ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយកប្រតិបត្តិរបស់ ADB មកស្វែងយល់ពីស្ថានភាពនៃ ការគ្រប់គ្រងសេដ្ឋកិច្ច ថវិកា និងបំណុល និងការអភិវឌ្ឍន៍ប្រទេសរបស់កម្ពុជា

65


ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលកម្ពុជាប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទទួលជួបសវនការការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សា នាយកប្រតិបត្តិរបស់ ADB ដឹកនាំដោយលោក ស៊ីវ៉ាជី ក្សត្រាប៉ាទី (Mr. Shivaji Kshatrapati) នាយកប្រតិបត្តិរបស់ ADB ទទួលបន្ទុកប្រទេសអាហ្គានីស្ថាន, បង់ក្លាដេស, ប៊ូតាន់, ឥណ្ឌា, ឡាវ, តាជីគីស្ថាន, និងតួកមេនីស្ថាន, នាថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ៤:០០ រសៀល, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

មន្រ្តីក្រសួងសេដ្ឋកិច្ច បានថ្លែងថា នាយកប្រតិបត្តិរបស់ ADB មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងស្វែងយល់ពីស្ថានភាពនៃ ការគ្រប់គ្រងសេដ្ឋកិច្ច, ថវិកា និងបំណុល និងការអភិវឌ្ឍន៍ប្រទេសរបស់កម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជីញមកបំពេញទស្សនកិច្ចនៅកម្ពុជា របស់គណៈប្រតិភូ ADB ហើយបានសម្តែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ របស់ ADB ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា។ លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានជម្រាបជូនប្រតិភូអំពីស្ថានភាពសេដ្ឋកិច្ច នៃប្រទេសកម្ពុជា ដែលកំពុងសម្រេចបាន នូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ ទោះបីត្រូវជួបប្រទះ នូវបញ្ហាប្រឈមនិងហានិភ័យ ពីខាងក្រៅមួយចំនួនក៏ដោយ ដែលប្រការនេះ គឺជាការសបញ្ជាក់ឱ្យឃើញថា កម្ពុជាកំពុងតែដើរនៅលើផ្លូវត្រូវ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាសម្រេចបាន កំណើនក្នុងរង្វង់៧ភាគរយ ក្នុងឆ្នាំ២០១៨ និង តាមការព្យាករណ៍កំណើនសេដ្ឋកិច្ចនេះ នឹងអាចនៅតែសម្រេចបានប្រមាណ៧ភាគរយ ក្នុងឆ្នាំ២០១៩ នេះផងដែរ។ ចាប់ពីពេលនេះតទៅ ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងទ្រទ្រង់កំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់៧ភាគរយ ក្នុងមួយឆ្នាំ នឹងជួយកម្ពុជា ឱ្យឈានទៅសម្រេចបាន ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះ ADB ដែលបានផ្តល់ដល់កម្ពុជា ទាំងហិរញ្ញប្បទានសហប្រតិបត្តិការ ចំណេះដឹង និងចំណេះធ្វើ ដល់វិស័យអាទិភាព ដូចជា ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវថ្នល់ ធារាសាស្ត្រ អគ្គិសនី ទឹកស្អាត អប់រំ និងសុខាភិបាល ។ល។ ហើយដែលបានរួមចំណែកក្នុងការជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។

លោក ក្សត្រាប៉ាទី បានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងអបអរសាទរចំពោះ ជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ដោយរក្សាបាននូវចីរភាពនៃកំណើនក្នុងរង្វង់៧ភាគរយ ក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ ការគ្រប់គ្រងអតិផរណាឲ្យនៅទាប ការគ្រប់គ្រងថវិកាបានរឹងមាំល្អ និងការគ្រប់គ្រង បំណុលប្រកបដោយចីរភាព ព្រមទាំងសម្រេចបាននូវគោលដៅអភិវឌ្ឍសហស្សវត្សរ៍មុនកាលកំណត់។

ទន្ទឹមនេះ លោកបានជម្រាបថា ក្រោមក្របខ័ណ្ឌយុទ្ធសាស្ត្រ ភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ ២០១៩-២០២៣, ADB នឹងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើកិច្ចអភិវឌ្ឍស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ជាពិសេស គឺផ្តោតលើការវិនិយោគលើការបង្កើនទិន្នផលកសិកម្ម, ការតភ្ជាប់ទីជនបទ ទៅកាន់ទីប្រជុំជន, ការផ្គត់ផ្គង់អគ្គិសនីដោយប្រើប្រាស់ថាមពលកកើតឡើងវិញ, ការរៀបចំផែនការអភិវឌ្ឍន៍ទីក្រុង, ការអភិវឌ្ឍន៍វិស័យអប់រំកម្រិតទុតិយភូមិ, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការធ្វើវិមជ្ឈការសេវាសាធារណៈ។ ជាមួយគ្នា ADB គាំទ្រដល់ដំណើការអភិវឌ្ឍន៍វិស័យធនធានមនុស្សរបស់រាជរដ្ឋាភិបាល, ការអភិវឌ្ឍន៍វិស័យថាមពលដើម្បី កំណើនសេដ្ឋកិច្ចខ្ពស់, បង្កើនចំណេះដឹងផ្នែកអភិវឌ្ឍន៍វិស័យឧស្សាហកម្ម, ការរៀបចំហិរញ្ញវត្ថុសាធារណៈប្រកបដោយបរិយាប័ន្ន។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានណែនាំឲ្យការរៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រភាពជាដៃគូ សម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ ២០១៩-២០២៣ ដោយមានភាគីកម្ពុជាជាម្ចាស់ ក្នុងការដឹកនាំរៀបចំឱ្យយុទ្ធសាស្ត្រ ឆ្លើយតប ទៅនឹងតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់កម្ពុជា ដូចជា(១) វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, (២) គោលដៅអភិវឌ្ឍន៍ប្រកបនិរន្តភាពរបស់កម្ពុជា, (៣) ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម, (៤) កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ, (៥) ការពង្រឹងអភិបាលកិច្ច, និង (៦) សេដ្ឋកិច្ចឌីជីថល ជាដើម។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ចំពោះសុភវិនិច្ឆ័យរបស់ ADB ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានស្តែងឡើងតាមរយៈការបង្ហាញជំហរច្បាស់លាស់ក្នុងការបន្តគាំទ្រ និងពង្រីក កិច្ចសហប្រតិបត្តិការនៅកម្ពុជាហើយ ADB នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងភាពជាដៃគូល្អ និងស្មើភាពគ្នា ។

ឆ្លៀតក្នុងដំណើរទស្សនកិច្ចនេះ, គណៈប្រតិភូ ADB ក៏បានជួបពិភាក្សាការងារជាមួយតំណាងស្ថាប័នផ្សេងៗ របស់រាជរដ្ឋាភិបាល និងតំណាងវិស័យឯកជន ព្រមទាំងចុះពិនិត្យផ្ទាល់គម្រោងមួយចំនួន ដែលហិរញ្ញប្បទានដោយ ADB ដូចជា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តតំបន់ខ្ពង់រាប និងការគ្រប់គ្រងវិស័យធនធានទឹក, គម្រោងពង្រឹង វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ៕

អត្ថបទដែលជាប់ទាក់ទង