ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រហិតត្រី មានផ្ទុកសារធាតុគីមីហាមឃាត់ ចំនួន ០២ គីឡូក្រាម ត្រូវបានមន្ត្រីសាខាកាំកុងត្រូលអាកាសដ្ឋានអន្តរជាតិភ្នំពេញ រកឃើញ និងដកហូត

43

(រាជធានីភ្នំពេញ)៖ នៅថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលអាកាសដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការសហការចូលរួមពីមន្ត្រីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅក្នុងផ្សារសេនជូរីផ្លាស្សា ខណ្ឌសែនសុខ។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋមរួមមាន៖ ខាត់ណា ស្ពៃតឿ សាឡាដ ខ្ញីហាន់ លត មី សរសៃគុយទាវ សាច់ក្រកស៊ីភី និងប្រហិតត្រី ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញប្រហិតត្រីចំនួន ០២ គីឡូក្រាម ដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ និងបានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅដុតកម្ទេចចោលតាមនីតិវិធី។ ក្នុងថ្ងៃដដែលនោះដែរ មន្រ្តីកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង