ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ៊ុន ម៉ានី ចុះសិក្សាស្វែងយល់ពីការអភិវឌ្ឍ នៅក្នុងខេត្តកំពង់ឆ្នាំង

69


កំពង់ឆ្នាំង៖លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានចុះសិក្សាស្វែងយល់ការអភិវឌ្ឍ និងបញ្ហាប្រឈមផ្សេងៗនៅក្នុងការអនុវត្តច្បាប់នៅក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅក្នុងបេសកកម្មនេះ ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ លោក ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត។ លោក អភិបាលខេត្តកំពង់ឆ្នាំង បានរាយការណ៍ដោយសង្ខេបពីការងារដែលសម្រេចបាន ពិសេសវិស័យការងារ ដែលជាបន្ទុករបស់គណៈកម្មការ ដូចជាវិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ជាដើមនោះ។

លោក ឈួរ ច័ន្ទឌឿន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី ខេត្តកំពង់ឆ្នាំងមិនខុសពីខេត្តផ្សេងៗទូទំាងប្រទេសនោះទេ គឺទទួលបានការអភិវឌ្ឍគ្រប់វិស័យ មានដូចជាសាលារៀន វត្តអារាម ផ្លូវថ្នល់ ប្រឡាយទឹកជាដើម។ ហេដ្ឋារចនាសម្ព័ន្ធសង្គមទំាងអស់នោះបានចូលរួមចំណែកលើកកម្ពស់ជីវភាពពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃឲ្យកាន់តែប្រសើរឡើងជាលំដាប់។

ក្រៅពីការលើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាដែលមានលក្ខណៈបើកទូលាយនេះ បានផ្តល់ឱកាសដល់ លោក លោកស្រី ជាប្រធានមន្ទីរ ស្ថាប័នជុំវិញខេត្ត លើកឡើងពីផលលំបាក និងបញ្ហាប្រឈមផងដែរ។

លោក ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជា​ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពទាំងអស់ ដែលធ្វើឲ្យសម្រេចបាននូវសមិទ្ធផលជាច្រើន ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងទាំងមូល។ លោក បានកត់ត្រានិងផ្តល់ជាអនុសាសន៍ជាច្រើនក្នុងការកែលម្អរសេវាសាធារណៈឲ្យល្អប្រសើរឡើង​ ឆ្លើយតបតម្រូវការរបស់ពលរដ្ឋ និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ ចំពោះបញ្ហាប្រឈមដែលមិនទាន់អាចដោះស្រាយបាន​ លោក តំណាងរាស្រ្ត បានសន្យាថា​ នឹងពាំនាំជូនរាជរដ្ឋាភិបាលដោះស្រាយ តាមរយៈសម្តេចប្រធានរដ្ឋសភា៕


អត្ថបទដែលជាប់ទាក់ទង