ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម៖ ប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (REX ) ជួយពន្លឿនការនាំចេញអង្ករកម្ពុជា ទៅកាន់សហភាពអឺរ៉ុប

46

(ភ្នំពេញ)៖ ប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (Registered Exporter-REX System) នឹងជួយពន្លឿនការនាំចេញអង្ករកម្ពុជា ទៅកាន់សហភាពអឺរ៉ុប (EU) ដោយសារប្រព័ន្ធនេះ មិនតម្រូវឱ្យមានការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ(CO) ឬឯកសារពាក់ព័ន្ធច្រើន ដែលអាចជួយសន្សំពេលវេលា និងថវិកាសម្រាប់វិស័យឯកជន នេះបើតាមការគូសបញ្ជាក់របស់ លោក ពេជ ឬទ្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី “ការអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (REX System) និងការអនុវត្តលេខកូដ១០ខ្ទង់ នៃទំនិញអង្ករសម្រាប់នាំចេញទៅសហភាពអឺរ៉ុប (EU)” ដែលរៀបចំឡើង កាលពីថ្ងៃព្រឹកទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ លោក ពេជ ឬទ្ធី បានអះអាងប្រាប់សិក្ខាកាមថា ក្រៅពីជួយសម្រួលធុរកិច្ចវិស័យឯកជន REX System នឹងរួមចំណែកលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងភាពប្រកួតប្រជែងរបស់កម្ពុជាថែមទៀត។

«REX System ត្រូវបានដាក់ឱ្យអនុវត្តន៍ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩! បច្ចុប្បន្នតាមរយៈប្រព័ន្ធនេះ បានធ្វើឱ្យក្រុមហ៊ុននាំអង្ករកម្ពុជាចេញទៅសហភាពអឺរ៉ុប កាន់តែមានភាពងាយស្រួល និងចំណាយថវិកាកាន់តែតិច ក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប» លោក ពេជ ឬទ្ធី មានប្រសាន៍បន្ថែម។

នៅក្នុងឱកាសនោះ លោក អនុរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់សិក្ខាកាម ខិតខំស្តាប់ការពន្យល់របស់ជំនាញការជាតិ និងអន្តរជាតិ ទាក់ទងនីតិវិធីចុះឈ្មោះជាមួយ REX System និងការអនុវត្តលេខកូដ ១០ខ្ទង់ សម្រាប់អង្ករនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ឱ្យបានត្រឹមត្រូវ។ ឯកឧត្តម​ ក៏បានសំណូមពរផលិតករ និងពាណិជ្ជករទាំងអស់ ចូលរួមអនុវត្តន៍ REX System គ្រប់ៗគ្នា​ ដើម្បីទទួលបានអត្ថប្រយោជន៍ដោយសមធម៌។

សូមបញ្ជាក់ថា សិក្ខាសាលាថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម សហការជាមួយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC) ដើម្បីផ្សព្វផ្សាយដល់ផលិតករ ពាណិជ្ជករ និងក្រុមហ៊ុននាំចេញអង្ករទៅសហភាពអឺរ៉ុប អំពីនីតិវិធីចុះបញ្ជីអ្នកនាំចេញ (REX System) និងអត្ថប្រយោជន៍របស់វា ព្រមទាំងការអនុវត្តលេខកូដចំនួន ១០ខ្ទង់ នៃទំនិញអង្ករសម្រាប់នាំចេញទៅទីផ្សារ EU នាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង