ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនចិនវិនិយោគនៅខេត្តកោះកុងនិងព្រះសីហនុក្នុងទឹកប្រាក់ជិត៦០០លានដុល្លារ ដើម្បីសាងសង់សណ្ឋាគារផ្កាយ៥

74


កោះកុង៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាបាន សម្រេច ផ្តល់សិទ្ធិឱ្យក្រុមហ៊ុនចិនចំនួនពីរគឺក្រុមហ៊ុនUNION DEVELOPMENT GROUP CO.,LTD និងក្រុមហ៊ុន NANJING DADI CONSTRUCTION (CAMBODIA) DEVELOPMENT GROUP CO.,LTD ធ្វើការវិនិយោគលើវិស័យសណ្ឋាគារ ផ្កាយ៥ ថ្នាក់ផ្កាយ៥ នៅខេត្តកោះកុង និងខេត្ដព្រះសីហនុ ដោយទំហំទុនជិត​៦០០លានដុល្លារ​អាម៉េរិក។ នេះបើយោងតាមការផ្សាយតាមហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជាកាលពី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា ក្រុមហ៊ុន NANJING DADI CONSTRUCTION (CAMBODIA) DEVELOPMENT GROUP CO.,LTD.” គម្រោងសាងសង់ និងអាជីវកម្ម សណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន៣០០បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងរីសត ដែលមាន​ទីតាំងវិនិយោគស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិ​យោគ​ប្រមាណ ៨៨.៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន២.៥៩៨កន្លែង។ ចំណែក​ឯក្រុមហ៊ុន UNION CITY DEVELOPMENT GROUP CO.,LTD.”គម្រោងអភិវឌ្ឍន៍ទី​ក្រុងទេស​ចរណ៍ “TEMI” រួមមាន៖ សណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន៨០០បន្ទប់ មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម តារាងវាយកូនគោល បឹងហ្គាឡូ ផ្ទះវីឡា រមណីយដ្ឋានទេសចរណ៍ សួនកម្សាន្ត។ ចំណតកប៉ាល់ និងគម្រោងផ្សេងៗមួយចំនួនទៀត ដែលមានទីតាំង វិនិយោគស្ថិតនៅ​ស្រុកគីរីសាគរ ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៥០០.៤លានដុល្លារអាម៉េរិក និងអាច​បង្កើតការងារបានចំនួន៥.១៥០កន្លែង។ ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានសម្រេចផ្តល់សិទ្ធិឱ្យក្រុមហ៊ុនបីផ្សេងទៀតដូចជា ទី១.“FULL EVER TEXTILES (CAMBODIA) COMPANY LIMITED.” គម្រោងបង្កើតរោងចក្រផលិតស្រោមដៃគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិព្រៃស្តេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧.៧លានដុល្លារអាម៉េរិក និងអាចបង្កើត​ការងារបាន​ចំនួន ១.០៧៥កន្លែង។ ទី២“KAI GAO PAPER INDUSTRY CO.,LTD.” គម្រោងបង្កើតរោង​ចក្រផលិតម្ស៉ៅក្រដាស “Paper Pulp and Lignin” ពីឈើដាំដុះក្នុងស្រុក ដែលមានទីតាំងវិនិ​យោគ​ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ១៧.២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៦១កន្លែង។ ចំណែកទី៣ ក្រុមហ៊ុន“TOP RISE MASTER INDUSTRY CO.,LTD.” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងសម្ភារ​បរិក្ខាអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.៩លានដុល្លារអាម៉េរិក និងអាច​បង្កើតការងារបានចំនួន ៥១០កន្លែង។

បើតាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ឡៅ ទិព្វសីហា បានឱ្យដឹងថា ការវិនិយោគលើវិស័យសំណង់ក្នុងឆ្នាំ ២០១៩​នេះ នៅតែបង្ហាញសញ្ញាវិជ្ជមាន ​​ខណៈគម្រោងធំៗក្នុងមួយចំនួន បាននឹងកំពុងមាន​វត្តមាន​ជាបន្ត បន្ទាប់ ហើយគម្រោងធំៗមួយចំនួនផ្សេងទៀត ក៏កំពុងស្ថិតក្នុងការត្រួតពិនិត្យ និងស្នើសុំអាជ្ញា ប័ណ្ណសាងសង់ផងដែរ។
សូមបញ្ជាក់ថា ៖ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក៏បាន​និងកំពុង​រៀបចំសេចក្តីព្រាងច្បាប់ថ្មីស្ដីពីការវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាព ទាក់ទាញ និងប្រកួតប្រជែងខ្ពស់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា ក្នុងន័យ​ទាក់ទាញការវិនិយោគពីក្រៅប្រទេសឱ្យបានច្រើន៕

អត្ថបទដែលជាប់ទាក់ទង