ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គល សម រង្ស៊ី ហ៊ានស៊ី តែមិនហ៊ានសង ទើបជាប់រហស្សនាម «បងជាទន្សាយ»

90

ភ្នំពេញ៖វាមិនមែនជាលើកទី១ ទេ សម្រាប់បុគ្គល សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលលេបសម្តីរបស់ខ្លួន។ លោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស កាលពីថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ បានប្រកាសតាមរយៈ Facebook ផ្លូវការរបស់ខ្លួន ដោយបបួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ភ្នាល់គ្នាលើករណីការដោះលែងលោក កឹម សុខា ដែលកាលនោះ កំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជិតព្រំដែនវៀតណាម ក្រោយពីត្រូវបានតំណាងអយ្យការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «សន្និដ្ឋិភាពជាមួយបរទេស» ប្រព្រឹត្តនៅកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ រហូតដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
លោក សម រង្ស៊ី គ្រានោះ បានបបួលសម្តេចតេជោ ហ៊ុន សែន ដោយដាក់ការភ្នាល់នេះថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ សម្តេចតេជោ នឹងចុះចេញពីតំណែង តែបើមិនមានការដោះលែងទេ នោះ សម រង្ស៊ី នឹងត្រូវចូលឲ្យចាប់ខ្លួន»។
ក្នុងចេតនាស្ទាបស្ទង់មើលសន្ទុះនៃការគាំទ្រខ្លួន អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសពីប្រទេសបារាំង កាលពីខែធ្នូ ឆ្នាំ២០១៨ ថា លោកនឹងវិលចូលមកស្រុកខ្មែរ នៅពេលឆាប់ៗនេះ យ៉ាងយូរត្រឹម នៅឆ្នាំ២០១៩ ខាងមុខ។
ភ្លាមៗនោះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការប្រកាសចូលស្រុករបស់ទណ្ឌិតរូបនេះ គឺគ្រាន់ជាល្បិចកំដរនយោបាយទាល់ច្រករបស់ខ្លួនតែប៉ុណ្ណោះ ព្រោះវាមិនមែនជាលើកទី១ ទេ ដែលទណ្ឌិតសម រង្ស៊ី ប្រកាសចូលស្រុកខ្មែរវិញ តែគេសង្កេតឃើញច្រើនលើកច្រើនសាហើយ ដែលបុគ្គលនេះ តែងតែលេបសម្តីរបស់ខ្លួន មិនមកស្រុក ដោយយកលេសថា អ្នកគាំទ្រខ្លួន ស្នើសុំ មិនឲ្យមកចូលស្រុក ។
ជាថ្មីម្តងទៀត នៅពេលការភ្នាល់ជាមួយសម្តេចតេជោហ៊ុន សែន នឹងដល់ថ្ងៃឱសាទវាទ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ដ៏ខ្លីខាងមុខនេះ បែរជាបុគ្គល សម រង្ស៊ី ផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីថា លោកមិនចូលស្រុកខ្មែរវិញទេ ។
ចរិតក្រឡិចក្រឡុចបាតដៃខ្នងដៃរបស់លោក សម រង្ស៊ី មិនត្រូវតែទទួលរងនូវភាពអាមាសពីមហាជននោះទេ សូម្បីតែមេធាវីលោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី បានប្រតិកម្មយ៉ាងខ្លាំង តបចំពោះទង្វើរបស់ទណ្ឌិត សម រង្ស៊ី ដែលមិនហ៊ានចូលស្រុក ព្រមទាំងនិយាយវាយប្រហារ និងដៀមដាមឲ្យលោក កឹម សុខា និងចោទប្រកាន់អ្នកស្រី ត្រូវបានគេទិញទៀតផង។
ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បុគ្គល សម រង្ស៊ី បានប្រកាសថា នឹងមិនវិលចូលស្រុកវិញទេ ព្រោះបើលោកមកស្រុកខ្មែរ មានតែគេចាប់ខ្លួន ដូច លោក កឹម សុខា ដែលមិនអាចធ្វើអ្វី បានក្រៅតែពីគេឲ្យនៅតែក្នុងផ្ទះ ជាពិសេសលោក សម រង្ស៊ី ឆ្លៀតវាយបកទៅដល់អ្នក ដែលបានស្លាប់បាត់ទៅហើយ នោះគឺលោកបណ្ឌិត កែម ឡី។ សម រង្ស៊ី បានវាយប្រហារលោក កែម ឡី ដោយលើកឡើងថា លោក កែម ឡី ក្លាយជាវីរៈបុរស តែចុងក្រោយ បានស្លាប់បាត់ អត់បានជួយអ្វីនោះទេ អញ្ចឹងលោកមិនល្ងង់វិលមកដេកគុកស្រុកខ្មែរនោះទេ។
នៅទីបំផុត សម រង្ស៊ី នៅតែជាសម រង្ស៊ី ដែលជាបុគ្គលហ៊ានស៊ី តែមិនហ៊ានសង បានត្រឹមតែស្រែកក្តែងពីក្រៅប្រទេស តែមិនហ៊ានត្រឡប់មកដេកគុក តាមកិច្ចសន្យាភ្នាល់ជាមួយសម្តេចតេជោហ៊ុន សែន ទៅវិញ។ កាន់តែអនិច្ចារទៀតនោះ បុគ្គល សម រង្ស៊ី បានធ្វើឲ្យមនុស្សក្នុងជួរអតីតបក្សប្រឆាំង កាន់តែស្អប់ខ្ពើមរូបលោក ដោយសារតែការពោលពាក្យមិនពិត ដើរព្រួសពិសដាក់គេឯងគ្រប់គ្នា។
មិនបាច់មន្ត្រី ឬថ្នាក់ដឹកនាំគណបក្សកាន់អំណាចតតាំងនឹងបុគ្គល សម រង្ស៊ី នោះទេ ព្រោះពេលនេះ អតីតថ្នាក់ដឹកនាំរបស់អតីតបក្សសង្រ្គោះជាតិ និងជាមេធាវីការពារក្តី ឲ្យលោក កឹម សុខា ផងនោះ រួមទាំងសកម្មជនជាច្រើននាក់របស់អតីតគណបក្សសង្គ្រោះ បានវាយបកទៅបុគ្គល សម រង្ស៊ី យ៉ាងចាស់ដៃ។ នោះក៏ដោយសារតែបុគ្គលសមរង្ស៊ី លាបសម្តីខ្លួនឯង រកជឿមិនបាន។ តើបុគ្គលសមរង្ស៊ី បន្តនយោបាយបោកប្រាស់សកម្មជនដល់ពេលណា ហើយដើរតែរៃអង្គាសលុយ យកទៅណា?

អត្ថបទដែលជាប់ទាក់ទង