមស្រប ការអនុវត្តកសិកម្មល្អ (GAP) ការអនុវត្តចិញ្ចឹមសត្វល្អ ការបង្កាត់ពូជសិប្បនិម្មិត ការអនុវត្តវារីវប្បកម្មល្អ នៅក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ដែលជាធាតុចូលប្រកបដោយ សក្ដានុពលសម្រាប់ លើកកម្ពស់ការនាំចេញ។

ទោះជាយ៉ាងណា លោករដ្ឋមន្រ្តី ក៏បានលើកយកបញ្ហា ដែលវិស័យនេះ កំពុងជួបប្រទះដូចជា៖ ផលិតភាពនៅមានកម្រិតទាបទាំងបរិមាណ និងគុណភាព ការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់កសិផល មិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារ យន្តការសម្រួលការនាំចេញ នៅមិនទាន់មានភាពប្រទាក់ក្រឡា ការផ្សព្វផ្សាយបច្ចេកទេសថ្មីៗ ទៅដល់កសិករ និងសហគមន៍ ដែលនៅឆ្ងាយនៅមានកម្រិត កង្វះយន្តការផ្សារភ្ជាប់ ទីផ្សារជាមួយនឹងផែនការដាំដុះ និងប្រមូលផល ប្រព័ន្ធអនាម័យ និងភូតគាមអនាម័យ នៅមិនទាន់រឹងមាំ កង្វះយន្តការផ្តល់ព័ត៌មានទីផ្សារ កង្វះផែនការដាំដុះ ការកំណត់តំបន់ដាំដុះឱ្យត្រូវតាមសក្តានុពលដី កង្វះហេដ្ឋារចនាសម្ព័ន្ធ តម្លៃអគ្គិសនី ប្រព័ន្ធស្រោចស្រព នៅពុំទាន់បានគ្របដណ្តប់លើផ្ទៃដីដាំដុះ ការដាំដុះនៅមានការពឹងពាក់លើទឹកភ្លៀង។ល។
ភ្ជាប់ជាមួយបញ្ហាទាំងអស់នេះ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងបាននិងកំពុងខិតខំប្រឹងប្រែងដោះស្រាយ បញ្ហាប្រឈមទាំងអស់នេះ ជាបន្តបន្ទាប់ ជំហានៗជាមួយអន្តរស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ សហគមន៍ វិស័យឯកជន ហើយលោកស្នើសុំភាគី គ្រប់ពាក់ព័ន្ធបន្តសហការ ឲ្យបានពេញលេញ ចូលរួមរិះរកវិធានការ ឬមធ្យោបាយ គ្រប់បែបយ៉ាងដើម្បីជំរុញ ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យមានការរីកចម្រើនឡើងថែមទៀត។

ស្ថិតក្នុងបរិយាកាសដ៏មានអត្ថន័យនេះ សមាជិក សមាជិកាបានចែលរំលែកបទពិសោធន៍ ចោទសួរ ផ្តល់ចម្លើយ និងសំណូមពរយ៉ាងក្បោះក្បាយ ទាក់ទងនឹងប្រធានបទទី១- ការនាំចូលគ្រឿងបន្លាស់គ្រឿងយន្តកសិកម្មជាប់ពន្ធ ទី២- បញ្ហារោងសម្ងួតគ្រាប់ធញ្ញជាតិ និងបញ្ហាតម្លៃអគ្គីសនី ទី៣- ការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ ទី៤- បញ្ហាបែបបទនីតិវិធីរដ្ឋបាល និងនីតិវិធីច្បាប់ក្នុងការនាំចេញ ផលិតផលកសិកម្ម ជាពិសេសការចេញវិញ្ញាប័ណ្ណបត្រអនាម័យ និងភូតគាមអនាម័យ (SPS) ទី៥- វិធានការការពារគុណភាពដី ទី៦- ច្បាប់ស្តីពីព្រៃឈើ ការធ្វើអាជីវកម្ម និងការដាំឈើឧស្សាហកម្ម ទី៧- វិស័យផលិតកម្មសត្វ សុខភាពសត្វ ពិសេសជំងឺប៉េស្តជ្រូកអាហ្វិច ទី៨- វិស័យជនផល វារីវប្បកម្ម បទល្មើសនេសាទ និងវិធានការ៕

អត្ថបទដែលជាប់ទាក់ទង